Close

វេទិកាសម្ព័ន្ធសង្គមស៊ីវិលបន្តចែកបន្ថែមសម្ភារៈសិក្សាចំនួន ៣០,០៥៦កញ្ចប់​ ដល់សិស្សានុសិស្សកម្ពុជាចំនួន​៦ខេត្ត

តាកែវ៖ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាបន្ទាយត្រាវ ឃុំកណ្តឹង ស្រុកបាទី មានរៀបចំកម្មវិធីប្រគល់-ទទួលអំណោយ៣០,០៥៦កញ្ចប់ផេនដាពីមូលនិធិចិនដើម្បីអភិវឌ្ឍជនបទប្រគល់ជូនដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិលដើម្បីចែកជូនដល់សិស្សានុសិស្សចំនួន១១២សាលានៅក្នុងរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ធំ។ថ្លែងទៅកាន់អង្គពិធីដោយរួមមានសិស្សានុសិស្សដែលពោរពេញដោយក្តីសប្បាយរីករាយយ៉ាងខ្លាំង លោក Wang Haoyu តំណាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទបានជម្រាបជូនពីសាវតាររបស់មូលនិធិដែលបានបង្កើតតាំងពីឆ្នាំ១៩៨៩ ហើយចាប់តាំងពីឆ្នាំ២០១៨មក មូលនិធិបានសហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងការផ្តល់ជូននូវសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅទូទាំងប្រទេសកម្ពុជា។ សម្ភារៈសិក្សាទាំងនេះរួមមានកាតាប ប៊ិក ខ្មៅដៃ ជ័រលុប ហ្វឺត បន្ទាត់ និងសម្ភារៈឧបទ្ទេសជាច្រើនទៀត។ រយៈពេល៥ឆ្នាំកន្លងមកនេះ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល សម្ភារៈសិក្សាចំនួនជាង១៨ម៉ឺនកញ្ចប់ដែលជាអំណោយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទបានចែកដល់សិស្សានុសិស្សនៅទូទាំងប្រទេសកម្ពុជា។ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះជំនួយដ៏ថ្លៃថ្លារបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទដែលជាដៃគូដ៏សំខាន់មួយក្នុងការផ្តល់សម្ភារៈសិក្សាដល់សិស្សានុសិស្សក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សដោយផ្តោតជាសំខាន់ចាប់ពីថ្នាក់មត្តេយ្យឡើងទៅ។​ឯកឧត្តមបានបន្តលើកទឹកចិត្តដល់សង្គមស៊ីវិលរបស់ប្រទេសចិននិយាយរួម ដល់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទនិយាយដោយឡែកក្នុងកិច្ចបង្កើនការសហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលលើការអនុវត្តគម្រោងនានាដែលជាប្រយោជន៍ដល់ការចូលរួមអភិវឌ្ឍសង្គមកម្ពុជា។ ឯកឧត្តមបានចាត់ទុកថាអំណោយ៣០០៥៦កញ្ចប់នាថ្ងៃនេះជាសក្ខីភាពបន្ថែមទៀតចំនួន៣គឺ ១-ការចូលរួមបង្កើនទាំងបរិមាណ ទាំងគុណភាពសិក្សាដល់សិស្សានុសិស្សកម្ពុជា ២-ការចូលរួមពង្រឹងនិងពង្រីកប្រពៃណីទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន និង៣-ការចូលរួមអបអរសាទរខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន។ ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានលើកទឹកចិត្តដល់អាណាព្យាបាលសិស្ស ដល់ប្រជាជនដែលមានសិទ្ធិបោះឆ្នោតទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា និងចូលរួមសាមគ្គីគ្នាជាកម្លាំងថែរក្សាឱ្យបានគង់វង្សនូវសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។

អានបន្ត

ដំណើរទស្សនកិច្ចនៅភូមិតានន និងសាលាបឋមសិក្សាអង្គកំណប់ របស់គណៈប្រតិភូមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD)

