
ប៉េកាំង៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ហើយនៅក្នុងជំនួបជាមួយលោក Wang Ke អគ្គលេខាធិការបណ្តាញអង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសចិនសម្រាប់ការផ្លាស់ប្តូរអន្តរជាតិ (China NGO Network for International Exchanges, CNIE)កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅស្នាក់ការCNIE ក្នុងរដ្ឋធានីប៉េកាំង ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានដឹកនាំគណ:ប្រតិភូកម្ពុជាចំនួន២៥រូបរួមមានមន្ត្រីរាជការអញ្ជើញមកពីទីស្តីការគណ:រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងធម្មការនិងសាសនា ក្រសួងទេសចរណ៍ និង ក្រុមបញ្ញាញាណជាន់ខ្ពស់ និងអង្គការសង្គមស៊ីវិល ទៅបំពេញទស្សនកិច្ចរយៈពេល៩ថ្ងៃគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង ខេត្តហឺណាន និងខេត្តហុកគៀន បានថ្លែងថា ដំណើរទស្សនកិច្ចនេះបានរំលេចអោយឃើញពីទម្រដ៏រឹងមាំដែកថែបរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន ព្រមទាំងបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីលក្ខណ:ពិសេសចំនួន៤គឺ ១-សុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាក្រោមម្លប់សន្តិភាពនៃសករាជតេជោ ២-លំហសេរីភាពពេញបរិបូរណ៍ ៣-កិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូសង្គមស៊ីវិលនានាប្រកបដោយវិជ្ជាជីវ:របស់ប្រទេសចិនដោយមានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD)ប្រចាំកម្ពុជាជាស្ពាន និង៤-សមិទ្ធផលជាច្រើនដែលបានផ្តល់ផលប្រយោជន៍បំពេញបានតម្រូវការជាក់ស្តែងជូនដល់ប្រជាជនកម្ពុជាដែលបានកើតចេញពីគម្រោងសហប្រតិបត្តិការនានារវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ។




ក្នុងនាមCNIE លោក Wang Ke បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវេទិកាសម្ព័ន្ធសង្គមស៊ីវិលដោយមានដៃគូចំនួន១១៤៤សមាគម អង្គការ សហជីព និងសហគមន៍ក្នុងនាមភាពជាដៃគូប្រកបដោយភាពទុកចិត្ត និងគាំទ្រគ្នាទៅវិញទៅមក ព្រមទាំងបម្រើដល់ផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជនកម្ពុជា។ បន្ថែមពីលើនេះ តាងនាមឱ្យCFPD លោក Wang Ke បានជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយឆន្ទៈបម្រើផលប្រយោជន៍ជូនដល់ប្រជាជនកម្ពុជាពីសំណាក់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នោះវេទិកាសម្ព័ន្ធសង្គមស៊ីវិលនឹងបន្តភាពរឹងមាំខ្លាំងក្លាក្នុងនាមជាសេនាធិការជូនដល់ទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីចូលរួមចំណែកបង្កើនសុខដុមនីយកម្មរវាងដៃគូសង្គមស៊ីវិលជាការរួមចំណែកដល់វឌ្ឍនភាពនិងវិបុលភាពសង្គមជាតិស្របនឹងគោលបំណងរួមរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិលនិងCFPD ក្រោមការដឹកនាំវាងវៃដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។




ក្នុងនាមសង្គមស៊ីវិលទាំង១២តំណាងសង្គមស៊ីវិល១១៤៤ដែលជាដៃគូរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានទទួលឱកាសទៅបំពេញទស្សនកិច្ចនៅប្រទេសចិនដឹកនាំសម្របសម្រួលដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោកបណ្ឌិត សាង អ៊ាប អនុប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជាបានថ្លែងដោយក្តីរំភើបរីករាយថា ដំណើរទស្សនកិច្ចនេះមិនត្រឹមជាកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការដោយផ្ទាល់ជាមួយCNIEប៉ុណ្ណោះទេ ថែមទាំងបានទៅពិនិត្យដោយផ្ទាល់នូវរាល់បទពិសោធន៍នានាដែលសង្គមស៊ីវិលរបស់ប្រទេសចិនបាននិងកំពុងអនុវត្តចូលរួមចំណែកដល់កិច្ចអភិវឌ្ឍសង្គម ហើយបន្ថែមពីលើនេះ បណ្តាសង្គមស៊ីវិលរួមជាមួយអង្គពាក់ព័ន្ធនានាក្នុងគណៈប្រតិភូនេះបានបង្ហាញនូវទិសដៅរួមក្នុងការចូលរួមទាក់ទាញវិនិយោគិន ទេសចរ និងសង្គមស៊ីវិលចិនកាន់តែច្រើនចូលមកអនុវត្តគម្រោងនានារបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដើម្បីឆ្លើយតបបានទៅនឹងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ ក្រោមទម្រដែកថែបនៃចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន ថែមទៀតផង។




ព័ត៌មានស្រដៀងគ្នា
សារលិខិតរបស់ប្រធានាធិបតី ស៊ី ជីនពីង៖ ខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព
សារលិខិតរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានរំលេចចេញនូវខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្តង់ដារខ្ពស់ កម្រិតខ្ពស់ និងគុណភាពខ្ពស់ រួមមានទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសកម្ពុជា-ចិន ការផ្តល់តម្លៃដល់មនោសញ្ចេតនា និងគុណធម៌ រួមសុខរួមទុក្ខ និងជួយយកអាសារគ្នាទៅវិញទៅមក សមភាព និងការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមទាំងបរិយាបន្ន និងការរៀនសូត្រពីគ្នាទៅវិញទៅមក។ អ្វីដែលជាការកត់សម្គាល់ ក្នុងសារលិខិតនេះក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពរបស់គម្រោងភូមិមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដែលជាគម្រោងនៃកិច្ចសហការរួមគ្នារវាង វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និង មូលនិធិចិនដេីម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD)។ដកស្រង់ចេញពីសារព័ត៌មាន Khmer Times: https://shorturl.at/jhURc
សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចមហា រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។