Close

អំណោយកង់២០០០ និងកាតាប១២០០០ បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្ស

កំពង់ធំ៖ ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាបឋមសិក្សាបល្ល័ង្កខាងលិចមានរៀបចំកម្មវិធីប្រគល់-ទទួលអំណោយកាតាបចំនួន១២០០០កញ្ចប់ និងកង់ចំនួន២០០០គ្រឿងពីមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD) តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។  ថ្លែងទៅកាន់អង្គពិធីដែលមានអ្នកចូលរួមប្រមាណ២៥០នាក់ លោក អ៊ឹម វ៉ាន់នី អនុប្រធាន មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ បានរំលេចថា រយៈពេលពីរឆ្នាំនេះ (ឆ្នាំ២០២៣ និង ឆ្នាំ២០២៤) ដោយមានការគាំទ្រពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល ខេត្តកំពង់ធំទទួលបានអំណោយពីCFRDនូវកាតាបចំនួន២០៤៤២កញ្ចប់ និងកង់ចំនួន១២៩៦គ្រឿង។ អំណោយទាំងនេះបានរួមចំណែកយ៉ាងសកម្មដល់ការសិក្សារបស់សិស្សានុសិស្ស ព្រមទាំងបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តកំពង់ធំថែមទៀតផង។

ក្នុងនាមម្ចាស់អំណោយកង់និងកាតាប  លោក Zhang Shenyue ប្រធានកម្មវិធីគម្រោងរបស់CFRDបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការពីអង្គពាក់ព័ន្ធនានាក្រោមទម្រដ៏រឹងមាំនៃកិច្ចគាំទ្រពីវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានជួយសម្របសម្រួលដល់បេសកកម្មការងាររបស់CFRDក្នុងការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រជាជននិងប្រជាជន។ តំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំលើកទឹកចិត្តសិស្សដែលទទួលអំណោយកាតាបនិងកង់ពីCFRDតាមរយៈវេទិកាសម្ព័ន្ធសង្គស៊ីវិល សូមជួយថែរក្សា និងប្រើប្រាស់ឱ្យបានយូរអង្វែង និងបង្កើនការរួមចំណែកពន្លាតស្មារតីនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន។

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានថ្លែងថា ចាប់ពីឆ្នាំ២០១៨មក CFRDគឺជាដៃគូដ៏សំខាន់របស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងការផ្តល់អំណោយកាតាប១៦៧៥៣៤កញ្ចប់ និងកង់ចំនួន៥០២៦គ្រឿងជូនដល់សិស្សានុសិស្សនៅជនបទចំនួន២២ខេត្ត។ បេសកកម្មនេះមិនត្រឹមរួមចំណែករឹតបន្តឹងចំណងមេត្រីភាពនៃទំនាក់ទំនងប្រជាជននិងប្រជាជនកម្ពុជានិងចិនប៉ុណ្ណោះទេ ថែមទាំងផ្តល់ការលើកទឹកចិត្តដល់ការសិក្សារបស់សិស្សានុសិស្សស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីទៀតផង។

ឯកឧត្តមក៏បានបន្ថែមថា សមិទ្ធផលដែលផ្តល់បច្ច័យល្អដល់ការរៀបចំពិធីនាថ្ងៃនេះ គឺកើតឡើងពីហេតុផលសំខាន់ចំនួន៣រួមមាន៖ ១-កត្តាសន្តិភាពពេញបរិបូរណ៍ ស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចដែលសម្រេចបានដោយការលះបង់សាច់ស្រស់ ឈាមស្រស់ ទាំងកម្លាំងកាយ កម្លាំងចិត្តរបស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំ ព្រមទាំងការដឹកនាំប្រកបដោយគតិបណ្ឌិតដោយមានគោលនយោ បាយដឹកនាំប្រទេសដ៏ត្រឹមត្រូវគ្រប់អាណត្តិដោយតម្កល់ផលប្រយោជន៍ប្រជាជនជាស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។ ២-ទំនាក់ទំនងជាប្រពៃណីល្អរវាងកម្ពុជានិងចិនឈានដល់កម្រិតមិត្តភាពដែកថែបដែលជាកិច្ចខិតខំប្រឹងប្រែងពូនជ្រុំដោយថ្នាក់ដឹកនាំតាំងពីជំនាន់មុនៗរហូតដល់ពេលបច្ចុប្បន្នដែលបានបង្កបរិយាកាសដល់វិស័យឯកជន ក៏ដូចជាសង្គមស៊ីវិលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ និង៣-ការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពីអាណាព្យាបាល លោកគ្រូ-អ្នកគ្រូ ដែលបានចិញ្ចឹមបីបាច់ និងបង្ហាត់បង្រៀនដល់សិស្សានុសិស្ស។

