Close

លោក កឹមរ័ត្ន វិសិដ្ឋ និងលោក Wang Wentian ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងជីកអណ្តូងទឹកស្អាត មិត្តភាពនៅលើផ្លូវសូត្រកម្ពុជា-ចិន នៅស្រុកបាទី ខេត្តតាកែវ

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅក្នុងបរិវេណវិទ្យាល័យ ១មិថុនា ស្ថិតក្នុងឃុំពារាម ស្រុកបាទី ខេត្តតាកែវ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងលោក Wang​Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ លោក លី សាវ៉េត អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកបាទី បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អណ្តូងទឹកស្អាត ចំនួន ២០០ គិតជាទឹកប្រាក់ចំនួន ៤៤០,០០០ដុល្លារអាមេរិក ដែលជាជំនួយរបស់ប្រជាជនចិន តាមរយៈមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ដែលកំពុងដំណើរការសាងសង់ជូនប្រជាជននៅស្រុកបាទី និងស្រុកបូរីជលសារ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋអ្នកទទួលផល និងសិស្សានុសិស្ស ប្រមាណ ៥០០នាក់ លោក​ កឹមរ័ត្ន វិសិដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនចិន និង មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លានេះ ឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះនូវការខ្វះខាតទឹកស្អាតប្រើប្រាស់។ កាយវិការដ៏ថ្លៃថ្លានេះ ជាសក្ខីភាពនៃកិច្ចប្រឹងប្រែងរឹតចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃទំនាក់ទំនងកម្ពុជា និងចិន។

លោកបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តតាកែវ និងរដ្ឋបាលស្រុកបាទី ក៏ដូចជារដ្ឋបាលស្រុកបូរីជលសារ ដែលតែងតែផ្តល់ការសហការ និងការគាំទ្រយ៉ាងយកចិត្តទុកដាក់ដល់ដំណើរការរៀបចំ និងអនុវត្តគម្រោងនេះ និងបានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋអ្នកទទួលផល ព្រមទាំងអាជ្ញាធរភូមិ ឃុំ ខិតខំថែរក្សាសមិទ្ធផលអណ្តូងទឹកស្អាតទាំងនេះ ឱ្យប្រើបានយូរអង្វែង។

បន្ទាប់ពីពិធីសំណេះសំណាលបានបញ្ចប់ គណៈប្រតិភូបានអញ្ជើញទៅពិនិត្យមើលអណ្តូងទឹកស្អាត មិត្តភាពនៅលើផ្លូវសូត្រកម្ពុជា-ចិន ដែលកំពុងសាងសង់នៅក្នុងទីធ្លាវិទ្យាល័យ ១មិថុនា និងអណ្តូង ដែលបានសាងសង់រួច ស្ថិតនៅភូមិប្រមូលសុខ ឃុំដូង ស្រុកបាទី​ ខេត្តតាកែវ៕

ព័ត៌មានស្រដៀងគ្នា

ដំណើរទស្សនកិច្ចនៅភូមិតានន និងសាលាបឋមសិក្សាអង្គកំណប់ របស់គណៈប្រតិភូមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD)

