Close

កម្ពុជា-ចិនរៀបចំកម្មវិធីសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិននៅ ភូមិតានន ស្រុកបាទី

(តាកែវ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល , មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ និងវិទ្យុមិត្តភាពកម្ពុជា-ចិននាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ បានសហការគ្នារៀបចំកម្មវិធីសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិននៅស្នាក់ការអគារពហុបំណង ភូមិគំរូកាត់បន្ថយភាពក្រីក្រ កម្ពុជា-ចិន ស្ថិតនៅភូមិតនន ឃុំដូង ស្រុកបាទីខេត្តតាកែវ។

កម្មវិធីនេះមានអ្នកពាក់ព័ន្ធចូលរួមប្រមាណ១០០នាក់ រួមមាន អភិបាលនៃគណៈអភិបាលស្រុកបាទី ប្រធានក្រុមប្រឹក្សាស្រុកបាទី កងកម្លាំងទាំង៣ប្រភេទ មេឃុំ-ដូង មន្ត្រីរាជការ កម្មករ-កម្មការិនី សិស្ស ប្រជាជនរស់នៅក្នុងភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ និងមិត្តចិន។

ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ឯកឧត្តម ជា ពៅ អគ្គលេខា ធិការរងបានថ្លែងថា ក្រោមម្លប់សុខសន្តិភាពយ៉ាងពេញបរិបូណ៍ និងក្រោមទម្រមិត្តដែកថែបរវាងកម្ពុជានិងចិន វេទិកាសម្ព័ន្ធសង្គមស៊ីវិល និង មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ បានរួមគ្នាជ្រើសរើសយក ភូមិតាននជាភូមិគំរូមិត្តភាពកម្ពុជា-ចិនក្នុងការអនុវត្ត គម្រោងកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមបន្តថា ការរៀបចំកម្មវិធីសាទរពិធីចូលឆ្នាំថ្មី ប្រពៃណីចិននាថ្ងៃនេះ ជាសក្ខីភាពនៃចំណងសាមគ្គីភាពរវាងប្រជាជន នៃប្រទេសយើងទាំងពីរ ដែលតែងតែសាទរគ្នាទៅវិញទៅមក រៀនសូត្រពីគ្នា និងចែករំលែកក្តីស្រឡាញ់ជាមួយគ្នា។ តាមរយៈពិធីនាថ្ងៃនេះក៏ជាសញ្ញាណវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងសង្គមស៊ីវិល នៃប្រទេសយើងទាំងពីរក្នុង ការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញបាន នូវតម្រូវការជាមូលដ្ឋានជូនដល់ប្រជាជនកម្ពុជា។

លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា បានយល់ ស្របជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលថា ភូមិតាននជាស្ពានទំនាក់ទំនង ប្រជាជនកម្ពុជានិងប្រជាជនចិន ដោយសារតែទទួលបានការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយ វេទិកាសម្ព័ន្ធសង្គមស៊ីវិលលើការអនុវត្តគម្រោង នៅភូមិ តានន ទើបក្នុងរយៈពេលជាង៣ឆ្នាំកន្លងមក បានជួយរួមចំណែកប្រែក្លាយមុខមាត់របស់ភូមិតានន ដោយទទួលបាននូវអភិវឌ្ឍរីកចម្រើន យ៉ាងខ្លាំង។ ជាក់ស្តែងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំម្សាញ់ គឺជាការប្រមូលផ្តុំនូវកម្លាំងសាមគ្គីរវាងសង្គមស៊ីវិល និងប្រជាជននៃប្រទេសយើងទាំងពីរ ក្នុងការចូលរួមកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។

កញ្ញា Yao Shiya នាយិកាវិទ្យុមិត្តភាពកម្ពុជា-ចិន បានសាទរនឹងសមិទ្ធផលនានាដែលប្រជាជនភូមិតានន សម្រេចបានតាមរយៈភាពរឹងមាំ នៃកិច្ចសហការរវាងសង្គមស៊ីវិល ប្រទេសយើងទាំងពីរ ហើយកញ្ញាបានវាយតម្លៃខ្ពស់ ចំពោះប្រជាជនកម្ពុជា ដែលបានយល់ដឹងយ៉ាងច្បាស់លាស់ ពីពិធីបុណ្យចូលឆ្នាំចិន។ លើសពីនេះ កញ្ញានឹងប្រើប្រាស់វិទ្យុមិត្តភាពកម្ពុជា-ចិន ចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយពីកសិផលរបស់ អ្នកភូមិតាននដល់អតិថិជនគោលដៅ ដើម្បីរួមចំណែកបន្ថែមទៀត ដល់ការលើកកម្ពស់ ជីវភាពរស់នៅកាន់តែធូធារដល់ អ្នកភូមិតានន។

