Close

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ៖ ជាមួយនឹងបេះដូងដែលមានសុខភាពល្អ  បានផ្តល់ក្តីសង្ឃឹមនិងអនាគតកាន់តែប្រសើរដល់កុមារី ឌុល ស្រីពេជ្រ

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤  ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាទីបានអញ្ជើញមកសួរសុខទុក្ខកុមារី ឌុល ស្រីពេជ្រ អាយុ៦ឆ្នាំ ដែលមានជំងឺបេះដូងពីកំណើតត្រូវបានទទួលការវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ។

ឯកឧត្តមប្រធានបានមានប្រសាសន៍ថា សុខភាពល្អរបស់កុមារគឺមិនត្រឹមតែជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់គ្រួសារប៉ុណ្ណោះទេ ថែមទាំងជារតនសម្បត្តិរបស់ប្រទេសជាតិថែមទៀតផង។ កុមារគឺជាទំពាំងស្នងឬស្សី គឺជាធនធនមនុស្សដ៏សំខាន់របស់ជាតិ ហើយដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង។ ឯកឧត្តមបានគូសរំលេចថា «ជាមួយនឹងបេះដូងដែលមានសុខភាពល្អ ក្រុមគ្រូពេទ្យកម្ពុជានិងចិនបានផ្តល់ក្តីសង្ឃឹមនិងអនាគតកាន់តែប្រសើរដល់កុមារី ឌុល ស្រីពេជ្រ»។

លោកស្រី ប៊ុត រ៉ាឌី ដែលជាម្តាយរបស់កុមារី ឌុល ស្រីពេជ្រ រស់នៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានថ្លែងអំណរគុណដល់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ដែលតែងបានយកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាពរបស់កុមារនៅទូទាំងស្រុកបាទី និងតែងកៀរគរជំនួយនានាជួយរួមចំណែកអភិវឌ្ឍស្រុកបាទីដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ជីវភាពរស់នៅកាន់តែប្រសើរឡើងជូនដល់ប្រជាជននៅក្នុងស្រុកបាទី។ ចាប់តាំងពីទទួលបានដំណឹងថាកូនស្រីរបស់លោកស្រីមានជំងឺបេះដូងពីកំណើតតាមរយៈក្រុមគ្រូពេទ្យកម្ពុជា-ចិនចុះទៅពិនិត្យសុខភាពបេះដូងជូនដល់កុមារនៅក្នុងស្រុកបាទីនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានចាត់ក្រុមការងារមកសួរសុខទុក្ខ និងសម្របសម្រួលដើម្បីបញ្ជូនកូនស្រីរបស់លោកស្រីមកវះកាត់និងព្យាបាលដោយរាល់ការចំណាយទាំងស្រុងជាបន្ទុកផ្ទាល់របស់ឯកឧត្តមផ្ទាល់ បន្ថែមពីលើនេះ ឯកឧត្តមបានតាមដានជាប់ជានិច្ចនូវស្ថានភាពទាំងក្នុង ទាំងពេល និងក្រោយពេលវះកាត់។ លោកស្រីបានបន្ថែមថា ជាងពេលណាៗទាំងអស់ដែលប្រជាជនកម្ពុជាទទួលបាននូវសេវាព្យាបាលសុខភាពបានយ៉ាងល្អប្រសើរ គឺនៅក្នុងសករាជតេជោ និងកំពុងបន្តមរតកនាសម័យសម្តេចធិបតីនាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងដោយមានកិច្ចសហការរវាងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ មន្ទីរពេទ្យបេះដូង FUWAI ខេត្តយូណាន បានចុះពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជាចំនួន១៣៨៩រូប រស់នៅសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងចំនួន២១៨៤រូប រស់នៅក្នុងស្រុកបាទី ខេត្តតាកែវ ហើយជាលទ្ធផលមានកុមារ៥រូប ត្រូវរកឃើញថាមានជំងឺបេះដូងពីកំណើត។ ដោយឡែករយៈពេល២ថ្ងៃគឺថ្ងៃទី២៦ និងទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យកម្ពុជា-ចិនបានវះកាត់និងព្យាបាលដោយជោគជ័យជំងឺបេះដូងពីកំណើតដល់កុមារចំនួន៦រូប ដែលក្នុងនោះមានកុមារី ឌុល ស្រីពេជ្រផងដែរ។

