នៅក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី» ដែលបានរៀបចំនាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញនូវការអបអរសាទរចំពោះសមទ្ធិផលនៃការបោះពុម្ពផ្សាយសៀវភៅនេះ ដែលជាសមិទ្ធផលសំខាន់មួយទៀតនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្នុងគោលបំណងជំរុញទំនាក់ទំនង ជាពិសេសក្នុងការរឹតចំណងមិត្តភាពប្រជាជន-ប្រជាជនរបស់ប្រទេសទាំងពីរ “សៀវភៅនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដែលបន្តផ្តល់ជាផ្លែផ្កាជាច្រើន និងបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រជាជាតិយើងទាំងពីរ។ ខ្ញុំជឿជាក់ថា សៀវភៅនេះនឹងចូលរួមចំណែកបន្ថែមក្នុងការបង្កើនការយល់ដឹងរបស់អ្នកអាន និងការស្រាវជ្រាវអំពីការបង្កើតសហគមន៍ជោគវាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី ប្រកបដោយស្តង់ដារខ្ពស់ ក៏ដូចជាការលើកកម្ពស់ទំនាក់ទំនងកាន់តែស៊ីជម្រៅ និងស្ថិរភាពសម្រាប់ប្រទេសទាំងពីរ”។
ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីផ្សព្វផ្សាយសៀវភៅនេះ ដោយមានការចូលរួមពី ឯកឧត្តម WANG WENBIN ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអ្នកចូលរួមចំនួន ៣០០នាក់ មកពីធនធានបញ្ញា (Think Tanks) សាកលវិទ្យាល័យ និងស្ថាប័នសាធារណៈនានា ដោយបានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន ត្រូវបានពង្រឹងកាន់តែរឹងមាំ និងស៊ីជម្រៅ ក្រោមការដឹកនាំរយៈពេល៣០ឆ្នាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលត្រួសត្រាយដោយព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ កេរដំណែលនេះត្រូវបានបន្ត និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី និងលើគ្រប់វិស័យ ជាពិសេសការបង្កើតនូវសង្គតិភាពរវាង “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” និង “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” និង “ច្រករបៀងឧស្សាហកម្ម” និង “ច្រករបៀងត្រី និងស្រូវ” ។
ដោយឡែក ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សា ភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានលើកឡើងថា វ.ស.ស. បានសហការជាមួយវិទ្យាស្ថាន GORDON និងLEON ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងសិក្សាស្រាវជ្រាវលើទិដ្ឋភាពសំខាន់ៗនៃ «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន» ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន និងដើម្បីរំលឹកខួបលើកទី៣០ នៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹងកាន់តែស៊ីជម្រៅ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ “ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពេជ្រ” ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់។ សៀវភៅនេះប្រមូលផ្តុំទៅដោយអត្ថបទដែលជាការរួមចំណែកពីបណ្ឌិតខ្មែរល្បីៗ មានប្រវត្តិរូបលេចធ្លោ ដោយឆ្លងកាត់ការពិនិត្យ និងកែសម្រួលយ៉ាងហ្មត់ចត់ដោយផងដែរ។ សៀវភៅនេះគ្របដណ្តប់ទិដ្ឋភាពសំខាន់ៗចំនួនបីនៃសហគមន៍ជោគវាសនារួម៖ ១. ទស្សនៈសហគមន៍ជោគវាសនារួមរបស់មនុស្សជាតិរបស់លោកប្រធានាធិបតី Xi Jinping ២. សមិទ្ធផលនៃសហគមន៍ជោគវាសនារួមកម្ពុជា-ចិន និងទស្សនវិស័យសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។
សៀវភៅនេះគូសបញ្ជាក់អំពីតម្លៃរួម និងគោលបំណងរួម ដែលបានបង្រួមឯកភាពប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការបង្កើតអនាគតដ៏មានសក្តានុពល សម្រាប់ទាំងអស់គ្នា។ សៀវភៅនេះក៏បានបង្ហាញភស្តុតាងពីគោលការណ៍ និងតម្លៃរួម ដែលអាចសម្រេចបានលើគោលនយោបាយការបរទេសប្រកបដោយឯករាជ្យភាពផ្តោតទៅលើសន្តិភាព ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ គោលការណ៍សមភាព មិនថាប្រទេសធំ ឬតូច ប្រទេសខ្លាំង ឬខ្សោយ ប្រទេសអ្នកមាន ឬក្រ ប៉ុន្តែជំរុញការរួមរស់ដោយសន្តិភាព កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ភាពជាដៃគូមិនចូលបក្សសម្ព័ន្ធ និងពហុភាគីនិយម។
ព័ត៌មានស្រដៀងគ្នា
សារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ក្នុងឱកាសចម្រើនជន្មាយុ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ
នាឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ របស់ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី សូមមានសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខ មហារប្រសើរ និងសូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។សូម សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា។
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
ថ្ងៃ១៤ កើត ១៥ កើត និងថ្ងៃ ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