តាកែវ និងកំពត៖ នាថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០២៤ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) បានរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៅខេត្តតាកែវ កំពត និងកែប ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស ដោយមានការចូលរួមពីលោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ និងលោក អ៊ឹង ឆាយ អភិបាលរងខេត្តកំពត តំណាងអង្គការសង្គមស៊ីវិលនៅក្នុងខេត្តទាំង៣ រួមទាំងសមាជិកដៃគូសហការរបស់ វ.ស.ស.។ នេះគឺជាកិច្ចប្រជុំដែលវ.ស.ស រៀបចំធ្វើជារៀងរាល់ឆ្នាំ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់អង្គការសង្គមស៊ីវិលនៅថ្នាក់ក្រោមជាតិ និងដើម្បីពង្រឹងពង្រីកភាពជាដៃគូសហការជាមួយអង្គការស៊ីវិល។ បន្ថែមលើនេះ ឆ្នាំនេះ វ.ស.សបានជ្រើសរើសប្រធានបទស្តីពី «ការឈ្វេងយល់ពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ជាច្រើនដែលអង្គការសង្គមស៊ីវិលទទួលបានពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) ដោយមានការចូលរួមធ្វើបទបង្ហាញពីតំណាង ប.ស.ស. ប្រចាំខេត្តនីមួយៗ។
នៅក្នុងឱកាសនោះ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានគូសបញ្ជាក់ថា ជានិច្ចជាកាល រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពក្លៀវក្លានិងវាងវៃរបស់ សម្តេចមហាបវរតិបតី ហ៊ុន ម៉ាណែត នៅតែបន្តយកចិត្តទុកដាក់និងផ្តល់សារសំខាន់ដល់តួនាទីរបស់អង្គការសង្គមស៊ីវិលដែលជាដៃគូដ៏សំខាន់ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិលជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ រាជរដ្ឋាភិបាលតែងតែបង្កឱ្យមានលំហបរិយាកាសសេរី និងបើកចំហរដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពទៅតាមតួនាទីនិងភារកិច្ចរៀងៗខ្លួន។
អង្គវេទិកាទាំងមូលបានបើកឱ្យមានការពិភាក្សាយ៉ាងផុសផុល និងមានការចូលរួមយ៉ាងសកម្មពីសំណាក់អង្គការសង្គមស៊ីវិលដែលចូលរួម ដោយពួកគាត់បង្ហាញពីការពេញចិត្តចំពោះការរៀបចំវេទិកានេះដែលផ្តល់ឱកាសឱ្យពួកគាត់ទទួលបាននូវពុទ្ធិថ្មីៗ អាចចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក និងផ្លាស់ប្តូរមតិយោបល់ដោយត្រង់ទៅត្រង់មកអំពីបញ្ហា ប្រឈមនិងសំណូមពរនានា ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាលក្នុងនាមជាគ្រួសារសង្គមស៊ីវិលក្នុងខេត្តទាំងបី។ ពួកគាត់មានក្តីរីករាយជាមួយនឹងបរិយាកាសប្រកបដោយភាពសុខដុមរមនាក្នុងទំនាក់ទំនងរវាង អង្គការសង្គមស៊ីវិលជាមួយអាជ្ញាធរមូលដ្ឋាន ដែលអនុញ្ញាតឱ្យពួកគាត់ចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិដោយគ្មានការរារាំង ព្រមទាំងពេញចិត្តយ៉ាងខ្លាំងជាមួយនឹងអត្ថប្រយោជន៍ដែលអាចទទួលបានពី ប.ស.ស. ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដល់សុខភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅនិយាយរួម និងជាពិសេសរបស់អង្គការសង្គមស៊ីវិល និយាយដោយឡែក។
ថ្លែងក្នុងកិច្ចពិភាក្សានោះ ឯកឧត្តមប្រធានបានផ្តាំផ្ញើអង្គការសង្គមស៊ីវិលបន្តធ្វើសកម្មភាពរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់ ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដោយគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងលក្ខន្តិកៈរបស់ខ្លួន។ ឯកឧត្តមបានក្រើនរំលឹកដល់អង្គការសង្គមស៊ីវិលទាំងអស់ឱ្យបានយល់ជ្រួតជ្រាប អំពីការខិតខំប្រឹងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមជាតិ ជាពិសេសគឺការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។
មុននឹងបញ្ចប់ ឯកឧត្តមប្រធានក៏បានក្រើនរំលឹកកុំឱ្យមានការភាន់ច្រឡំជឿតាមការញុះញង់ពីសំណាក់មជ្ឈដ្ឋានអគតិពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលនេះជាក្របខ័ណ្ឌសហប្រតិបត្តិការរវាងប្រទេសទាំងបី ក្នុងគោលបំណងសំខាន់តែមួយគត់គឺ ដើម្បីជម្រុញការអភិវឌ្ឍនិងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជាប់ព្រំដែនរបស់ប្រទេសទាំង៣ដូចប្រសាសន៍ដ៏ក្បោះក្បាយនិងមានអត្ថន័យថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងសេចក្តីថ្លែងការណ៍ពិសេសផ្ញើជូនជនរួមជាតិកាលពី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តមបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលជួយពន្យល់ណែនាំដល់ប្រជាជន ជាពិសេសយុវជននៅក្នុងដែនប្រតិបត្តិការងាររបស់គាត់ឱ្យបានយល់ជ្រួតជ្រាបផងដែរ ជៀសវាងការយល់ភាន់ច្រឡំជឿតាមការឃោសនាអកុសលរបស់ជនអគតិ។ ជាងនេះទៀត ឯកឧត្តមប្រធានការក្រើនរំលឹកឱ្យមានការចូលរួមឱ្យបានផុសផុលពីសំណាក់អង្គការសង្គមស៊ីវិលទាំងអស់ ជាមួយអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ ក្នុងការអបអរសាទរយ៉ាងក្លៀវក្លាដល់ពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលនឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេងដល់ប្រទេសជាតិនិងប្រជាជនយើង ជាពិសេសអ្នកខេត្តតាកែវ កំពត និងកែប ដែលមានព្រែកជីកហូរកាត់នឹងទទួលបានផលប្រយោជន៍ដោយផ្ទាល់ពីគម្រោងនេះ។
ព័ត៌មានស្រដៀងគ្នា
សារជូនពរឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
នាឱកាសដ៏ប្រពៃថ្លៃថ្លាចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រី សូមសមប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សារជូនពរឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ គោរពជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
នាឱកាសដ៏ប្រពៃថ្លៃថ្លាចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សារជូនពរឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ គោរពជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
នាឱកាសដ៏ប្រពៃថ្លៃថ្លាចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រីសូមសមប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។