នុងនាមរដ្ឋបាលស្រុកបាទី និងក្នុងនាមអ្នកភូមិតានន ដែលពោរពេញដោយក្តីសប្បាយរីករាយ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី បានចាត់តុកការរៀបចំកម្មវិធីនាថ្ងៃនេះ ជាការគូសរំលេចនូវមនោសញ្ចេតនារីករាយរួមគ្នា ហើយលោកក៏បានសាទរដល់ពេលដំណាលគ្នា នៃពិធីបុណ្យចូលឆ្នាំចិន និង ក្រម៉ាខ្មែរ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងមក៖ «ការរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំចិន នៅភូមិតានន ដែលជាភូមិគំរូដែលមិត្តចិនបានជួយគាំទ្រ និងអភិវឌ្ឍន៍ នេះ គឺជារឿងល្អ និងជាការផ្លាស់ប្តូរវប្បធម៌គ្នារវាងកម្ពុជា និងចិនជាពិសេសរិតចំណង មិត្តភាពកម្ពុជាចិន។ ខ្ញុំសង្ឃឹមថា ភាគីចិននឹងជួយអភិវឌ្ឍន៍នៅភូមិតាននឱ្យរីកចម្រើនថែមទៀត »

ជាមួយគ្នានេះ អ្នកចូលរួមទាំងអស់បានបង្ហាញការស្វាគមន៍ ចំពោះការរៀបចំពិធីអបអសាទរបុណ្យចូលឆ្នាំចិននេះ ព្រោះវាជាការផ្លាស់ប្តូរនូវវប្បធម៌ និងរិតចំណងមិត្តភាពកម្ពុជាចិន កាន់តែរឹងមាំថែមទៀត។ សូមបញ្ជាក់ថា កម្មវិធីសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិននៅពេលនោះ គឺមានរៀបចំដូចជា៖ បិតសារជូនពរដែលចារនៅលើក្រដាសពណ៌ក្រហម នៅលើនិងអមទ្វារ , ខ្ចប់គាវ, វប្បធម៌តែ, ការស្លៀកសម្លៀកបំពាក់បុរាណចិន, ការលេងអុក និងការទទួលអក្សរសិរិមង្គលជាដើម៕

ព័ត៌មានស្រដៀងគ្នា

គម្រោង​កាត់​បន្ថយ​ភាព​ក្រីក្រ​​បានប្រែ​ក្លាយ​ភូមិ​ដាច់ស្រយោលមួយ​របស់​ប្រទេសកម្ពុជាទៅ​ជា​ភូមិទំនើប

