កិច្ចប្រជុំពិភាក្សាជាមួយប្រធានបណ្តាញសង្គមស៊ីវិល តាមបណ្តារាជធានី-ខេត្ត
នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វ.ស.ស. បានសម្របសម្រួលរៀបចំកិច្ចប្រជុំពិភាក្សាជាមួយប្រធានបណ្តាញសង្គមស៊ីវិល តាមបណ្តារាជធានី-ខេត្ត ក្រោមអធិបតី ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុន្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. ដែលប្រព្រឹត្តទៅនៅទីស្តីការគណៈរដ្ឋមន្រ្តី។ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមប្រធានបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណដល់បណ្តាអង្គការសង្គមស៊ីវិល ជាប្រធានបណ្តាញអង្គមស៊ីវិលនៅតាមរាជធានី-ខេត្ត ដែលបានចំណាយពេលវេលាចូលរូម និងចែករំឡែកនូវបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយនានា ដែលប្រធានបណ្តាញទាំងអស់បានជួយប្រទះក្នុងកំឡុងពេលសម្របសម្រួលបណ្តាញរបស់ខ្លួននៅថ្នាក់មូលដ្ឋាន។ ក្រោយជំនួបប្រជុំពិភាក្សានេះបានបញ្ចប់ ឯកឧត្តមប្រធានសង្ឃឹមថា ប្រធានបណ្តាញអង្គមស៊ីវិលទាំងអស់នឹងយល់ច្បាស់ពីតួនាទី និងភារកិច្ចរបស់ខ្លួនកាន់តែប្រសើរឡើង ជាពិសេសពួកគាត់នឹងក្លាយជាតួអង្គដ៏សំខាន់ក្នុងការសម្របសម្រួល បង្កើនភាពជិតស្និទ និងកិច្ចការល្អជាមួយអង្គការ សមាគម និងសហគមន៍ ដែលជាសមាជិករបស់ វ.ស.ស.។គួរបញ្ជាក់ផងដែរថា ការចងក្រងប្រធានបណ្តាញអង្គការសង្គមស៊ីវិលនៅតាមបណ្តារាជធានី-ខេត្ត គឺជាយន្តការថ្មីមួយរបស់ វ.ស.ស. ក្នុងការពង្រឹងសមត្ថភាព និងសហប្រតិបត្តិការកាន់តែប្រសើររវាងប្រធានបណ្តាញអង្គការសង្គមស៊ីវិលថ្នាក់ខេត្ត និងនៅតាមមូលដ្ឋាន ដើម្បីឆ្លើយតបកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព រាល់បញ្ហាប្រឈមនានា ដែលអង្គការសង្គមស៊ីវិល ជាសមាជិករបស់ វ.ស.ស. បានជួបប្រទះនាពេលកន្លងមក។
អានបន្តលោក កឹមរ័ត្ន វិសិដ្ឋ និងលោក Wang Wentian ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងជីកអណ្តូងទឹកស្អាត មិត្តភាពនៅលើផ្លូវសូត្រកម្ពុជា-ចិន នៅស្រុកបាទី ខេត្តតាកែវ
នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅក្នុងបរិវេណវិទ្យាល័យ ១មិថុនា ស្ថិតក្នុងឃុំពារាម ស្រុកបាទី ខេត្តតាកែវ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងលោក WangWentian ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ លោក លី សាវ៉េត អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកបាទី បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អណ្តូងទឹកស្អាត ចំនួន ២០០ គិតជាទឹកប្រាក់ចំនួន ៤៤០,០០០ដុល្លារអាមេរិក ដែលជាជំនួយរបស់ប្រជាជនចិន តាមរយៈមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ដែលកំពុងដំណើរការសាងសង់ជូនប្រជាជននៅស្រុកបាទី និងស្រុកបូរីជលសារ។ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋអ្នកទទួលផល និងសិស្សានុសិស្ស ប្រមាណ ៥០០នាក់ លោក កឹមរ័ត្ន វិសិដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនចិន និង មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លានេះ ឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះនូវការខ្វះខាតទឹកស្អាតប្រើប្រាស់។ កាយវិការដ៏ថ្លៃថ្លានេះ ជាសក្ខីភាពនៃកិច្ចប្រឹងប្រែងរឹតចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃទំនាក់ទំនងកម្ពុជា និងចិន។លោកបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តតាកែវ និងរដ្ឋបាលស្រុកបាទី ក៏ដូចជារដ្ឋបាលស្រុកបូរីជលសារ ដែលតែងតែផ្តល់ការសហការ និងការគាំទ្រយ៉ាងយកចិត្តទុកដាក់ដល់ដំណើរការរៀបចំ និងអនុវត្តគម្រោងនេះ និងបានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋអ្នកទទួលផល ព្រមទាំងអាជ្ញាធរភូមិ ឃុំ ខិតខំថែរក្សាសមិទ្ធផលអណ្តូងទឹកស្អាតទាំងនេះ ឱ្យប្រើបានយូរអង្វែង។បន្ទាប់ពីពិធីសំណេះសំណាលបានបញ្ចប់ គណៈប្រតិភូបានអញ្ជើញទៅពិនិត្យមើលអណ្តូងទឹកស្អាត មិត្តភាពនៅលើផ្លូវសូត្រកម្ពុជា-ចិន ដែលកំពុងសាងសង់នៅក្នុងទីធ្លាវិទ្យាល័យ ១មិថុនា និងអណ្តូង ដែលបានសាងសង់រួច ស្ថិតនៅភូមិប្រមូលសុខ ឃុំដូង ស្រុកបាទី ខេត្តតាកែវ៕