(តាកែវ)៖ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ក្រោមការដឹកនាំដោយឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សា វ.ស.ស. អគ្គលេខាធិការង ចំនួន ៣រូប រួមទាំងមន្រ្តី វ.ស.ស. បានសម្របសម្រួលរៀបចំដំណើរទស្សនកិច្ច របស់គណៈប្រតិភូមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) ដឹកនាំដោយឯកឧត្តម Xu Jianguo និងមន្រ្តីអមដំណើរចំនួន ៥រូបទៀត ដើម្បីពិនិត្យមើលវឌ្ឍនភាពរបស់ «គម្រោងមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រនៅភូមិតានន» និងសមិទ្ធិផលនានា ក្រោមជំនួយឧបត្ថម្ភរបស់ CFPD ។ក្នុងកំឡុងពេលដំណើរទស្សនកិច្ចនេះ គណៈប្រតិភូរបស់ CFPD បានពិនិត្យមើលប្រព័ន្ធទឹកស្អាត ស្រះផលិតទឹកស្អាត សម្រាប់ផ្គត់ផ្គង់ជួនប្រជាជនក្នុងភូមិ ផ្លូវនៅក្នុងភូមិតានន និងប្រព័ន្ធសូឡា សម្រាប់បំភ្លឺផ្លូវពេលយប់។ បន្ទាប់មក គណៈប្រតិភូរបស់ CFPD បានបន្តដំណើរទៅពិនិត្យអគារសិក្សារបស់សាលាបឋមសិក្សាអង្គកំណប់ ស្ថិតនៅភូមិស្វាយខម ដែលទទួលជំនួយមូលនិធិសាងសង់ពី CFPD។ ក្រោយពីបានពិនិត្យមើលអគារសិក្សា បរិវេនសាលា និងការសិក្សារបស់សិស្សានុសិស្ស គណៈប្រតិភូរបស់ CFPD និងវ.ស.ស. បានជួបប្រជុំពិភាក្សាគ្នា នៅក្នុង បណ្ណាល័យរបស់សាលាបឋមសិក្សាអង្គកំណប់។ ក្នុងកិច្ចប្រជុំនេះឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ជាប្រធានក្រុមប្រឹក្សា វ.ស.ស.បានថ្លែងអំណរគុណដល់ CFPD ដែលបានផ្តល់មូលនិធិដល់គម្រោងអភិវឌ្ឍន៍ក្នុងភូមិតានន គម្រោងសង់អគារសិក្សា និងជំនួយផ្សេងៗទៀត ដែលបានអនុវត្តគន្លងមក។ ឯកឧត្តមប្រធានក្រុមប្រឹក្សា វ.ស.ស.ក៏បានស្នើសុំដល់ គណៈប្រតិភូរបស់ CFPD បន្តផ្តល់មូលនិធិនូវគម្រោងមួយចំនួន ដែលមិនទាន់បានអនុវត្តនៅឡើយ ដូចជាគម្រោងលើកកម្ពស់ជីវភាព (ដាំបន្លែ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី…) ការផលិតជីកំប៉ុស ដែលជាគម្រោងដ៏សំខាន់ ស្របតាមស្ថានភាពជាក់ស្តែង ដែលកម្ពុជាស្ថិតក្នុងដំណើរស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ១៩។គណៈប្រតិភូ CFPD បានបង្ហាញពីការសប្បាយចិត្ត ដោយបានពិនិត្យឃើញផ្ទាល់នូវវឌ្ឍនភាពរបស់គម្រោងគួរឲ្យកត់សម្គាល់ ដោយប្រៀបធៀបការធ្វើដំណើរទស្សនកិច្ចក្នុងភូមិ លើកដំបូង ផ្លូវពិបាកធ្វើដំណើរ ប្រលាក់ភក់ និងមិនមានសោភ័ណភាព ប៉ុន្តែនាពេល បច្ចុប្បន្ននេះ ភូមិតាននបានកែប្រែមុខមាត់ថ្មី ដោយមានផ្លូវបេតុងយ៉ាងស្រស់ស្អាត មានបំពាក់អំពូលភ្លើងបំភ្លឺពេលរាត្រី និងប្រព័ន្ធទឹកស្អាត សម្រាប់ប្រជាជនផងដែរ។ គណៈប្រតិភូ CFPD បានទទួលយកនូវសំណើរគម្រោងរបស់ វ.ស.ស. និងពិនិត្យឡើងវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនេះ។

