
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាទួលស្គរ ភូមិថ្នល់ដាច់ ឃុំព្រះខែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានរៀបចំវិធីចែកអំណោយកង់ ចំនួន ៣០០គ្រឿង ដែលជាជំនួយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ តាមរយៈ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)។

មានចំណាប់អារម្មណ៍ក្នុងពិធីនេះ លោក Kevin Wang តំណាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ និងក្នុងនាមដៃគូសហការរបស់ខ្លួន រួមមានក្រុមហ៊ុន Hello Inc. និង មូលនិធិ COSCO SHIPPING CHARITY FOUNDATION របស់ប្រទេសចិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ វ.ស.ស.ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរដល់ភាគីចិន ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន ដែលរួមមាន ការិយាល័យអប់រំស្រុក និងរដ្ឋបាលស្រុកបសេដ្ឋ ដើម្បីផ្តល់ការលើកទឹកចិត្តដល់ការសិក្សា តាមរយៈការផ្តល់មធ្យោបាយធ្វើដំណើរជូនសិស្សានុសិស្ស។


លោក គង់ ឆាយ អភិបាលរង នៃគណ:អភិបាលស្រុកបសេដ្ឋបានគាំទ្រដល់កិច្ចសហការយ៉ាងជិតស្និទ្ធរវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន ហើយលោកក៏បានថ្លែងអំណរគុណដល់វ.ស.ស. និងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ដែលបានកៀរគរជំនួយជាច្រើនពីបណ្តាសង្គមស៊ីវិល និងក្រុមហ៊ុនអន្តរជាតិនានា សំដៅចូលរួមចំណែកបំពេញ នូវតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា។ លោកក៏បានរំលេចផងដែរថា អំណោយកង់នាថ្ងៃនេះគឺជាសក្ខីភាពថ្មីបន្ថែមទៀតដែលវ.ស.ស. បាននិងកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងខេត្តកំពង់ស្ពឺ។


ថ្លែងទៅកាន់អង្គពិធីនាឱកាសនេះ លោកបណ្ឌិត ឆឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា និងជាតំណាងមូលនិធិបងប្អូនយើង បានសម្តែងនូវការកើតសរសើរ និងថ្លែងអំណរគុណដល់វ.ស.ស. និង មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ក្រុមហ៊ុន Hello Inc. និងមូលនិធិ COSCO SHIPPING CHARITY FOUNDATION ដែលបានផ្តល់កង់ចំនួន ៣០០គ្រឿង ដល់សិស្សានុសិស្សក្រីក្រ និងជួបការលំបាក ក្នុងសាលាបឋមសិក្សាទួលស្គរ។ អំណោយនាថ្ងៃនេះ គឺការចូលរួមចំណែកអនុវត្តនូវគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍមូលធនមនុស្ស ព្រមទាំងបានចូលរួមចំណែកកសាងនូវសហគមន៍ជោគវាសនារួមគ្នានៃមនុស្សជាតិផងដែរ។






ព័ត៌មានស្រដៀងគ្នា
សារលិខិតជូនពរឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦០ឆ្នាំ ឈានចូល ៦១ឆ្នាំ
ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលប្រកបដោយក្ដីសោមនស្សរីករាយនៃការចម្រើនជន្មាយុ ៦០ឆ្នាំ ឈានចូល៦១ឆ្នាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីប្រចាំការ នាថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងភរិយា ខ្ញុំបាទសូមសម្ដែងនូវសេចក្ដីគោរពកោតសរសើរដ៏ស្មោះជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីប្រចាំការ ដែលជានិច្ចកាលតែងលះបង់អស់ពីកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ក្នុងការដឹកនាំទីស្ដីការគណៈរដ្ឋមន្ដ្រី ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខ មហាប្រសើរ ដើម្បីបន្ដដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី និងរួមចំណែកអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាក្នុងបរិយាកាសនៃសុខសន្ដិភាពដ៏រឹងមាំ និងយូរអង្វែងតរៀងទៅ និងសូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ញត្តិថ្កោលទោសរបស់អង្គការសង្គមស៊ីវិលដៃគូសហប្រតិបត្តិការរបស់ វ.ស.ស. ចំពោះការរៀបចំគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
អង្គការសង្គមស៊ីវិលទាំង៣៣ ដែលជាដៃគូសហប្រតិបត្តិការរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។ យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។ អង្គការសង្គមស៊ីវិលទាំង៣៣ រួមមាន៖
ញត្តិថ្កោលទោសចំពោះការរៀបចំគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូមប្រកាសថ្កោលទោសយ៉ាងដាច់ អហង្កាចំពោះក្រុមជ្រុលនិយម មានចរិតព្យាបាទ និងទុច្ចរិត ដែលបានរៀបចំគម្រោងភេរវកម្មប៉ុនប៉ងធ្វើឃាត សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារ តាមរយៈការវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់ សម្តេចតេជោ នាក្រុងតាខ្មៅ ខេត្តកណ្តាល។គម្រោងផែនការដ៏ខ្មៅងងឹតនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងធ្វើឃាតថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីមហិច្ឆតានយោបាយដ៏កខ្វក់ និងហិង្សានិយមនាំឱ្យបែកបាក់សាមគ្គីជាតិ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រទេសជាតិ ដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាចាត់វិធានការឱ្យបានម៉ឺងម៉ាត់លើក្រុមទុច្ចរិត និងបក្សពួកដែលពាក់ព័ន្ធនឹងគម្រោងការឧក្រិដ្ឋកម្មខាងលើ ដែលតែង តែគឃ្លើនបំពានច្បាប់ ប្រមាថថ្នាក់ដឹកនាំ ញុះញង់ប្រឆាំងនឹងសន្តិសុខជាតិ ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជនដែលទទួលបានដោយលំបាក តាមរយៈពលិកម្មដ៏ធំធេងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសធ្វើការថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះទង្វើភេរវកម្មនេះ ហើយសូមរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីការពារសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍតាមមាគ៌ានយោបាយប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍ឆ្នើម និងជាបិតាសន្តិភាពរបស់កម្ពុជា។