អានបន្តវេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះជំហរដ៏ម៉ឺងម៉ាត់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការការពារអធិបតេយ្យជាតិកម្ពុជា
លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ព្រមទាំងមន្ត្រីរាជការទាំងអស់នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ បានចេញញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេស ព្រោះតែជំនួយនោះឡើយ។ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ក៏បានប្រកាសថ្កោលទោស ប្រឆាំងដាច់ខាត ចំពោះបុគ្គលឬក្រុមទាំងឡាយណា ដែលមានគោលជំហរឬនិន្នាការផ្ទុយ ហើយព្រមឱនក្បាលរណបជាមួយបរទេស ដើម្បីជំនួយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យផងដែរ៕
អានបន្តលោក កឹមរ័ត្ន វិសិដ្ឋ៖ អ្នកសង្កេតការណ៍អន្តរជាតិសុទ្ធតែអ្នកមានបទពិសោធន៍ក្នុងការសង្កេតការណ៍បោះឆ្នោតនៅក្នុងបណ្តាប្រទេសនានាលើពិភពលោក
លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានគូសបញ្ជាក់ថា អ្នកសង្កេតការណ៍អន្តរជាតិទាំង២២០នាក់តាំងឱ្យអង្គការស្ថាប័ន និងតំណាងប្រទេសចំនួន៥២ នៃទ្វីបទាំង៥នៅលើពិភពលោកសុទ្ធតែអ្នកមានបទពិសោធន៍ក្នុងការសង្កេតការណ៍បោះឆ្នោតនៅក្នុងបណ្តាប្រទេសនានាលើពិភពលោក។ លោកបានថ្លែងដូចនេះ នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងពិធីផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មាន អំពីការចូលរួមរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។លោក កឹមរ័ត្ន វិសិដ្ឋ បានបន្ថែមថា អ្នកសង្កេតការណ៍អន្តរជាតិទាំងនោះ អញ្ជើញមកចូលរួមសង្កេតការណ៍នៅកម្ពុជាតាមរយៈគោលការណ៍ស្ម័គ្រចិត្ត មានឯករាជ្យភាពរបស់ខ្លួន និងមានសិទ្ធិគ្រប់គ្រាន់ក្នុងការថ្លែងនូវអ្វីដែលជាការពិតដែលគេបានសង្កេតការណ៍ដោយផ្ទាល់។គួរបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ មានក្រុមអ្នកសង្កេតការណ៍ជាតិចំនួន ១ ០៣៦នាក់មកពី៩៣ អង្គការ សមាគមនៅទូទាំងរាជធានី ខេត្ត និងក្រុមអ្នកសង្កេតការណ៍អន្តរជាតិចំនួន ២២០នាក់តាំងឱ្យអង្គការស្ថាប័ន និងតំណាងប្រទេសចំនួន៥២ នៃទ្វីបទាំង៥នៅលើពិភពលោកនឹងចូលរួមសង្កេតការណ៍បោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ក្រៅពីការចុះសង្កេតការណ៍ដោយផ្ទាល់តាមការិយាល័យបោះឆ្នោតនានា ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រុមអ្នកសង្កេតការណ៍អន្តរជាតិក៏នឹងគ្រោងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃស្ថាប័នកំពូលមួយចំនួនព្រមទាំងជួបពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធផ្សេងៗ។បន្ទាប់ពីបញ្ចប់ការងារសង្កេតការណ៍បោះឆ្នោត ក្រុមអ្នកសង្កេតការណ៍អន្តរជាតិគ្រោងនឹងធ្វើសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ចំណែកក្រុមអ្នកសង្កេតការណ៍ជាតិគ្រោងនឹងធ្វើសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីបង្ហាញពីការពិតនូវដំណើរការបោះឆ្នោតក្នុងនាមជាសាក្សីដែលបានចុះទៅសង្កេតការណ៍ដោយផ្ទាល់នៅតាមការិយាល័យបោះឆ្នោតនានាផងដែរ៕
អានបន្ត