Close

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ៖ ជាមួយនឹងបេះដូងដែលមានសុខភាពល្អ  បានផ្តល់ក្តីសង្ឃឹមនិងអនាគតកាន់តែប្រសើរដល់កុមារី ឌុល ស្រីពេជ្រ

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤  ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាទីបានអញ្ជើញមកសួរសុខទុក្ខកុមារី ឌុល ស្រីពេជ្រ អាយុ៦ឆ្នាំ ដែលមានជំងឺបេះដូងពីកំណើតត្រូវបានទទួលការវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ។

ឯកឧត្តមប្រធានបានមានប្រសាសន៍ថា សុខភាពល្អរបស់កុមារគឺមិនត្រឹមតែជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់គ្រួសារប៉ុណ្ណោះទេ ថែមទាំងជារតនសម្បត្តិរបស់ប្រទេសជាតិថែមទៀតផង។ កុមារគឺជាទំពាំងស្នងឬស្សី គឺជាធនធនមនុស្សដ៏សំខាន់របស់ជាតិ ហើយដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង។ ឯកឧត្តមបានគូសរំលេចថា «ជាមួយនឹងបេះដូងដែលមានសុខភាពល្អ ក្រុមគ្រូពេទ្យកម្ពុជានិងចិនបានផ្តល់ក្តីសង្ឃឹមនិងអនាគតកាន់តែប្រសើរដល់កុមារី ឌុល ស្រីពេជ្រ»។

លោកស្រី ប៊ុត រ៉ាឌី ដែលជាម្តាយរបស់កុមារី ឌុល ស្រីពេជ្រ រស់នៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានថ្លែងអំណរគុណដល់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ដែលតែងបានយកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាពរបស់កុមារនៅទូទាំងស្រុកបាទី និងតែងកៀរគរជំនួយនានាជួយរួមចំណែកអភិវឌ្ឍស្រុកបាទីដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ជីវភាពរស់នៅកាន់តែប្រសើរឡើងជូនដល់ប្រជាជននៅក្នុងស្រុកបាទី។ ចាប់តាំងពីទទួលបានដំណឹងថាកូនស្រីរបស់លោកស្រីមានជំងឺបេះដូងពីកំណើតតាមរយៈក្រុមគ្រូពេទ្យកម្ពុជា-ចិនចុះទៅពិនិត្យសុខភាពបេះដូងជូនដល់កុមារនៅក្នុងស្រុកបាទីនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានចាត់ក្រុមការងារមកសួរសុខទុក្ខ និងសម្របសម្រួលដើម្បីបញ្ជូនកូនស្រីរបស់លោកស្រីមកវះកាត់និងព្យាបាលដោយរាល់ការចំណាយទាំងស្រុងជាបន្ទុកផ្ទាល់របស់ឯកឧត្តមផ្ទាល់ បន្ថែមពីលើនេះ ឯកឧត្តមបានតាមដានជាប់ជានិច្ចនូវស្ថានភាពទាំងក្នុង ទាំងពេល និងក្រោយពេលវះកាត់។ លោកស្រីបានបន្ថែមថា ជាងពេលណាៗទាំងអស់ដែលប្រជាជនកម្ពុជាទទួលបាននូវសេវាព្យាបាលសុខភាពបានយ៉ាងល្អប្រសើរ គឺនៅក្នុងសករាជតេជោ និងកំពុងបន្តមរតកនាសម័យសម្តេចធិបតីនាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងដោយមានកិច្ចសហការរវាងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ មន្ទីរពេទ្យបេះដូង FUWAI ខេត្តយូណាន បានចុះពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជាចំនួន១៣៨៩រូប រស់នៅសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងចំនួន២១៨៤រូប រស់នៅក្នុងស្រុកបាទី ខេត្តតាកែវ ហើយជាលទ្ធផលមានកុមារ៥រូប ត្រូវរកឃើញថាមានជំងឺបេះដូងពីកំណើត។ ដោយឡែករយៈពេល២ថ្ងៃគឺថ្ងៃទី២៦ និងទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យកម្ពុជា-ចិនបានវះកាត់និងព្យាបាលដោយជោគជ័យជំងឺបេះដូងពីកំណើតដល់កុមារចំនួន៦រូប ដែលក្នុងនោះមានកុមារី ឌុល ស្រីពេជ្រផងដែរ។

ព័ត៌មានស្រដៀងគ្នា

សារលិខិតរបស់ប្រធានាធិបតី ស៊ី ជីនពីង៖ ខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព

សារលិខិតរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន​ បានរំលេចចេញនូវខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្តង់ដារខ្ពស់​ កម្រិតខ្ពស់​ និងគុណភាពខ្ពស់ រួមមានទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសកម្ពុជា-ចិន ការផ្តល់តម្លៃដល់មនោសញ្ចេតនា និងគុណធម៌ រួមសុខរួមទុក្ខ និងជួយយកអាសារគ្នាទៅវិញទៅមក សមភាព និងការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមទាំងបរិយាបន្ន និងការរៀនសូត្រពីគ្នាទៅវិញទៅមក។ អ្វីដែលជាការកត់សម្គាល់ ក្នុងសារលិខិតនេះក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពរបស់គម្រោងភូមិមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដែលជាគម្រោងនៃកិច្ចសហការរួមគ្នារវាង វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និង មូលនិធិចិនដេីម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD)។ដកស្រង់ចេញពីសារព័ត៌មាន Khmer Times: https://shorturl.at/jhURc

សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា  ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់  សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចមហា រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា  ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។