ខេត្តសៀមរាប៖ រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាស្វាយធំ ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានរៀបចំកម្មវិធីដាក់ឱ្យដំណើរការឡើងវិញសាលប្រជុំ និងបណ្ណាល័យ កម្ពុជា-ចិន មិត្តភក្តីលើផ្លូវសូត្រ ដែលជាអំណោយរបស់មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។
ថ្លែងទៅកាន់ឯកឧត្តម កាវ អ៊ីនឡុង អនុប្រធានសភាប្រឹក្សានយោបាយប្រទេសចិន និងឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថា តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី សាលាបឋមសិក្សាស្វាយធំដែលទទួលបានសមិទ្ធផលថ្មីបន្ថែមទៀតគឺ សាលប្រជុំ បណ្ណាល័យ សួនកំសាន្ត ទីធ្លាវាយប៉េងប៉ុង វាយសី និងបាល់បោះ បន្ថែមពីលើអគារសិក្សាកម្ពស់១ជាន់ ដែលមានបន្ទប់សិក្សាចំនួន៥បន្ទប់ ដែលបានសាងសង់កាលពីឆ្នាំ២០១៦។ សាលាបឋមសិក្សាស្វាយធំបានដំណើរការតាំងពីឆ្នាំ១៩៧៩មក ហើយនៅឆ្នាំសិក្សា២០២៣-២០២៤ ថ្នាក់រៀនបឋមសិក្សាមានចំនួន ៣៤ថ្នាក់ និងមត្តេយ្យសិក្សាមាន ១៦ថ្នាក់ ដោយសិស្ស មត្តេយ្យមានចំនួន ៤៣៩នាក់ក្នុងនោះកុមារីមានចំនួន ២១៤នាក់។ ដោយឡែក សិស្សសរុបកម្រិតបឋមសិក្សាមានចំនួន ១៤៥០នាក់ ក្នុងនោះសិស្សស្រីមានចំនួន ៦៨៦នាក់ ហើយគណៈគ្រប់គ្រងសាលានិងគ្រូបង្រៀនសរុបមានចំនួន៥៧នាក់ក្នុងនោះមាន អ្នកគ្រូចំនួន៥១នាក់។ លោកអភិបាលរងក៏បានថ្លែងនូវការកោតសរសើរចំពោះឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលតែងកៀរគរបណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិន រួមមានមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ មូលនិធិ Peace Land មន្ទីរពេទ្យបេះដូង Fuwai អង្គការ YUNDI របស់ខេត្តយូណាន ដើម្បីចូលរួមបំពេញបាននូវតម្រូវការជាក់ស្តែងជូនដល់ប្រជាជន និងសិស្សានុសិស្សនៅក្នុងខេត្តសៀមរាប។
លោក Xu Jianguo អគ្គលេខាធិការមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍបានមានប្រសាសន៍ថា ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ទើបមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍបានអនុវត្តគម្រោងផ្លូវសូត្រជាង ១០គម្រោង ដោយជោគជ័យនៅក្នុងប្រទេសកម្ពុជា ដោយរួមមាន គម្រោងភូមិគំរូមិត្តភាពកម្ពុជា-ចិនដើម្បីកាត់បន្ថយភាពក្រីក្រ គម្រោងទឹកស្អាត និងគម្រោងអគារសិក្សា”មិត្តភក្តិលើផ្លូវសូត្រ” រួមជាមួយគម្រោងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលប្រើប្រាស់ថវិកាសរុបជាង ៤០លានយាន់ចិន ដោយបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង ១០ម៉ឺននាក់ ហើយបានរួមចំណែកយ៉ាងសកម្មដល់ការលើកកម្ពស់ “ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន” នៃប្រទេសយើងទាំងពីរ កម្ពុជា និងចិន។
ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោក ជា មុនីឫទ្ធិ ប្រធាននាយកដ្ឋានផែនការ និងគម្រោងបានរំលេចថា ក្នុងឆន្ទៈដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជននៅមូលដ្ឋាន ក៏ដូចជារួមកម្លាំងជាមួយបណ្តាអង្គការសង្គមស៊ីវិល សហជីពនានាក្នុងប្រទេសកម្ពុជា និងក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំប្រកបដោយភាពឈ្លាសវៃនិងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតឱ្យមានសុខដុមនីយកម្មក្នុងវិស័យសង្គមស៊ីវិល វេទិកាសម្ព័ន្ធសង្គមស៊ីវិលបានត្រៀមខ្លួនរួចជាស្រេចក្នុងការកៀរគរអង្គការសង្គមស៊ីវិលនានា ដើម្បីចូលរួមចំណែកជាដៃគូសហការជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាប័ន្ន៕
ព័ត៌មានស្រដៀងគ្នា