អានបន្ត

កិច្ចប្រជុំពិភាក្សាជាមួយប្រធានបណ្តាញសង្គមស៊ីវិល តាមបណ្តារាជធានី-ខេត្ត

នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វ.ស.ស. បានសម្របសម្រួលរៀបចំកិច្ចប្រជុំពិភាក្សាជាមួយប្រធានបណ្តាញសង្គមស៊ីវិល តាមបណ្តារាជធានី-ខេត្ត ក្រោមអធិបតី ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុន្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. ដែលប្រព្រឹត្តទៅនៅទីស្តីការគណៈរដ្ឋមន្រ្តី។ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមប្រធានបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណដល់បណ្តាអង្គការសង្គមស៊ីវិល ជាប្រធានបណ្តាញអង្គមស៊ីវិលនៅតាមរាជធានី-ខេត្ត ដែលបានចំណាយពេលវេលាចូលរូម និងចែករំឡែកនូវបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយនានា ដែលប្រធានបណ្តាញទាំងអស់បានជួយប្រទះក្នុងកំឡុងពេលសម្របសម្រួលបណ្តាញរបស់ខ្លួននៅថ្នាក់មូលដ្ឋាន។ ក្រោយជំនួបប្រជុំពិភាក្សានេះបានបញ្ចប់ ឯកឧត្តមប្រធានសង្ឃឹមថា ប្រធានបណ្តាញអង្គមស៊ីវិលទាំងអស់នឹងយល់ច្បាស់ពីតួនាទី និងភារកិច្ចរបស់ខ្លួនកាន់តែប្រសើរឡើង ជាពិសេសពួកគាត់នឹងក្លាយជាតួអង្គដ៏សំខាន់ក្នុងការសម្របសម្រួល បង្កើនភាពជិតស្និទ និងកិច្ចការល្អជាមួយអង្គការ សមាគម និងសហគមន៍ ដែលជាសមាជិករបស់ វ.ស.ស.។គួរបញ្ជាក់ផងដែរថា ការចងក្រងប្រធានបណ្តាញអង្គការសង្គមស៊ីវិលនៅតាមបណ្តារាជធានី-ខេត្ត គឺជាយន្តការថ្មីមួយរបស់ វ.ស.ស. ក្នុងការពង្រឹងសមត្ថភាព និងសហប្រតិបត្តិការកាន់តែប្រសើររវាងប្រធានបណ្តាញអង្គការសង្គមស៊ីវិលថ្នាក់ខេត្ត និងនៅតាមមូលដ្ឋាន ដើម្បីឆ្លើយតបកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព រាល់បញ្ហាប្រឈមនានា ដែលអង្គការសង្គមស៊ីវិល ជាសមាជិករបស់ វ.ស.ស. បានជួបប្រទះនាពេលកន្លងមក។

អានបន្ត

លោក កឹមរ័ត្ន វិសិដ្ឋ និងលោក Wang Wentian ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងជីកអណ្តូងទឹកស្អាត មិត្តភាពនៅលើផ្លូវសូត្រកម្ពុជា-ចិន នៅស្រុកបាទី ខេត្តតាកែវ

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅក្នុងបរិវេណវិទ្យាល័យ ១មិថុនា ស្ថិតក្នុងឃុំពារាម ស្រុកបាទី ខេត្តតាកែវ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងលោក Wang​Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ លោក លី សាវ៉េត អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកបាទី បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អណ្តូងទឹកស្អាត ចំនួន ២០០ គិតជាទឹកប្រាក់ចំនួន ៤៤០,០០០ដុល្លារអាមេរិក ដែលជាជំនួយរបស់ប្រជាជនចិន តាមរយៈមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ដែលកំពុងដំណើរការសាងសង់ជូនប្រជាជននៅស្រុកបាទី និងស្រុកបូរីជលសារ។ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋអ្នកទទួលផល និងសិស្សានុសិស្ស ប្រមាណ ៥០០នាក់ លោក​ កឹមរ័ត្ន វិសិដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនចិន និង មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លានេះ ឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះនូវការខ្វះខាតទឹកស្អាតប្រើប្រាស់។ កាយវិការដ៏ថ្លៃថ្លានេះ ជាសក្ខីភាពនៃកិច្ចប្រឹងប្រែងរឹតចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃទំនាក់ទំនងកម្ពុជា និងចិន។លោកបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តតាកែវ និងរដ្ឋបាលស្រុកបាទី ក៏ដូចជារដ្ឋបាលស្រុកបូរីជលសារ ដែលតែងតែផ្តល់ការសហការ និងការគាំទ្រយ៉ាងយកចិត្តទុកដាក់ដល់ដំណើរការរៀបចំ និងអនុវត្តគម្រោងនេះ និងបានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋអ្នកទទួលផល ព្រមទាំងអាជ្ញាធរភូមិ ឃុំ ខិតខំថែរក្សាសមិទ្ធផលអណ្តូងទឹកស្អាតទាំងនេះ ឱ្យប្រើបានយូរអង្វែង។បន្ទាប់ពីពិធីសំណេះសំណាលបានបញ្ចប់ គណៈប្រតិភូបានអញ្ជើញទៅពិនិត្យមើលអណ្តូងទឹកស្អាត មិត្តភាពនៅលើផ្លូវសូត្រកម្ពុជា-ចិន ដែលកំពុងសាងសង់នៅក្នុងទីធ្លាវិទ្យាល័យ ១មិថុនា និងអណ្តូង ដែលបានសាងសង់រួច ស្ថិតនៅភូមិប្រមូលសុខ ឃុំដូង ស្រុកបាទី​ ខេត្តតាកែវ៕