(តាកែវ)៖ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ក្រោមការដឹកនាំដោយឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សា វ.ស.ស. អគ្គលេខាធិការង ចំនួន ៣រូប រួមទាំងមន្រ្តី វ.ស.ស. បានសម្របសម្រួលរៀបចំដំណើរទស្សនកិច្ច របស់គណៈប្រតិភូមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) ដឹកនាំដោយឯកឧត្តម Xu Jianguo និងមន្រ្តីអមដំណើរចំនួន ៥រូបទៀត ដើម្បីពិនិត្យមើលវឌ្ឍនភាពរបស់ «គម្រោងមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រនៅភូមិតានន» និងសមិទ្ធិផលនានា ក្រោមជំនួយឧបត្ថម្ភរបស់ CFPD ។ក្នុងកំឡុងពេលដំណើរទស្សនកិច្ចនេះ គណៈប្រតិភូរបស់ CFPD បានពិនិត្យមើលប្រព័ន្ធទឹកស្អាត ស្រះផលិតទឹកស្អាត សម្រាប់ផ្គត់ផ្គង់ជួនប្រជាជនក្នុងភូមិ ផ្លូវនៅក្នុងភូមិតានន និងប្រព័ន្ធសូឡា សម្រាប់បំភ្លឺផ្លូវពេលយប់។ បន្ទាប់មក គណៈប្រតិភូរបស់ CFPD បានបន្តដំណើរទៅពិនិត្យអគារសិក្សារបស់សាលាបឋមសិក្សាអង្គកំណប់ ស្ថិតនៅភូមិស្វាយខម ដែលទទួលជំនួយមូលនិធិសាងសង់ពី CFPD។ ក្រោយពីបានពិនិត្យមើលអគារសិក្សា បរិវេនសាលា និងការសិក្សារបស់សិស្សានុសិស្ស គណៈប្រតិភូរបស់ CFPD និងវ.ស.ស. បានជួបប្រជុំពិភាក្សាគ្នា នៅក្នុង បណ្ណាល័យរបស់សាលាបឋមសិក្សាអង្គកំណប់។ ក្នុងកិច្ចប្រជុំនេះឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ជាប្រធានក្រុមប្រឹក្សា វ.ស.ស.បានថ្លែងអំណរគុណដល់ CFPD ដែលបានផ្តល់មូលនិធិដល់គម្រោងអភិវឌ្ឍន៍ក្នុងភូមិតានន គម្រោងសង់អគារសិក្សា និងជំនួយផ្សេងៗទៀត ដែលបានអនុវត្តគន្លងមក។ ឯកឧត្តមប្រធានក្រុមប្រឹក្សា វ.ស.ស.ក៏បានស្នើសុំដល់ គណៈប្រតិភូរបស់ CFPD បន្តផ្តល់មូលនិធិនូវគម្រោងមួយចំនួន ដែលមិនទាន់បានអនុវត្តនៅឡើយ ដូចជាគម្រោងលើកកម្ពស់ជីវភាព (ដាំបន្លែ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី…) ការផលិតជីកំប៉ុស ដែលជាគម្រោងដ៏សំខាន់ ស្របតាមស្ថានភាពជាក់ស្តែង ដែលកម្ពុជាស្ថិតក្នុងដំណើរស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ១៩។គណៈប្រតិភូ CFPD បានបង្ហាញពីការសប្បាយចិត្ត ដោយបានពិនិត្យឃើញផ្ទាល់នូវវឌ្ឍនភាពរបស់គម្រោងគួរឲ្យកត់សម្គាល់ ដោយប្រៀបធៀបការធ្វើដំណើរទស្សនកិច្ចក្នុងភូមិ លើកដំបូង ផ្លូវពិបាកធ្វើដំណើរ ប្រលាក់ភក់ និងមិនមានសោភ័ណភាព ប៉ុន្តែនាពេល បច្ចុប្បន្ននេះ ភូមិតាននបានកែប្រែមុខមាត់ថ្មី ដោយមានផ្លូវបេតុងយ៉ាងស្រស់ស្អាត មានបំពាក់អំពូលភ្លើងបំភ្លឺពេលរាត្រី និងប្រព័ន្ធទឹកស្អាត សម្រាប់ប្រជាជនផងដែរ។ គណៈប្រតិភូ CFPD បានទទួលយកនូវសំណើរគម្រោងរបស់ វ.ស.ស. និងពិនិត្យឡើងវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនេះ។

វេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រជុំជាមួយអាជ្ញាធរខេត្តតាកែវ កែប និងកំពត

