Close

កង់៩៧០គ្រឿង ដែលជាអំណោយតាមរយៈ វ.ស​.ស​. ផ្តល់ភាពរីករាយជូនដល់សិស្សានុសិស្សនៅក្នុងខេត្តតាកែវ

តាកែវ៖ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាក្រពុំឈូក ស្ថិតនៅក្នុងភូមិក្រពុំឈូក  ឃុំក្រពុំឈូក  ស្រុកកោះអណ្តែត ខេត្តតាកែវ មានរៀបចំកម្មវិធីប្រគល់-ទទួលកង់ចំនួន៩៧០គ្រឿងដែលជាជំនួយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

ថ្លែងទៅកាន់អង្គពិធីចំនួន៣០០នាក់ រួមមានថ្នាក់ដឹកនាំវេទិកាសម្ព័ន្ធសង្គមស៊ីវិល រដ្ឋបាលខេត្តតាកែវ រដ្ឋបាលស្រុកកោះអណ្តែត រដ្ឋបាលឃុំក្រពុំឈូក លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស និងគណៈគ្រប់គ្រងសាលាបឋមសិក្សាចំនួន៥សាលា មកពីស្រុកកោះអណ្តែត និង១១សាលា មកពីស្រុកបូរីជលសារ ក្នុងនាមដៃគូសហការរបស់ខ្លួនរួមមានមូលនិធិCOSCO SHIPPING CHARITY FOUNDATION និងក្រុមហ៊ុន Hello Inc. របស់ប្រទេសចិន    លោក Kevin Wang តំណាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ បានសាទរនឹងសមិទ្ធផលបន្ថែមទៀតដែលសិស្សានុសិស្សនៅក្នុងខេត្តតាកែវទទួលបានអំណោយនាថ្ងៃនេះតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន និងអង្គពាក់ព័ន្ធនានាដែលបានគាំទ្រនិងលើកទឹកចិត្តដល់ភាគីចិនក្នុងការចូលរួមចំណែកផ្តល់កម្លាំងចិត្តដល់ការសិក្សា និងដោះស្រាយបាននូវតម្រូវការជាមូលដ្ឋានដោយផ្តល់អំណោយកង់ជូនដល់សិស្សានុសិស្ស។

លោកស្រី គា សុភូ អភិបាលរងខេត្តតាកែវបានលើកទឹកចិត្តដល់សង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ កម្ពុជា និងចិន ដែលបានរួមកម្លាំងគ្នាជាធ្លុងមួយចូលរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋានក្នុងកិច្ចលើកតម្កើងជីវភាពគ្រួសារ និងផ្តល់កម្លាំងចិត្តដល់ការសិក្សារបស់សិស្សានុសិស្សនៅក្នុងខេត្តតាកែវនេះ។ លោកស្រីក៏បានថ្លែងនូវការសាទរចំពោះសិស្សប្រឡងបញ្ចប់ទុតិយភូមិចំនួន២រូបសិក្សានៅក្នុងស្រុកកោះអណ្តែតដែលទទួលបានលទ្ធផលនិទ្ទេសAផងដែរ។

ក្នុងនាមវេទិកាសម្ព័ន្ធសង្គមស៊ីវិល ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល បានគាំទ្រទាំងស្រុងដល់បេសកកម្មការងារ និងបន្តលើកទឹកចិត្តដល់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទក្នុងការកៀងគរជំនួយនានាដើម្បីបំពេញបាននូវសេចក្តីត្រូវការរបស់សិស្សានុសិស្ស។ ឯកឧត្តមបានរំលេចពីសមិទ្ធផលជាច្រើនដែលបានប្រសូតចេញពីទំនាក់ទំនងដ៏ជិតស្និទ្ធតាំងពី ឆ្នាំ២០១៨ មក រវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទដែលរួមមាន ការផ្តល់សម្ភារៈសិក្សាជាង១០ម៉ឺនសម្រាប់ និងផ្តល់កង់៣០២៤គ្រឿង​ ដល់សិស្សានុសិស្សកម្ពុជា។ ទាក់ទងនឹងការសិក្សា ឯកឧត្តមបានគូសបញ្ជាក់ថា ក្រោមម្លប់សុខសន្តិភាពដែលកម្ពុជាទទួលបានតាមរយៈសម្តេចតេជោជាស្ថាបនិក និងសង្គមជាតិដែលប្រជាជនកម្ពុជាកំពុងរស់នៅក្នុងចរន្តនៃការអភិវឌ្ឍក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបសិស្សានុសិស្សទាំងអស់បានទទួលនូវការសិក្សាប្រកបដោយគុណភាព ហើយឯកឧត្តមបានលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំសិក្សាដោយយកគំរូតាមសិស្សចំនួន ២រូប ដែលទទួលបាននិទ្ទេសA។

ឯកឧត្តមក៏បានគូសបញ្ជាក់បន្ថែមថា អំណោយកង់ជូនដល់សិស្សានុសិស្សចំនួន៩៧០នាក់នាថ្ងៃនេះក៏ជាការចូលរួមចំណែកផងដែររបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងគោលនយោ បាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្នុងការអភិវឌ្ឍមូលធនមនុស្ស។

ព័ត៌មានស្រដៀងគ្នា

សារលិខិតរបស់ប្រធានាធិបតី ស៊ី ជីនពីង៖ ខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព

សារលិខិតរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន​ បានរំលេចចេញនូវខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្តង់ដារខ្ពស់​ កម្រិតខ្ពស់​ និងគុណភាពខ្ពស់ រួមមានទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសកម្ពុជា-ចិន ការផ្តល់តម្លៃដល់មនោសញ្ចេតនា និងគុណធម៌ រួមសុខរួមទុក្ខ និងជួយយកអាសារគ្នាទៅវិញទៅមក សមភាព និងការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមទាំងបរិយាបន្ន និងការរៀនសូត្រពីគ្នាទៅវិញទៅមក។ អ្វីដែលជាការកត់សម្គាល់ ក្នុងសារលិខិតនេះក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពរបស់គម្រោងភូមិមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដែលជាគម្រោងនៃកិច្ចសហការរួមគ្នារវាង វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និង មូលនិធិចិនដេីម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD)។ដកស្រង់ចេញពីសារព័ត៌មាន Khmer Times: https://shorturl.at/jhURc

សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា  ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់  សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចមហា រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា  ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។