Close

វេទិកាសម្ព័ន្ធសង្គមស៊ីវិលបន្តចែកបន្ថែមសម្ភារៈសិក្សាចំនួន ៣០,០៥៦កញ្ចប់​ ដល់សិស្សានុសិស្សកម្ពុជាចំនួន​៦ខេត្ត

តាកែវ៖ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាបន្ទាយត្រាវ ឃុំកណ្តឹង ស្រុកបាទី មានរៀបចំកម្មវិធីប្រគល់-ទទួលអំណោយ៣០,០៥៦កញ្ចប់ផេនដាពីមូលនិធិចិនដើម្បីអភិវឌ្ឍជនបទប្រគល់ជូនដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិលដើម្បីចែកជូនដល់សិស្សានុសិស្សចំនួន១១២សាលានៅក្នុងរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ធំ។

ថ្លែងទៅកាន់អង្គពិធីដោយរួមមានសិស្សានុសិស្សដែលពោរពេញដោយក្តីសប្បាយរីករាយយ៉ាងខ្លាំង លោក Wang Haoyu តំណាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទបានជម្រាបជូនពីសាវតាររបស់មូលនិធិដែលបានបង្កើតតាំងពីឆ្នាំ១៩៨៩ ហើយចាប់តាំងពីឆ្នាំ២០១៨មក មូលនិធិបានសហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងការផ្តល់ជូននូវសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅទូទាំងប្រទេសកម្ពុជា។ សម្ភារៈសិក្សាទាំងនេះរួមមានកាតាប ប៊ិក ខ្មៅដៃ ជ័រលុប ហ្វឺត បន្ទាត់ និងសម្ភារៈឧបទ្ទេសជាច្រើនទៀត។ រយៈពេល៥ឆ្នាំកន្លងមកនេះ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល សម្ភារៈសិក្សាចំនួនជាង១៨ម៉ឺនកញ្ចប់ដែលជាអំណោយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទបានចែកដល់សិស្សានុសិស្សនៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះជំនួយដ៏ថ្លៃថ្លារបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទដែលជាដៃគូដ៏សំខាន់មួយក្នុងការផ្តល់សម្ភារៈសិក្សាដល់សិស្សានុសិស្សក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សដោយផ្តោតជាសំខាន់ចាប់ពីថ្នាក់មត្តេយ្យឡើងទៅ។​

ឯកឧត្តមបានបន្តលើកទឹកចិត្តដល់សង្គមស៊ីវិលរបស់ប្រទេសចិននិយាយរួម ដល់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទនិយាយដោយឡែកក្នុងកិច្ចបង្កើនការសហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលលើការអនុវត្តគម្រោងនានាដែលជាប្រយោជន៍ដល់ការចូលរួមអភិវឌ្ឍសង្គមកម្ពុជា។ ឯកឧត្តមបានចាត់ទុកថាអំណោយ៣០០៥៦កញ្ចប់នាថ្ងៃនេះជាសក្ខីភាពបន្ថែមទៀតចំនួន៣គឺ ១-ការចូលរួមបង្កើនទាំងបរិមាណ ទាំងគុណភាពសិក្សាដល់សិស្សានុសិស្សកម្ពុជា ២-ការចូលរួមពង្រឹងនិងពង្រីកប្រពៃណីទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន និង៣-ការចូលរួមអបអរសាទរខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន។ ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានលើកទឹកចិត្តដល់អាណាព្យាបាលសិស្ស ដល់ប្រជាជនដែលមានសិទ្ធិបោះឆ្នោតទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា និងចូលរួមសាមគ្គីគ្នាជាកម្លាំងថែរក្សាឱ្យបានគង់វង្សនូវសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។

ព័ត៌មានស្រដៀងគ្នា

សារលិខិតរបស់ប្រធានាធិបតី ស៊ី ជីនពីង៖ ខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព

សារលិខិតរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន​ បានរំលេចចេញនូវខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្តង់ដារខ្ពស់​ កម្រិតខ្ពស់​ និងគុណភាពខ្ពស់ រួមមានទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសកម្ពុជា-ចិន ការផ្តល់តម្លៃដល់មនោសញ្ចេតនា និងគុណធម៌ រួមសុខរួមទុក្ខ និងជួយយកអាសារគ្នាទៅវិញទៅមក សមភាព និងការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមទាំងបរិយាបន្ន និងការរៀនសូត្រពីគ្នាទៅវិញទៅមក។ អ្វីដែលជាការកត់សម្គាល់ ក្នុងសារលិខិតនេះក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពរបស់គម្រោងភូមិមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដែលជាគម្រោងនៃកិច្ចសហការរួមគ្នារវាង វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និង មូលនិធិចិនដេីម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD)។ដកស្រង់ចេញពីសារព័ត៌មាន Khmer Times: https://shorturl.at/jhURc

សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា  ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់  សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចមហា រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា  ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។