Close

កិច្ចប្រជុំពិភាក្សាជាមួយប្រធានបណ្តាញ វ.ស.ស. ប្រចាំឆ្នាំ២០២៥

(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥    វ.ស.ស. បានសម្របសម្រួលរៀបចំកិច្ចប្រជុំពិភាក្សាជាមួយប្រធានបណ្តាញ វ.ស.ស. តាមបណ្តារាជ​ធានី-ខេត្ត  ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. ដែលប្រព្រឹត្តទៅនៅសាលប្រជុំទីស្តីការគណៈរដ្ឋមន្រ្តី។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីរបាយការណ៍សង្ខេបស្តីពីសកម្មភាព និងកិច្ចសហប្រតិបត្តិការកន្លងមករបស់ វ.ស.ស. ជាមួយអង្គការសង្គមស៊ីវិលប្រធានបណ្តាញ និងសមាជិកដៃគូ  របាយការណ៍សង្ខេបស្តីពីសកម្មភាព និងទិសដៅការងាររបស់ប្រធានបណ្តាញតាមបណ្តារាជធានី-ខេត្តនីមួយៗ  បញ្ហាប្រឈម ស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាន និងការប្រមូលធាតុចូល សម្រាប់សកម្មភាពចុះខេត្តរបស់ វ.ស.ស. សម្រាប់ឆ្នាំ២០២៥។

ជាកិច្ចចាប់ផ្តើមក្នុងកិច្ចប្រជុំនេះ  ឯកឧត្តមប្រធានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចំណាយពេលវេលារបស់ប្រធានបណ្តាញសង្គមស៊ីវិលទាំងអស់ ដែលបានចូលរួមក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ពិសេសឯកឧត្តមប្រធានបានលើកឡើងនូវស្ថាភាពល្អប្រសើរនូវសុខដុមនីយកម្មសង្គមស៊ីវិលនៅកម្ពុជា ដោយសារមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការសង្គមស៊ីវិលដែលជាបណ្តាញរបស់វ.ស.ស.ផងដែរ។

ថ្លែងក្នុងជំនួបពិភាក្សានេះ ប្រធានបណ្តាញសង្គមស៊ីវិលនៅតាមរាជធានី-ខេត្ត បានរាយការណ៍ពីសមិទ្ធផលការងាររបស់ខ្លួននាពេលកន្លងមក ដូចជាចុះផ្សព្វផ្សាយពីតួនាទី និងភារកិច្ចរបស់ វ.ស.ស. ការកៀរគរសមាជិកចូលរួមបណ្តាញរបស់ វ.ស.ស. ព្រមទាំងបញ្ហាប្រឈមនានា ដែលពួកគាត់បានជួបប្រទះក្នុងប្រតិបត្តិការការងារបស់ខ្លួន។

នៅចុងបញ្ចប់នៃកម្មវិធី  ឯកឧត្តមប្រធានបានសម្របសម្រួលបូកសរុបមតិយោបល់ បញ្ហាប្រឈម និងសំណូមពររបស់ប្រធានបណ្តាញសង្គមស៊ីវិលនៅតាមរាជធានី-ខេត្តនីមួយៗ ដោយសំណូមពរមួយចំនួន ឯកឧត្តមប្រធានបានឆ្លើយតបភ្លាមៗ ចំណែកសំណូមពរ និងមតិយោបល់មួយចំនួនទៀត វ.ស.ស. នឹងពិនិត្យលទ្ធភាព និងពិភាក្សាជាមួយស្ថាប័នជំនាញ ដើម្បីជួយស្វែងរកដោះស្រាយបញ្ហាជូនបណ្តាសង្គមស៊ីវិល ជាសមាជិករបស់ វ.ស.ស.។

ព័ត៌មានស្រដៀងគ្នា

សារលិខិតរបស់ប្រធានាធិបតី ស៊ី ជីនពីង៖ ខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព

សារលិខិតរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន​ បានរំលេចចេញនូវខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្តង់ដារខ្ពស់​ កម្រិតខ្ពស់​ និងគុណភាពខ្ពស់ រួមមានទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសកម្ពុជា-ចិន ការផ្តល់តម្លៃដល់មនោសញ្ចេតនា និងគុណធម៌ រួមសុខរួមទុក្ខ និងជួយយកអាសារគ្នាទៅវិញទៅមក សមភាព និងការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមទាំងបរិយាបន្ន និងការរៀនសូត្រពីគ្នាទៅវិញទៅមក។ អ្វីដែលជាការកត់សម្គាល់ ក្នុងសារលិខិតនេះក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពរបស់គម្រោងភូមិមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដែលជាគម្រោងនៃកិច្ចសហការរួមគ្នារវាង វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និង មូលនិធិចិនដេីម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD)។ដកស្រង់ចេញពីសារព័ត៌មាន Khmer Times: https://shorturl.at/jhURc

សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា  ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់  សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចមហា រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា  ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។