អានបន្ត

វេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះជំហរដ៏ម៉ឺងម៉ាត់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការការពារអធិបតេយ្យជាតិកម្ពុជា

លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ព្រមទាំងមន្ត្រីរាជការទាំងអស់នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ បានចេញញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេស ព្រោះតែជំនួយនោះឡើយ។ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ក៏បានប្រកាសថ្កោលទោស ប្រឆាំងដាច់ខាត ចំពោះបុគ្គលឬក្រុមទាំងឡាយណា ដែលមានគោលជំហរឬនិន្នាការផ្ទុយ ហើយព្រមឱនក្បាលរណបជាមួយបរទេស ដើម្បីជំនួយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យផងដែរ៕

អានបន្ត

លោក កឹមរ័ត្ន វិសិដ្ឋ៖ អ្នកសង្កេតការណ៍អន្តរជាតិសុទ្ធតែអ្នកមានបទពិសោធន៍ក្នុងការសង្កេតការណ៍បោះឆ្នោតនៅក្នុងបណ្តាប្រទេសនានាលើពិភពលោក

លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានគូសបញ្ជាក់ថា អ្នកសង្កេតការណ៍អន្តរជាតិទាំង​២២០នាក់តាំងឱ្យអង្គការស្ថាប័ន និងតំណាងប្រទេសចំនួន៥២ នៃទ្វីបទាំង៥នៅលើពិភពលោកសុទ្ធតែអ្នកមានបទពិសោធន៍ក្នុងការសង្កេតការណ៍បោះឆ្នោតនៅក្នុងបណ្តាប្រទេសនានាលើពិភពលោក។ លោកបានថ្លែងដូចនេះ នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងពិធីផ្តល់ព័ត៌មានដល់អ្នក​សារព័ត៌មាន អំពីកា​រចូលរួមរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។លោក កឹមរ័ត្ន វិសិដ្ឋ បានបន្ថែមថា អ្នកសង្កេតការណ៍អន្តរជាតិទាំង​នោះ អញ្ជើញមកចូលរួមសង្កេតការណ៍នៅកម្ពុជាតាមរយៈគោលការណ៍ស្ម័គ្រចិត្ត មានឯករាជ្យភាពរបស់ខ្លួន និងមានសិទ្ធិគ្រប់គ្រាន់ក្នុងការថ្លែងនូវអ្វីដែលជាការពិតដែលគេបានសង្កេតការណ៍ដោយផ្ទាល់។គួរបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ មានក្រុមអ្នកសង្កេត​ការណ៍​ជាតិ​ចំនួន ១ ០៣៦នាក់មកពី៩៣ អង្គការ សមាគមនៅទូទាំងរាជធានី ខេត្ត និងក្រុមអ្នកសង្កេត​ការណ៍​អន្តរជាតិ​ចំនួន ២២០នាក់តាំងឱ្យអង្គការស្ថាប័ន និងតំណាងប្រទេសចំនួន៥២ នៃទ្វីបទាំង៥នៅលើពិភពលោកនឹងចូលរួមសង្កេតការណ៍បោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ក្រៅពីការចុះសង្កេតការណ៍ដោយផ្ទាល់តាមការិយាល័យបោះឆ្នោតនានា ក្នុងរាជធានីភ្នំពេញ​ និងតាមបណ្តាខេត្ត ក្រុមអ្នកសង្កេតការណ៍អន្តរជាតិក៏នឹងគ្រោងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃស្ថាប័នកំពូលមួយចំនួនព្រមទាំងជួបពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធផ្សេងៗ។បន្ទាប់ពីបញ្ចប់ការងារសង្កេតការណ៍បោះឆ្នោត ក្រុមអ្នកសង្កេតការណ៍អន្តរជាតិគ្រោងនឹងធ្វើសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ចំណែកក្រុមអ្នកសង្កេតការណ៍ជាតិគ្រោងនឹងធ្វើសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីបង្ហាញពីការពិតនូវដំណើរការបោះឆ្នោតក្នុងនាមជាសាក្សីដែលបានចុះទៅសង្កេតការណ៍ដោយផ្ទាល់នៅតាមការិយាល័យបោះឆ្នោតនានាផងដែរ៕

អានបន្ត