ព័ត៌មានស្រដៀងគ្នា

ស្រ្តីនិងកុមារីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅវេទិកាសម្ព័ន្ធសង្គមស៊ីវិល(CSAF)មានរៀបចំជំនួបពិភាក្សាជាមួយមូលនិធិចិនដើម្បីកុមារនិងយុវជន (CCFT) ដោយផ្តោតលើកិច្ចសហការក្នុងការអនុវត្តគម្រោងទាក់ទងនឹងការលើកកម្ពស់យេនឌឺ និងការលើកទឹកចិត្តបង្កើនគុណភាពការសិក្សាដល់កុមារីនិងយុវនារីនៅតំបន់ដាច់ស្រយាល។ក្រោយពីបានស្តាប់នូវបទបង្ហាញពីបេសកកម្មការងាររបស់CSAF លោកស្រី Zhu Dongyun អគ្គលេខាធិការរង CCFTបានជម្រាបជូនឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការCSAFពីការកត់សម្គាល់ដែលលោកស្រី និងក្រុមការងារបានទស្សនកិច្ចកាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នៅក្នុងភូមិតានន និងសាលាបឋមសិក្សាអង្គកំនប់ ស្ថិតនៅក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ ដោយបានរំលេចពីការវាយតម្លៃខ្ពស់និងកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់CSAFដែលបានសម្របសម្រួលឱ្យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ(CFPD)និងបណ្តាដៃគូសង្គមស៊ីវិលនានាបានរួមសហគ្នាអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ការសិក្សា និងពង្រឹងចំណងទាក់ទងមេត្រីភាពរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន។ លោកស្រីក៏បានបង្ហាញនូវឆន្ទៈក្នុងកិច្ចសហការជា មួយ CSAFដើម្បីរួមចំណែកអភិវឌ្ឍគម្រោងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងឃុំដូង ក៏ដូចជាឃុំ-សង្កាត់នានាក្នុងប្រទេសកម្ពុជាលើវិស័យបរិស្ថាន អនាម័យ និងការបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់យុវនារីសម្រាប់ជាជណ្តើរឆ្ពោះទៅចាប់យកអាជីព និងមុខរបរដែលអាចរកប្រាក់ចំណូលកាន់តែខ្ពស់ក្នុងការទ្រទ្រង់ជីវភាពគ្រួសារ។ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការCSAFបានរំលេចពីសមិទ្ធផលនានាដែលបានកើតចេញពីការប្រកៀកស្មាគ្នារវាងសង្គមស៊ីវិលនានាក្នុងប្រទេសកម្ពុជានិងបណ្តាសង្គមស៊ីវិល និងមូលនិធិនានារបស់ប្រទេសចិន ក្រោមកិច្ចសម្របសម្រួលពីCSAF និងបណ្តាញអង្គការក្រៅរដ្ឋាភិបាលចិនដើម្បីទំនាក់ទំនងអន្តរជាតិ (CNIE)។ ពីជ្រុងនៃការអភិវឌ្ឍភូមិតានន ឯកឧត្តមស្នើសុំឱ្យភាគីចិនបន្តបង្កើនគម្រោងនានាដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា ដោយឯកឧត្តមបានពាំនាំនូវប្រសាសន៍របស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលCSAF ដែលតែងបានជម្រាបជូនដល់មិត្តចិនពីការត្រៀមខ្លួនរួចជាស្រេចរបស់CSAFក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធិជាមួយគ្រប់អង្គពាក់ព័ន្ធនានាដែលជាពិសេសជាមួយមិត្តចិនលើយន្តការដែលមានស្រាប់ ដើម្បីចូលរួមជាចំណែកផ្តល់អនាគតកាន់តែប្រសើរបស់ប្រជាជនកម្ពុជា។ភាគីមិត្តចិន​ខិតខំកៀគរសប្បុរសជនដេីម្បីអនុវត្តគម្រោងដែលបានពិភាក្សាគ្នាខាងលេី។

សារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ក្នុងឱកាសចម្រើនជន្មាយុ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

នាឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ របស់ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី សូមមានសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខ មហារប្រសើរ និងសូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។សូម សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា។

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក

ថ្ងៃ១៤ កើត ១៥ កើត និងថ្ងៃ ១រោច ខែកត្តិក​ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