Close

សង្គមស៊ីវិលនានារបស់ក្រុងស៊ិនជិនផ្តល់អំណោយដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិល ​ ដើម្បីចូលរួមចំណែកបង្កើនមូលធនបញ្ញានៅជនបទ

ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូរដ្ឋបាលក្រុងស៊ិនជិនដឹកនាំដោយលោក ស៊ុន ហ័យចុង (Sun Huaizhong) អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបរទេសនៃរដ្ឋបាលក្រុងស៊ិនជិន និងបណ្តាសង្គមស៊ីវិលនានារបស់ក្រុងស៊ិនជិន លោក វ៉ង សឺ (Wang Shi) ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិស៊ិនជិនសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានជួបពិភាក្សាការងាជាមួយឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស​.។ នៅក្នុងជំនួបនេះ ឯកឧត្តមប្រធានបានជម្រាបជូនភ្ញៀវពីកំណើនកាន់តែច្រើននៃដៃគូសហការរវាងសង្គមស៊ីវិលនានាក្នុងប្រទេសកម្ពុជារួមកម្លាំងជាមួយ វ.ស.ស. ក្នុងការបំពេញបាននូវតម្រូវការជាក់ស្តែងជូនដល់ប្រជាជនកម្ពុជានៅនឹងមូលដ្ឋាន ដែលជាពិសេសនៅជនបទ។  ឯកឧត្តមប្រធានក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអំណោយនាថ្ងៃនេះដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាក្រោមទម្រនៃគោលនយោបាយបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។លោក ស៊ុន ហ័យចុង (Sun Huaizhong) បានជម្រាបថា ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា ប្រទេសចិនតែងបានរួមសុខរួមទុក្ខ ហើយខិតខំរួមគ្នាក្នុងកិច្ចកសាងសហគមន៍រួមវាសនារវាងប្រទេសយើងទាំងពីរក្នុងយុគសម័យថ្មី។ដោយឡែក លោក វ៉ង សឺ (Wang Shi) ក៏បានជម្រាបថា អំណោយថ្ងៃនេះដែលបានផ្តល់ជូនដល់ វ.ស.ស. គឺជាកម្លាំងសាមគ្គីរវាងសង្គមស៊ីវិល និងបណ្តាសហគ្រាសនានានៅក្នុងក្រុងស៊ិនជិន ដើម្បីចូលរួមបង្កើនកិច្ចសហការជាមួយវ.ស.ស. ក្នុងការចូលរួមចំណែកតភ្ជាប់ដួងចិត្តរវាងប្រជាជន និងប្រជាជននៃប្រទេសយើងទាំងពីរ។

អានបន្ត

ពិធីជប់លៀងស្វាគមន៍គណៈប្រតិភូរដ្ឋបាលក្រុងស៊ិនជិន និងបណ្តាវិនិយោគិនចិន

[ភ្នំពេញ] នាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣   ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានអញ្ជើញរៀបចំជប់លៀងស្វាគមន៍គណៈប្រតិភូរដ្ឋបាលក្រុងស៊ិនជិន និងបណ្តាវិនិយោគិនចិន ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា។ថ្លែងនៅក្នុងពិធីជប់លៀងស្វាគមន៍នេះ  ឯកឧត្តមប្រធានបានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់គណៈប្រតិភូចិន ដែលតែងតែយកចិត្តទុកដាក់ និងបន្តគាំទ្រ វ.ស.ស.ជានិច្ច មិនថាកាលៈទេសៈក្នុងកំឡុងពេលកូវីដ និងក្រោយវិបត្តិកូវីដ ១៩ក្តី ហើយថ្ងៃនេះគឺជាសក្ខីភាពនៃការអញ្ជើញមកទស្សនកិច្ចនេះ ក៏បង្ហាញឲ្យឃើញនូវការពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ជាពិសេសក្នុងក្របខ័ណ្ឌសង្គមស៊ីវិលរបស់ប្រទេសទាំងពីរឲ្យកាន់តែស្និទ្ធស្នាលផងដែរ។

