


ព័ត៌មានស្រដៀងគ្នា
គម្រោងកាត់បន្ថយភាពក្រីក្របានប្រែក្លាយភូមិដាច់ស្រយោលមួយរបស់ប្រទេសកម្ពុជាទៅជាភូមិទំនើប
ស្រុកបាទី ខេត្តតាកែវ៖ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ (សារព័ត៌មានស៊ិនហួ) - គម្រោងកាត់បន្ថយភាពក្រីក្រដែលបានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២១ ផ្តល់ជំនួយដោយប្រទេសចិន បានប្រែក្លាយភូមិតាននដែលពីមុនឯកោ និងស្ងប់ស្ងាត់នៅតំបន់ដាច់ស្រយាលរបស់ប្រទេសកម្ពុជា ទៅជាភូមិទំនើបមួយ។ភូមិតាននស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ នៅចម្ងាយប្រហែល៦០គីឡូម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញ មានផ្ទៃដីសរុបចំនួន ៧២ហិកតា និងមានផ្ទះជាង១៣០ គ្រួសារ ដែលមានប្រជាជនសរុបជាង៦០០នាក់។ភូមិនេះជាភូមិតូច ដែលពីមុនមិនមានផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី សាលារៀន និងមណ្ឌលសុខភាពឡើយ ប៉ុន្តែភូមិនេះបានផ្លាស់ប្តូរទាំងស្រុង នៅពេលដែលមូលនិធិចិនសម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ (CFPD) របស់ប្រទេសចិន បានផ្តល់មូលនិធិដល់គម្រោងកាត់បន្ថយភាពក្រីក្រនៅភូមិតានន ក្រោមកិច្ចសហការ និងសម្របសម្រួលអនុវត្តគម្រោងដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ប្រចាំប្រទេសកម្ពុជា។លោកស្រី ប៉ោ សុខឃីម អាយុ៥១ឆ្នាំ ជាប្រជាជនរស់នៅភូមិតានន បាននិយាយថា ជីវភាពរបស់គាត់មានភាពល្អប្រសើរឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីគម្រោងនេះត្រូវបានអនុវត្តនៅក្នុងភូមិរបស់គាត់។ មុនពេលចាប់ផ្តើមគម្រោងនេះ គ្រួសាររបស់គាត់ទាំងមូលពឹងផ្អែកលើការធ្វើស្រែតែមួយមុខប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីគម្រោងបានចាប់ផ្តើម គាត់ក៏ចាប់ផ្តើមប្រកបរបរលក់ដូរ ចំណែកប្តីរបស់គាត់បានបើកហាងជួសជុលម៉ូតូនៅមុខផ្ទះ។លោកស្រីបានប្រាប់អ្នកសារព័ត៌មានស៊ីនហួរ កាលពីថ្ងៃអាទិត្យថា “កាលពីមុន ពួកខ្ញុំពិបាកប្រកបរបរលក់ដូរណាស់ ដោយសារមិនមានផ្លូវល្អ ផ្លូវទាំងអស់មិនមានក្រាលកៅស៊ូ និងមានធូលីហុយ ហើយមានមនុស្សតិចណាស់ធ្វើដំណើរទៅមកក្នុងភូមិនេះ”។លោកស្រីដែលជាស្រ្តីមានកូនបួននាក់បានបន្ថែមទៀតថា “ប៉ុន្តែចាប់តាំងពីប្រទេសចិនបានផ្តល់មូលនិធិដល់គម្រោងកាត់បន្ថយភាពក្រីក្រនៅក្នុងភូមិរបស់ខ្ញុំមក ប្រជាជនក្នុងភូមិមានផ្លូវបេតុង ប្រព័ន្ធលូបង្ហូរទឹក ថាមពលពន្លឺព្រះអាទិត្យ ជាពិសេសប្រព័ន្ធទឹកស្អាត សម្រាប់ប្រើប្រាស់”។លោកស្រីបាននិយាយបន្តទៀតថា គម្រោងនេះមិនត្រឹមតែប្រែក្លាយពីភូមិក្រីក្រ និងកខ្វក់ទៅជាភូមិទំនើបមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លាស់ប្តូរជីវភាពរបស់អ្នកភូមិជាច្រើន តាមរយៈការជួយពួកគាត់ឱ្យបង្កើតមុខរបរច្បាស់លាស់ សម្រាប់បង្កើនប្រាក់ចំណូលក្នុងគ្រួសារផងដែរ។អត្ថបទដកស្រង់ពី សារព័ត៌មានស៊ិនហួ (https://shorturl.at/SbJbX)បកប្រែក្រៅផ្លូវការដោយ៖ លោក ឈឹម សេរីពង្ស មន្រ្តីនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)
សារលិខិតរំលែកមរណទុក្ខគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងក្នុងនាមខ្ញុំបាទផ្ទាល់និងភរិយាមានសេចក្តីក្តុកក្តួល និងសោកស្តាយក្រៃលែង ចំពោះដំណឹងមរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាបងប្រុសបង្កើតជាទីគោរពស្រឡាញ់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ និងជាបងថ្លៃ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានទទួលអនិច្ចកម្មកាលពីវេលាម៉ោង ២:២៧នាទីរំលងអធ្រាត្រ ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។មរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់ដ៏ធំធេងនូវបងប្រុសបង្កើត បងថ្លៃ ឳពុក និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ចំពោះ ប្អូនៗ កូនៗ ចៅៗ និងក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូយ៉ាងសកម្ម បំពេញការងារប្រកបដោយឆន្ទៈមនសិការបម្រើឧត្តមប្រយោជន៍ ជាតិមាតុភូមិ និងប្រជាជន និងជាពិសេស ជាការបាត់បង់នូវពុទ្ធសាសនិកមួយរូបដែលធ្លាប់ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ក្នុងព្រះពុទ្ធសាសនា និងមានស្នាដៃច្រើនរាប់មិនអស់ក្នុងការចូលរួមចំណែកកសាងសមិទ្ធផលទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ។ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ ខ្ញុំបាទនិងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូមចូលរួមសម្តែងនូវមរណទុក្ខសង្វេគសោកស្តាយ ក្រៃលែងជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវមនោសញ្ចេតនាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំទាំងអស់គ្នា។