ព័ត៌មានស្រដៀងគ្នា

សារលិខិតជូនពរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៤ឆ្នាំ ឈានចូល ៤៥ឆ្នាំ

ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះ លោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខ មហារប្រសើរ ដើម្បីបន្តដឹកនាំអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាក្នុងបរិយាកាសនៃសុខសន្តិភាពដ៏រឹងមាំ និងយូរអង្វែងតរៀងទៅ និងសូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

កម្ពុជា-ចិនរៀបចំកម្មវិធីសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិននៅ ភូមិតានន ស្រុកបាទី

(តាកែវ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល , មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ និងវិទ្យុមិត្តភាពកម្ពុជា-ចិននាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ បានសហការគ្នារៀបចំកម្មវិធីសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិននៅស្នាក់ការអគារពហុបំណង ភូមិគំរូកាត់បន្ថយភាពក្រីក្រ កម្ពុជា-ចិន ស្ថិតនៅភូមិតនន ឃុំដូង ស្រុកបាទីខេត្តតាកែវ។កម្មវិធីនេះមានអ្នកពាក់ព័ន្ធចូលរួមប្រមាណ១០០នាក់ រួមមាន អភិបាលនៃគណៈអភិបាលស្រុកបាទី ប្រធានក្រុមប្រឹក្សាស្រុកបាទី កងកម្លាំងទាំង៣ប្រភេទ មេឃុំ-ដូង មន្ត្រីរាជការ កម្មករ-កម្មការិនី សិស្ស ប្រជាជនរស់នៅក្នុងភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ និងមិត្តចិន។ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ឯកឧត្តម ជា ពៅ អគ្គលេខា ធិការរងបានថ្លែងថា ក្រោមម្លប់សុខសន្តិភាពយ៉ាងពេញបរិបូណ៍ និងក្រោមទម្រមិត្តដែកថែបរវាងកម្ពុជានិងចិន វេទិកាសម្ព័ន្ធសង្គមស៊ីវិល និង មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ បានរួមគ្នាជ្រើសរើសយក ភូមិតាននជាភូមិគំរូមិត្តភាពកម្ពុជា-ចិនក្នុងការអនុវត្ត គម្រោងកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមបន្តថា ការរៀបចំកម្មវិធីសាទរពិធីចូលឆ្នាំថ្មី ប្រពៃណីចិននាថ្ងៃនេះ ជាសក្ខីភាពនៃចំណងសាមគ្គីភាពរវាងប្រជាជន នៃប្រទេសយើងទាំងពីរ ដែលតែងតែសាទរគ្នាទៅវិញទៅមក រៀនសូត្រពីគ្នា និងចែករំលែកក្តីស្រឡាញ់ជាមួយគ្នា។ តាមរយៈពិធីនាថ្ងៃនេះក៏ជាសញ្ញាណវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងសង្គមស៊ីវិល នៃប្រទេសយើងទាំងពីរក្នុង ការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញបាន នូវតម្រូវការជាមូលដ្ឋានជូនដល់ប្រជាជនកម្ពុជា។លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា បានយល់ ស្របជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលថា ភូមិតាននជាស្ពានទំនាក់ទំនង ប្រជាជនកម្ពុជានិងប្រជាជនចិន ដោយសារតែទទួលបានការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយ វេទិកាសម្ព័ន្ធសង្គមស៊ីវិលលើការអនុវត្តគម្រោង នៅភូមិ តានន ទើបក្នុងរយៈពេលជាង៣ឆ្នាំកន្លងមក បានជួយរួមចំណែកប្រែក្លាយមុខមាត់របស់ភូមិតានន ដោយទទួលបាននូវអភិវឌ្ឍរីកចម្រើន យ៉ាងខ្លាំង។ ជាក់ស្តែងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំម្សាញ់ គឺជាការប្រមូលផ្តុំនូវកម្លាំងសាមគ្គីរវាងសង្គមស៊ីវិល និងប្រជាជននៃប្រទេសយើងទាំងពីរ ក្នុងការចូលរួមកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។កញ្ញា Yao Shiya នាយិកាវិទ្យុមិត្តភាពកម្ពុជា-ចិន បានសាទរនឹងសមិទ្ធផលនានាដែលប្រជាជនភូមិតានន សម្រេចបានតាមរយៈភាពរឹងមាំ នៃកិច្ចសហការរវាងសង្គមស៊ីវិល ប្រទេសយើងទាំងពីរ ហើយកញ្ញាបានវាយតម្លៃខ្ពស់ ចំពោះប្រជាជនកម្ពុជា ដែលបានយល់ដឹងយ៉ាងច្បាស់លាស់ ពីពិធីបុណ្យចូលឆ្នាំចិន។ លើសពីនេះ កញ្ញានឹងប្រើប្រាស់វិទ្យុមិត្តភាពកម្ពុជា-ចិន ចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយពីកសិផលរបស់ អ្នកភូមិតាននដល់អតិថិជនគោលដៅ ដើម្បីរួមចំណែកបន្ថែមទៀត ដល់ការលើកកម្ពស់ ជីវភាពរស់នៅកាន់តែធូធារដល់ អ្នកភូមិតានន។នុងនាមរដ្ឋបាលស្រុកបាទី និងក្នុងនាមអ្នកភូមិតានន ដែលពោរពេញដោយក្តីសប្បាយរីករាយ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី បានចាត់តុកការរៀបចំកម្មវិធីនាថ្ងៃនេះ ជាការគូសរំលេចនូវមនោសញ្ចេតនារីករាយរួមគ្នា ហើយលោកក៏បានសាទរដល់ពេលដំណាលគ្នា នៃពិធីបុណ្យចូលឆ្នាំចិន និង ក្រម៉ាខ្មែរ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងមក៖ «ការរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំចិន នៅភូមិតានន ដែលជាភូមិគំរូដែលមិត្តចិនបានជួយគាំទ្រ និងអភិវឌ្ឍន៍ នេះ គឺជារឿងល្អ និងជាការផ្លាស់ប្តូរវប្បធម៌គ្នារវាងកម្ពុជា និងចិនជាពិសេសរិតចំណង មិត្តភាពកម្ពុជាចិន។ ខ្ញុំសង្ឃឹមថា ភាគីចិននឹងជួយអភិវឌ្ឍន៍នៅភូមិតាននឱ្យរីកចម្រើនថែមទៀត »ជាមួយគ្នានេះ អ្នកចូលរួមទាំងអស់បានបង្ហាញការស្វាគមន៍ ចំពោះការរៀបចំពិធីអបអសាទរបុណ្យចូលឆ្នាំចិននេះ ព្រោះវាជាការផ្លាស់ប្តូរនូវវប្បធម៌ និងរិតចំណងមិត្តភាពកម្ពុជាចិន កាន់តែរឹងមាំថែមទៀត។ សូមបញ្ជាក់ថា កម្មវិធីសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិននៅពេលនោះ គឺមានរៀបចំដូចជា៖ បិតសារជូនពរដែលចារនៅលើក្រដាសពណ៌ក្រហម នៅលើនិងអមទ្វារ , ខ្ចប់គាវ, វប្បធម៌តែ, ការស្លៀកសម្លៀកបំពាក់បុរាណចិន, ការលេងអុក និងការទទួលអក្សរសិរិមង្គលជាដើម៕

សារជូនពរឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ គោរពជូនចំពោះ សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

នាឱកាសដ៏ប្រពៃថ្លៃថ្លាចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាព្រះរាជា​ណាចក្រ​កម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រី សូមសមប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។