(កំពត)៖​ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយ​អាជ្ញាធរខេត្ត​តាកែវ កែប និង​កំពត រៀបចំ «វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយ​អង្គការ សមាគម សហជីព និងសហគមន៍» ចាប់ពី​ថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅខេត្ត​តាកែវ កែប និង​កំពត​។​លោក កឹមរ័ត្ន វិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធ​សង្គមស៊ីវិល បាន​អញ្ជើញ​ចូលរួម​​ជាគណៈអធិបតីជាមួយលោក អ៊ុន វណ្ណា អភិបាលរងខេត្តតាកែវ លោក​ ងិន ងិនដា អភិបាលរងខេត្ត​កែប និង​លោក​ ជ្រឹង ផល្លា អភិបាលរងខេត្ត​កំពត ​ក្នុង​វេទិកា​សន្ទនាដែលបាន​រៀបចំ​ដាច់​ដោយឡែកពីគ្នានៅខេត្ត​នីមួយៗ ដោយ​មាន​អ្នកចូលរួមជាច្រើន​នាក់ មកពី​មន្ទីរ​ អង្គភាពពាក់ព័ន្ធនានា​ ក្រុមប្រឹក្សា​ស្រុក ក្រុង ឃុំសង្កាត់ ព្រមទាំង​តំណាង​អង្គការ​ សមាគម សហជីព និងសហគមន៍នៅក្នុងខេត្ត​នីមួយៗ។គោលបំណង​នៃការ​រៀបចំ​វេទិកាសន្ទនានេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​អំពី​តួនាទី ​និង​បេសកកម្ម​របស់​ វ.ស.ស. ក៏ដូចជាការងារ​ដែល វ.ស.ស. បាន​បំពេញ​នាពេល​កន្លងមក​។ វេទិកា​សន្ទនានេះ បានផ្តល់ជាឱកាស​សម្រាប់​​​ការជជែកពិភាក្សា និង​ពិគ្រោះយោបល់ដោយផ្ទាល់​ជាមួយអង្គការ​សង្គមស៊ីវិលលើ​បញ្ហាប្រឈម​នានា និង​បាន​បង្កើត​​ឱ្យមាន​បរិយាកាស​ស្និទ្ធស្នាល ​​រាជរដ្ឋាភិបាល និងរវាងអង្គការ​សង្គមស៊ីវិល ដែលជាដៃគូ​​មិនអាច​ខ្វះ បាន​​ក្នុងការ​អភិវឌ្ឍសង្គមជាតិ​។ថ្លែង​ក្នុង​វេទិកា​សន្ទនាទាំង​បីថ្ងៃនេះ​ លោក​ប្រធានក្រុមប្រឹក្សា​ វ.ស.ស.បានបញ្ជាក់យ៉ាង​ច្បាស់​ថា​ វ.ស.ស. មិនមែនជាបញ្ញត្តិករ​គ្រប់គ្រងអង្គការសង្គមស៊ីវិលនៅកម្ពុជាឡើយ។ ​វ.ស.ស.​​ គឺជាអ្នក​សម្របសម្រួលបំពេញ​​បន្ថែម​ជាមួយ ​ក្រសួង​ស្ថាប័ន​ ក្នុងការ​​ពង្រឹងកិច្ចសហប្រតិបត្តិការ​ រវាងរាជរដ្ឋា​ភិបាល ​ជាមួយបណ្តាអង្គការសង្គមស៊ីវិលឱ្យ​កាន់តែប្រសើរ​​​​​​​​​​​​​​​​​​​​​​​​​​ឡើង​ថែមទៀត ហើយ វ.ស.ស. មានគោលបំណងពង្រីក​ភាព​ជាដៃគូ​ ជាមួយ​​អង្គការសង្គមស៊ីវិលនានា ដើម្បី​សហការអនុវត្តគម្រោងជាក់ស្តែង​​ សំដៅ​ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាលរដ្ឋ​ និងការអភិវឌ្ឍសេដ្ឋកិច្ច​ សង្គម​ ប្រកបដោយចីរភាព។វេទិកាសន្ទនាដែលបាន​រៀបចំឡើងដោយ​ វ.ស.ស. ដោយមាន​ការសហការ​ជាមួយអាជ្ញាធរ​ថ្នាក់ខេត្ត​​ ក៏បាន​​បើកទូលាយ​ឱ្យ​អង្គការ​ សមាគម​ សហជីព​ និងសហគមន៍​ បាន​ពិភាក្សា​ដោយ​ត្រង់ទៅត្រង់មក និង​បាន​លើកឡើងអំពីបញ្ហាប្រឈម​និង​សំណូមពរ​របស់ខ្លួនផងដែរ។ ជាលទ្ធផល បញ្ហាប្រឈមនិង​សំណូមពរ​​មួយចំនួន ត្រូវបានដោះស្រាយជាក់ស្តែងនៅក្នុងកិច្ច​ពិភាក្សា ហើយ​បញ្ហាដែល​សេសសល់​​មួយ​ចំនួន​ទៀត​ នឹងត្រូវ​យកទៅពិភាក្សា​ជាមួយអាជ្ញាធរ និង​សមត្ថកិច្ច​​ពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ៕