ស្រ្តីនិងកុមារីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅវេទិកាសម្ព័ន្ធសង្គមស៊ីវិល(CSAF)មានរៀបចំជំនួបពិភាក្សាជាមួយមូលនិធិចិនដើម្បីកុមារនិងយុវជន (CCFT) ដោយផ្តោតលើកិច្ចសហការក្នុងការអនុវត្តគម្រោងទាក់ទងនឹងការលើកកម្ពស់យេនឌឺ និងការលើកទឹកចិត្តបង្កើនគុណភាពការសិក្សាដល់កុមារីនិងយុវនារីនៅតំបន់ដាច់ស្រយាល។ក្រោយពីបានស្តាប់នូវបទបង្ហាញពីបេសកកម្មការងាររបស់CSAF លោកស្រី Zhu Dongyun អគ្គលេខាធិការរង CCFTបានជម្រាបជូនឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការCSAFពីការកត់សម្គាល់ដែលលោកស្រី និងក្រុមការងារបានទស្សនកិច្ចកាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នៅក្នុងភូមិតានន និងសាលាបឋមសិក្សាអង្គកំនប់ ស្ថិតនៅក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ ដោយបានរំលេចពីការវាយតម្លៃខ្ពស់និងកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់CSAFដែលបានសម្របសម្រួលឱ្យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ(CFPD)និងបណ្តាដៃគូសង្គមស៊ីវិលនានាបានរួមសហគ្នាអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ការសិក្សា និងពង្រឹងចំណងទាក់ទងមេត្រីភាពរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន។ លោកស្រីក៏បានបង្ហាញនូវឆន្ទៈក្នុងកិច្ចសហការជា មួយ CSAFដើម្បីរួមចំណែកអភិវឌ្ឍគម្រោងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងឃុំដូង ក៏ដូចជាឃុំ-សង្កាត់នានាក្នុងប្រទេសកម្ពុជាលើវិស័យបរិស្ថាន អនាម័យ និងការបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់យុវនារីសម្រាប់ជាជណ្តើរឆ្ពោះទៅចាប់យកអាជីព និងមុខរបរដែលអាចរកប្រាក់ចំណូលកាន់តែខ្ពស់ក្នុងការទ្រទ្រង់ជីវភាពគ្រួសារ។ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការCSAFបានរំលេចពីសមិទ្ធផលនានាដែលបានកើតចេញពីការប្រកៀកស្មាគ្នារវាងសង្គមស៊ីវិលនានាក្នុងប្រទេសកម្ពុជានិងបណ្តាសង្គមស៊ីវិល និងមូលនិធិនានារបស់ប្រទេសចិន ក្រោមកិច្ចសម្របសម្រួលពីCSAF និងបណ្តាញអង្គការក្រៅរដ្ឋាភិបាលចិនដើម្បីទំនាក់ទំនងអន្តរជាតិ (CNIE)។ ពីជ្រុងនៃការអភិវឌ្ឍភូមិតានន ឯកឧត្តមស្នើសុំឱ្យភាគីចិនបន្តបង្កើនគម្រោងនានាដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា ដោយឯកឧត្តមបានពាំនាំនូវប្រសាសន៍របស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលCSAF ដែលតែងបានជម្រាបជូនដល់មិត្តចិនពីការត្រៀមខ្លួនរួចជាស្រេចរបស់CSAFក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធិជាមួយគ្រប់អង្គពាក់ព័ន្ធនានាដែលជាពិសេសជាមួយមិត្តចិនលើយន្តការដែលមានស្រាប់ ដើម្បីចូលរួមជាចំណែកផ្តល់អនាគតកាន់តែប្រសើរបស់ប្រជាជនកម្ពុជា។ភាគីមិត្តចិនខិតខំកៀគរសប្បុរសជនដេីម្បីអនុវត្តគម្រោងដែលបានពិភាក្សាគ្នាខាងលេី។
សារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ក្នុងឱកាសចម្រើនជន្មាយុ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ
នាឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ របស់ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី សូមមានសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខ មហារប្រសើរ និងសូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។សូម សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា។
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
ថ្ងៃ១៤ កើត ១៥ កើត និងថ្ងៃ ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