
កំពង់ធំ៖ ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាបឋមសិក្សាបល្ល័ង្ក ស្ថិតនៅក្នុងភូមិបល្ល័ង្កខាងលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានរៀបចំកម្មវិធីពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជាដែលមានអាយុក្រោម១៥ឆ្នាំ។ ថ្លែងទៅកាន់អាជ្ញាធរសង្កាត់ដំរីជាន់ខ្លា គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសរុប៨៥០នាក់ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដំរីជាន់ខ្លា បានថ្លែងថាក្រោមម្លប់សុខសន្តិភាពពេញបូរិបូរណ៍ វិបុលភាព និងលំហសេរីភាពយ៉ាងពេញលេញនៅកម្ពុជានាសករាជតេជោ បានផ្តល់ឱកាសយ៉ាងល្អប្រសើរដល់ប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសកុមារកម្ពុជាទទួលបាននូវការថែទាំនិងយកចិត្តទុកដាក់ខ្ពស់ពីគ្រប់អង្គពាក់ព័ន្ធនានា ហើយថ្ងៃនេះជាសក្ខីភាពបញ្ជាក់មួយទៀតសម្រាប់កុមាររស់នៅសង្កាត់ដំរីជាន់ខ្លាដែលទទួលបាននូវការពិនិត្យសុខភាពដោយឥតគិតថ្លៃ ហើយក៏នឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃក្នុងករណីរកឃើញថាកុមារនោះមានជំងឺបេះដូងពីកំណើត។


ឯកឧត្តមបានវាយតម្លៃខ្ពស់និងថ្លែងអំណរគុណដល់មន្ទីរពេទ្យបេះដូងFUWAI ខេត្តយូណាន ដែលបានសហការជាមួយមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈក្នុងការរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជានិងចិនរួមគ្នាពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជាអាយុក្រោម១៥ឆ្នាំរស់នៅក្នុងសង្កាត់ដំរីជាន់ខ្លាដោយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំដ៏វាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការតាមដាននិងថែទាំសុខភាពជុនដល់កុមារកម្ពុជា។


ឯកឧត្តមប្រធានក្រុមការងារក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ចិន តាមរយៈលោកវេជ្ជបណ្ឌិត Duo Lin ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់មន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន ដែលក្នុងរយៈពេល៧ឆ្នាំមកនេះ បានជួយពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជាប្រមាណជិត១០ម៉ឺននាក់ និងបានរកឃើញកុមារចំនួន១០៣នាក់ ដែលមានជំងឺបេះដូងពីកំណើតហើយត្រូវបានក្រុមគ្រូពេទ្យចិនជួយព្យាបាលដោយឥតគិតថ្លៃ និងជាសះស្បើយទទួលបានសុខភាពល្អជាប្រក្រតីឡើងវិញ។


លោក ហេង សុចិន្តា ចៅសង្កាត់ដំរីជាន់ខ្លាបានរំលេចពីសកម្មភាពជាច្រើនរបស់ក្រុមការងារដែលមានឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ជាប្រធានក្នុងការរួមចំណែកយ៉ាងសកម្មជួយសម្រាលទុក្ខលំបាកនានាជូនដល់ប្រជាជននៅទូទាំងសង្កាត់ ព្រមទាំងបានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅជូនដល់ប្រជាជនសង្កាត់ដំរីជាន់ខ្លាតាមរយៈការអនុវត្តសកម្មភាពនានាជាច្រើនដែលថ្ងៃនេះជាសមិទ្ធផលថ្មីបន្ថែមទៀតលើសកម្មភាពកន្លងមករបស់ក្រុមការងារចុះមូលដ្ឋានសង្កាត់ដំរីជាន់ខ្លានេះ។


គួរបញ្ជាក់ផងដែរថានៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ មានកុមារសរុបចំនួន១២៩១នាក់ មកពីសាលាចំនួន៤ រួមមានៈ ១- វិទ្យាល័យបល្ល័ង្កចំនួន៣២០នាក់ ២-បឋមសិក្សាបល្ល័ង្ក ចំនួន៦៤៨នាក់ ៣-អនុវិទ្យាល័យដំរីជាន់ខ្លាចំនួន១៥៨នាក់ និងសាលាបឋម សិក្សាពោធិបាក់កចំនួន១៦៥នាក់ ទទួលបានការពិនិត្យសុខភាពបេះដូង ហេីយក្នុងចំណោមនោះរកឃើញកុមារមានជំងឺបេះដូងពីកំណេីតចំនួន៣នាក់ ត្រៀមរៀបចំនីតិវិធីយកមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ។


ព័ត៌មានស្រដៀងគ្នា
សារលិខិតរបស់ប្រធានាធិបតី ស៊ី ជីនពីង៖ ខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព
សារលិខិតរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានរំលេចចេញនូវខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្តង់ដារខ្ពស់ កម្រិតខ្ពស់ និងគុណភាពខ្ពស់ រួមមានទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសកម្ពុជា-ចិន ការផ្តល់តម្លៃដល់មនោសញ្ចេតនា និងគុណធម៌ រួមសុខរួមទុក្ខ និងជួយយកអាសារគ្នាទៅវិញទៅមក សមភាព និងការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមទាំងបរិយាបន្ន និងការរៀនសូត្រពីគ្នាទៅវិញទៅមក។ អ្វីដែលជាការកត់សម្គាល់ ក្នុងសារលិខិតនេះក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពរបស់គម្រោងភូមិមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដែលជាគម្រោងនៃកិច្ចសហការរួមគ្នារវាង វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និង មូលនិធិចិនដេីម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD)។ដកស្រង់ចេញពីសារព័ត៌មាន Khmer Times: https://shorturl.at/jhURc
សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចមហា រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។