អានបន្ត

ពិធីប្រគល់-ទទួលបណ្ណាល័យមិត្តភាពកម្ពុជា-ចិន

កំពង់ចាម៖ ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាប្រសូត្រ ស្ថិតនៅក្នុងភូមិប្រសូត្រ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម មានរៀបចំកម្មវិធីប្រគល់-ទទួលបណ្ណាល័យមិត្តភាពកម្ពុជា-ចិន ដែលជាអំណោយរបស់ស្ថានទូតចិនប្រចាំកម្ពុជាតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាវេទិកាសម្ព័ន្ធសង្គមស៊ីវិល  លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធាននាយកដ្ឋានផែនការនិងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានថ្លែងទៅកាន់គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាន ថា ក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទំនាក់ទំនងរវាងកម្ពុជានិងចិនកាន់តែរឹងមាំ ដែលបានផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រទេសយើងទាំងពីរ កម្ពុជានិងចិន។ដោយឡែក ការកែលម្អបណ្ណាល័យជូនដល់សាលាបឋមសិក្សាប្រសូត្រគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតសម្រាប់បម្រើជូនដោយផ្ទាល់ដល់សិស្សានុសិស្សចំនួន២៣៥នាក់ ដែលកំពុងសិស្សា ហើយក៏ជាការផ្តល់ឱកាសដល់មហាជននានានៅក្នុងភូមិប្រសូត្រនិយាយដោយឡែក នៅក្នុងឃុំជើងព្រៃនិយាយរួមមកកំសាន្តតាមរយៈអំណានសៀវភៅជាច្រើននៅទីនេះផងដែរ។ ឆ្លៀតក្នុងឱកាសនោះ  ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ លោកបណ្ឌិត ជា មុនីឫទ្ធិ បានថ្លែងអំណរគុណចំពោះស្ថានទូតចិនប្រចាំកម្ពុជាដែលជានិច្ចកាលតែងបានគាំទ្រដល់បេសកកម្មការងាររបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងការចូលរួមអភិវឌ្ឍនៅជនបទដើម្បីបំពេញបានតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជានៅនឹងមូលដ្ឋាន និងបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមរបស់គណៈគ្រប់គ្រង អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ដែលបានជួយជ្រោមជ្រែងដល់ការអនុវត្តសកម្មភាពកែលម្អបណ្ណាល័យនេះ។ក្នុងនាមគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលនិងសិស្សានុសិស្ស លោក ផ្លូច ផា នាយកសាលាប្រសូត្រ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយជាមួយនិងសមិទ្ធផលដ៏ថ្លៃថ្លាដែលជាជំនួយរបស់ស្ថានទូតចិនប្រចាំកម្ពុជាតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលនេះ ហើយលោកនឹងបន្តថែរក្សាបណ្ណាល័យនេះដោយចាត់ទុកជាថ្នាលមិត្តភាពរវាងប្រជាជននៃប្រទេសយើងទាំងពីរ។ កុមារី ស៊ិញ  គីមឡេង  រៀនថ្នាក់ទី៦ បានញញឹមពោរពេញដោយក្តីសង្ឃឹមលើការសិក្សារបស់ខ្លួនដែលទើបមានបណ្ណាល័យថ្មីស្រស់ស្អាតគួរជាទីមនោរម្យដែលជាអំណោយរបស់មិត្តចិន ហើយនាងនិងសិស្សានុសិស្សដទៃទៀតតែងបានចំណាយពេលវេលាមកអានសៀវភៅល្អៗជាច្រើននៅក្នុងបណ្ណាល័យដើម្បីទទួលបានចំណេះដឹងបន្ថែមលើការសិក្សារបស់ខ្លួន។

អានបន្ត

ជំនួបសម្តែងការគួរសមរបស់គណៈប្រតិភូ សមាគមថ្នាលយុវជនកម្ពុជា

នាព្រឹកថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ វ.ស.ស. បានទទួលជំនួបសម្តែងការគួរសមពីគណៈប្រតិភូ សមាគមថ្នាលយុវជនកម្ពុជា នៅអគារទីស្តីការគណៈរដ្ឋមន្រ្តី ដែលជំនួបនេះមានគោលបំណងស្វែងយល់បន្ថែមពីសាវតា បេសកកម្ម គោលបំណងរបស់ វ.ស.ស. រួមទាំងបទបង្ហាញពីទិសដៅ គោលបំណង និងសកម្មភាពរបស់សមាគមថ្នាលយុវជនកម្ពុជា ជូនឯកឧត្តមប្រធាន និងថ្នាក់ដឹកនាំ វ.ស.ស. និងការពិនិត្យលទ្ធភាពស្នើសុំចូលជាសមាជិករបស់ វ.ស.ស. ដែលជាការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព ស្របតាម « យុទ្ធសាស្រ្តបញ្ចកោណ » ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលបានចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

អានបន្ត

ញត្តិគាំទ្រគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត»

វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងបណ្តាញអង្គការសង្គមស៊ីវិលដែលជាដៃគូសហប្រតិបត្តិការ សូមប្រកាស​គាំទ្រ​​​យ៉ាង​ពេញ​ទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្ម ច្បាប់បោះឆ្នោត ដែលជាការចាំបាច់ដើម្បីកែទម្រង់ ‹‹សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត›› ក្នុងគោលបំណងពង្រឹង ការទទួលខុសត្រូវរបស់មេដឹកនាំនយោបាយ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលមានបំណងចង់ ឈរឈ្មោះឱ្យគេបោះឆ្នោត តាមរយៈការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីយកិច្ចរបស់ ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិនៅក្នុងសង្គមប្រជាធិបតេយ្យ។គំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ ‹‹សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត›› គឺស្របទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា និងជាការចាំបាច់ដើម្បីចៀសវាងការនិយាយ ចុះឡើងក្រៅអំពីបញ្ហាផ្លូវច្បាប់។ អ្នកដែលមានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋល្អរបស់ជាតិ ក្នុងសង្គមប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិ បោះឆ្នោត ក្នុងន័យនេះ អ្នកដែលមិនបានបោះឆ្នោត ដោយគ្មានមូលហេតុសមរម្យតាមផ្លូវច្បាប់ នឹងត្រូវចាត់ទុកថា បានបាត់បង់នូវលក្ខខណ្ឌក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត។   ​ជាថ្មីម្តងទៀត វ.ស.ស. និងបណ្តាញអង្គការសង្គមស៊ីវិលដែលជាដៃគូសហប្រតិបត្តិការ សូមគាំទ្រទាំងស្រុង​នូវប្រសាសន៍ និងការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់ និងសូមសម្តែងនូវកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅចំពោះ​​​រាជរដ្ឋាភិបាល​​កម្ពុជា ក្រោមការដឹកនាំ​ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ​របស់ ​សម្តេច​​​អគ្គ​មហា​​​​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ ដែលបានដឹកនាំមាតុភូមិកម្ពុជាឱ្យមាន​សុខសន្តិភាព​ពេញ​លេញ និង​ការរីកចម្រើន​លើ​គ្រប់វិស័យ ក្រោមដំបូល​នៃរដ្ឋធម្មនុញ្ញ​ និងក្រោមម្លប់​​ដ៏​ត្រជាក់​នៃ អង្គ​ព្រះមហាក្សត្រ​ ជាទី​គោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត។

អានបន្ត