Close

ញត្តិគាំទ្រ​បទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូមប្រកាសគាំទ្រទាំងស្រុងនូវ បទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់​រាជរដ្ឋាភិបាលកម្ពុជា​ ស្តីពីការដាក់​ចេញ​វិធាន​ការ ម៉ឺ​ង​ម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

តាមរយៈបទបញ្ជានេះ ពិតជាបានក្រើនរំលឹកដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់រូប បានយល់អំពីផលប៉ះពាល់ និងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៃគ្រឿងញៀន ដើម្បីចូលរួមបង្ការ ទប់ស្កាត់ បង្រ្កាបគ្រឿងញៀនក្នុងមូលដ្ឋាន និង​សហគមន៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ក្នុងការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ស្របតាមកម្មវិធីនយោបាយដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍មូលធនមនុស្សឱ្យមាន សុខភាពល្អ ប្រកបដោយសក្តានុពលដែលជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍សង្គមជាតិ ឱ្យ​មាន​ការរីកចម្រើន កាន់តែខ្លាំងក្លា មានវិបុលភាព និងចីរភាព។

យើងខ្ញុំសូមគាំទ្រយ៉ាងមោះមុតចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងសូមបន្តគាំទ្រដោយ​ស្មោះស្ម័គ្រ​ចំពោះ​ការដឹកនាំ​ប្រកប​ដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមមាគ៌ារបស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តី ដែលធ្វើឱ្យប្រទេសកម្ពុជាបោះជំហានទៅមុខ ប្រកបដោយទំនុកចិត្ត ជាមួយ​នឹង​សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាបន្តបន្ទាប់លើគ្រប់វិស័យ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ព័ត៌មានស្រដៀងគ្នា

សារលិខិតជូនពរឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦០ឆ្នាំ ឈានចូល ៦១ឆ្នាំ

ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលប្រកបដោយក្ដីសោមនស្សរីករាយនៃការចម្រើនជន្មាយុ ៦០ឆ្នាំ ឈា​ន​ចូ​ល​​​​៦១ឆ្នាំរបស់ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រីប្រចាំការ​ នា​ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ​នឹ​ង​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និ​ង​ក្នុង​នាម​ខ្លួ​ន​ខ្ញុំ​ផ្ទា​​ល់​ និ​ង​ភរិ​យា ខ្ញុំបាទសូមសម្ដែងនូវសេចក្ដីគោរពកោតសរសើរដ៏ស្មោះជូនចំពោះ ឯកឧត្តម​ឧ​ប​នា​យករដ្ឋ​មន្ដ្រី​ប្រ​ចាំ​​​ការ ដែ​ល​​​ជានិច្ចកាលតែងលះបង់អស់ពីកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ក្នុងការដឹកនាំ​ទីស្ដី​ការគណៈ​រដ្ឋមន្ដ្រី​ ទទួល​បាន​ជោគ​ជ័​យ​​​​ថ្មី​ៗ​បន្ថែមទៀត​ ក្រោម​ការ​ដឹកនាំ​ដ៏ត្រឹមត្រូវ​ ឈ្លាស​វៃ ប៉ិនប្រសប់​ ប្រកបដោយគតិ​បណ្ឌិត​របស់ ​សម្ដេច​មហា​បវរធិបតី​ ហ៊ុន ម៉ា​ណែ​ត​​ នាយករដ្ឋមន្ដ្រី​ នៃព្រះរាជាណាចក្រកម្ពុជា​។ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះ​រត​​ន​ត្រ័​យ​កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយ​អភិបាល​ប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រីប្រចាំការ​ និង​លោក​ជំ​ទា​វ​​ ព្រមទាំងក្រុមគ្រួសារ​ សូមមានសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខ មហាប្រសើរ ដើម្បីបន្ដ​ដឹកនាំ​ទីស្តីការគណៈរដ្ឋមន្រ្តី និងរួមចំណែក​អភិ​វឌ្ឍ​​ព្រះ​រា​ជា​ណា​ចក្រកម្ពុជា​ក្នុងបរិយាកាស​នៃសុខសន្ដិភាព​ដ៏រឹង​មាំ​ និងយូរ​អង្វែង​​​តរៀង​ទៅ​ និងសូម​សមប្រកប​ដោយ​ពុទ្ធពរ​ដ៏​ប្រសើរ​ថ្លៃថ្លា​ទាំងបួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ញត្តិថ្កោលទោសរបស់អង្គការសង្គមស៊ីវិលដៃគូសហប្រតិបត្តិការរបស់​ វ.ស.ស. ចំពោះការរៀបចំគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

អង្គការសង្គមស៊ីវិលទាំង៣៣ ដែលជាដៃគូសហប្រតិបត្តិការរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។ យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។ អង្គការសង្គមស៊ីវិលទាំង៣៣ រួមមាន៖

ញត្តិថ្កោលទោសចំពោះការរៀបចំគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូមប្រកាសថ្កោលទោសយ៉ាងដាច់ អហង្កាចំពោះក្រុមជ្រុលនិយម មានចរិតព្យាបាទ និងទុច្ចរិត ដែលបានរៀបចំគម្រោងភេរវកម្មប៉ុនប៉ង​ធ្វើឃាត សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារ តាមរយៈការវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់ សម្តេចតេជោ នាក្រុងតាខ្មៅ ខេត្តកណ្តាល។គម្រោងផែនការដ៏ខ្មៅងងឹតនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងធ្វើឃាតថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីមហិច្ឆតានយោបាយដ៏កខ្វក់ និងហិង្សានិយមនាំឱ្យបែកបាក់សាមគ្គីជាតិ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រទេស​ជាតិ ដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាចាត់វិធានការឱ្យបានម៉ឺងម៉ាត់លើក្រុមទុច្ចរិត និងបក្សពួកដែលពាក់ព័ន្ធនឹងគម្រោងការឧក្រិដ្ឋកម្ម​ខាងលើ ដែលតែង តែគឃ្លើនបំពានច្បាប់ ប្រមាថថ្នាក់ដឹកនាំ ញុះញង់ប្រឆាំងនឹងសន្តិសុខជាតិ ការអភិវឌ្ឍ និង​ភាពសុខសាន្តរបស់ប្រជាជនដែលទទួលបានដោយលំបាក តាមរយៈពលិកម្មដ៏ធំធេងរបស់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន។ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសធ្វើការថ្កោលទោស និង​ប្រឆាំងដាច់ខាតចំពោះទង្វើភេរវកម្មនេះ ហើយសូមរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីការពារសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍតាមមាគ៌ានយោបាយប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍ឆ្នើម និងជាបិតាសន្តិភាពរបស់កម្ពុជា។