ស្រុកបាទី ខេត្តតាកែវ៖ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ (សារព័ត៌មានស៊ិនហួ) - គម្រោងកាត់បន្ថយភាពក្រីក្រដែលបានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២១ ផ្តល់ជំនួយដោយប្រទេសចិន បានប្រែក្លាយភូមិតាននដែលពីមុនឯកោ និងស្ងប់ស្ងាត់នៅតំបន់ដាច់ស្រយាលរបស់ប្រទេសកម្ពុជា ទៅជាភូមិទំនើបមួយ។ភូមិតាននស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ នៅចម្ងាយប្រហែល៦០គីឡូម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញ មានផ្ទៃដីសរុបចំនួន ៧២ហិកតា និងមានផ្ទះជាង១៣០ គ្រួសារ ដែលមានប្រជាជនសរុបជាង៦០០នាក់។ភូមិនេះជាភូមិតូច ដែលពីមុនមិនមានផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី សាលារៀន និងមណ្ឌលសុខភាពឡើយ ប៉ុន្តែភូមិនេះបានផ្លាស់ប្តូរទាំងស្រុង នៅពេលដែលមូលនិធិចិនសម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ (CFPD) ​​របស់ប្រទេសចិន បានផ្តល់មូលនិធិដល់គម្រោងកាត់បន្ថយភាពក្រីក្រនៅភូមិតានន ក្រោមកិច្ចសហការ និងសម្របសម្រួលអនុវត្តគម្រោងដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ប្រចាំប្រទេសកម្ពុជា។លោកស្រី ប៉ោ សុខឃីម អាយុ៥១ឆ្នាំ ជាប្រជាជនរស់នៅភូមិតានន បាននិយាយថា ជីវភាពរបស់គាត់មានភាពល្អប្រសើរឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីគម្រោងនេះត្រូវបានអនុវត្តនៅក្នុងភូមិរបស់គាត់។​ មុនពេលចាប់ផ្តើមគម្រោងនេះ គ្រួសាររបស់គាត់ទាំងមូលពឹងផ្អែកលើការធ្វើស្រែតែមួយមុខប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីគម្រោងបានចាប់ផ្តើម គាត់ក៏ចាប់ផ្តើមប្រកបរបរលក់ដូរ ចំណែកប្តីរបស់គាត់បានបើកហាងជួសជុលម៉ូតូនៅមុខផ្ទះ។លោកស្រីបានប្រាប់អ្នកសារព័ត៌មានស៊ីនហួរ កាលពីថ្ងៃអាទិត្យថា “កាលពីមុន ពួកខ្ញុំពិបាកប្រកបរបរលក់ដូរណាស់ ដោយសារមិនមានផ្លូវល្អ ផ្លូវទាំងអស់មិនមានក្រាលកៅស៊ូ និងមានធូលីហុយ ហើយមានមនុស្សតិចណាស់ធ្វើដំណើរទៅមកក្នុងភូមិនេះ”។លោកស្រីដែលជាស្រ្តីមានកូនបួននាក់បានបន្ថែមទៀតថា “ប៉ុន្តែចាប់តាំងពីប្រទេសចិនបានផ្តល់មូល​និធិ​ដល់គម្រោងកាត់បន្ថយភាពក្រីក្រនៅក្នុងភូមិរបស់ខ្ញុំមក  ប្រជាជនក្នុងភូមិមានផ្លូវបេតុង ប្រព័ន្ធលូបង្ហូរទឹក ថាម​ពល​​ពន្លឺព្រះអាទិត្យ ជាពិសេសប្រព័ន្ធទឹកស្អាត សម្រាប់ប្រើប្រាស់”។លោកស្រីបាននិយាយបន្តទៀតថា គម្រោងនេះមិនត្រឹមតែប្រែក្លាយពីភូមិក្រីក្រ និងកខ្វក់ទៅជាភូមិទំនើបមួយប៉ុណ្ណោះទេ  ប៉ុន្តែថែមទាំងបានផ្លាស់ប្តូរជីវភាពរបស់អ្នកភូមិជាច្រើន តាមរយៈការជួយពួកគាត់ឱ្យបង្កើតមុខរបរច្បាស់លាស់ សម្រាប់បង្កើនប្រាក់ចំណូលក្នុងគ្រួសារផងដែរ។អត្ថបទដកស្រង់ពី សារព័ត៌មានស៊ិនហួ (https://shorturl.at/SbJbX)បកប្រែក្រៅផ្លូវការដោយ៖ លោក ឈឹម សេរីពង្ស មន្រ្តីនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)

សារលិខិតរំលែកមរណទុក្ខគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងក្នុងនាមខ្ញុំបាទផ្ទាល់និងភរិយា​មាន​សេចក្តី​ក្តុកក្តួល និងសោកស្តាយក្រៃលែង ចំពោះដំណឹងមរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាបងប្រុសបង្កើត​ជាទីគោរព​ស្រឡាញ់​​បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ និងជាបងថ្លៃ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានទទួល​​អនិច្ចកម្មកាលពីវេលាម៉ោង ២:២៧នាទីរំលងអធ្រាត្រ ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង​​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។មរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់ដ៏ធំធេងនូវ​បងប្រុសបង្កើត បងថ្លៃ ឳពុក និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ចំពោះ ប្អូនៗ កូនៗ ចៅៗ និងក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំង​កាយចិត្ត ប្រាជ្ញាស្មារតី តស៊ូយ៉ាងសកម្ម បំពេញការងារប្រកបដោយឆន្ទៈមនសិការបម្រើឧត្តមប្រយោជន៍ ជាតិមាតុភូមិ និង​ប្រជាជន និងជាពិសេស ជាការបាត់បង់នូវពុទ្ធសាសនិកមួយរូបដែលធ្លាប់ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ក្នុងព្រះពុទ្ធសាសនា និងមានស្នាដៃ​ច្រើនរាប់មិនអស់ក្នុងការចូលរួមចំណែកកសាងសមិទ្ធផលទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ។ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ ខ្ញុំបាទនិងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និង​មន្ត្រី​រាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូមចូលរួមសម្តែងនូវមរណទុក្ខសង្វេគសោកស្តាយ ក្រៃលែង​ជាមួយ សម្តេច​អគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងសូម​ឧទ្ទិស​បួងសួង​ដល់​ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមបានបដិសន្ធិ​ក្នុង​​សុគតិភព​កុំបី​ឃ្លៀងឃ្លាតឡើយ។សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវមនោសញ្ចេតនាប្រកបដោយ​សមានទុក្ខ​​ដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំទាំងអស់គ្នា។