Close

ដំណើរទស្សនកិច្ចប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស. នៅប្រទេសចិនក្រោមក្របខ័ណ្ឌSIRONET

ក្រុងសៀងហៃ ប្រទេសចិន៖ ក្រោមកិច្ចសម្របសម្រួលពីCNIE នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤  លោកស្រី Wang Lei ប្រធានCNIE ប្រចាំក្រុងសៀងហៃ បានអមដំណើរឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានទស្សនកិច្ចនៅសារមន្ទីរពិព័រណ៍ផែនការទីក្រុងសៀងហៃ ដើម្បីឈ្វេងយល់ពីផែនការរយៈពេលវែងសម្រាប់នគរូប នីយកម្មក្នុងក្រុងសៀងហៃដោយធ្វើឱ្យមានសុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិក្នុងទម្រង់ទំនើបកម្មឌីជីថលនៃសំណង់អគារ។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឆ្លើយតបនឹងភាពជាដៃគូរវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស.   លោកស្រី Wang Lei បានជម្រាប និងរាយការណ៍ជូន ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាលពីស្ថានភាពជាក់ស្តែងនៃសង្គមស៊ីវិលរបស់ចិននៅក្នុងក្រុងសៀងហៃក្រោមឆ័ត្ររបស់CNIEដែលបាននិងកំពុងរួមចំណែកយ៉ាងសកម្មនៅនាមជាដៃគូយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលក្រុងសៀង ហៃ និងមានលក្ខណៈបុរេសកម្មក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាសង្គមស៊ីវិលបរទេសនានា ហើយលោកស្រីបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួល និងធ្វើជាស្ពានរវាងដៃគូសង្គមស៊ីវិលរបស់ចិនក្នុងក្រុងសៀងហៃ ជាមួយនិងសង្គមស៊ីវិលនានារបស់កម្ពុជានៅក្រោមឆ័ត្ររបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល។

ប្រទេសចិន៖ ល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤    លោក Shi Huifang លេខាបក្សកុម្មុយនិស្តចិនប្រចាំក្រុង​Shaoxingបានទទួលស្វាគមន៍គណៈប្រតិភូសង្គមស៊ីវិលSIRONETចំនួន១៣ប្រទេស ក្រោមការដឹកនាំពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

ក្នុងឱកាសនោះ លោក Shi Huifang ក៏បានជម្រាបជូនគណៈប្រតិភូSIRONETពីប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំនៃព្រីកជីកក្នុងក្រុងShaoxing ដែលអាចផ្តល់ជាបទពិសោធន៍ដល់គណៈប្រតិភូSIRONET ឈ្វេងយល់និងដកបទពិសោធន៍ពីជំនាញនិងការគ្រប់គ្រងព្រែកជីកសម្រាប់ផ្តល់ជាសក្តានុពលបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ច-សង្គមកិច្ច និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនតាំងពីបុរាណកាលរហូតមកដល់ពេលបច្ចុប្បន្ន និងបន្តទៅអនាគត។

ក្នុងនាមជាប្រធានគណៈប្រតិភូសង្គមស៊ីវិលតាមផ្លូវសូត្រ(SIRONET) ដែលមានសមាសភាពចំនួន១៣ប្រទេស (១-កម្ពុជា ២-ថៃ ៣-មីយ៉ាន់ម៉ា ៤-ឥណ្ឌូនេស៊ី ៥-នេប៉ាល់ ៦-ប៉ាគីស្ថាន ៧-ស្រីលង្កា ៨-អេហ្សីប ៩-អេស្ប៉ាញ ១០-ម៉ាឌីល ១១-ម៉ិចស៊ិក ១២-ស៊ែប៊ី និង១៣-បង់ក្លាដេស) ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)  អញ្ជើញជាវាគ្មិនកិត្តិយសក្នុងសន្និសីទស្តីពី«អរិយធម៌ព្រែកជីក» នៅក្រុងShaoxing ខេត្តជឺជាំង ប្រទេសចិន នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ជាមួយភាគីចិនដឹកនាំដោយលោក Wang Ke អគ្គលេខាធិការរងនៃបណ្តាញអង្គការក្រៅរដ្ឋាភិបាលសម្រាប់ការផ្លាស់ប្តូរអន្តរជាតិ(CNIE)។

ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅក្រុងShaoxing ខេត្តZhejiang ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សា ភិបាល វ.ស.ស. និងជាតំណាងគណៈប្រតិភូសង្គមស៊ីវិល១៣ប្រទេស បានថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកបាឋកថាស្តីពី «អរិយធម៌ព្រែកជីក និងការផ្លាស់ប្តូរអន្តរជាតិ»ដែលរៀបចំឡើងដោយCNIE។ វាគ្មិនកិត្តិយស ភាគីចិនរួមមាន៖ ១-ឯកឧត្តម AI PING អនុប្រធានCNIE និងជាអតីតអនុរដ្ឋមន្ត្រី IDCPC និង២-លោក Shan Jixiang ប្រធានគណៈកម្មាធិការអ្នកឯកទេសនៃសង្គមវប្បធម៌ចិន រួមជាមួយវាគ្មិនជាច្រើនរូបនៃបណ្តាប្រទេសដែលមានបទពិសោធន៍ខាងព្រែកជីក។ បាឋកថានេះផ្តោតលើផលប្រយោជន៍ពីព្រែកជីកដែលមានគុណតម្លៃលើសពីសេដ្ឋកិច្ច ដោយចូលរួមរំលេចពីវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនផងដែរ។

រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤   ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស.និងជាតំណាង     គណៈប្រតិភូសង្គមស៊ីវិល ១៣ប្រទេសបានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Wang Jian លេខាធិការ បក្សកុម្មុយនិស្តចិនប្រចាំក្រុងYiwu ខេត្តZhejiang។ ឯកឧត្តមប្រធានបានស្នើដល់ភាគីចិនពិចារណាពីការចង សម្ព័ន្ធមេត្រីភាពជាមួយក្រុង-ស្រុកនានារបស់ប្រទេសកម្ពុជាបន្ថែមពីលើកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិល។ លោក Wang Jian ក៏បានជម្រាបជូនឯកឧត្តមប្រធានពីសក្តានុពលរបស់ក្រុងពាណិជ្ជកម្មនៃផ្សារបោះដុំធំបំផុតរបស់ប្រទេសចិន និងភស្តុភារកម្មដ៏ធំបំផុតពីប្រទេសចិនទៅកាន់អឺរ៉ុបតាមរយៈផ្លូវដែក និងផ្លូវសមុទ្រ។ បន្ថែមពីលើនេះ លោក Wang Jian ក៏បានរំលេចពីផលិតផលកសិកម្មរបស់កម្ពុជាបានចូលដល់ផ្ទះបាយរបស់ប្រជាជនចិនតាមរយៈក្រុងYiwuនេះផងដែរ។

ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤    ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស. និងជាតំណាង
គណៈប្រតិភូសង្គមស៊ីវិល១៣ប្រទេស បានបំពេញទស្សនកិច្ចនៅសហគមន៍Jin Cheng ស្ថិតនៅក្នុងក្រុងYiwu ខេត្តZhejiang ដើម្បីឈ្វេងយល់ពីសេវាកម្មជូនដល់ជនបរទេសដែលកំពុងស្នាក់នៅក្នុងក្រុងពាណិជ្ជកម្ម។ សហគមន៍នេះមានគោលបំណងសម្រួលទិដ្ឋាការស្នាក់នៅបន្ត បង្រៀនភាសានិងវប្បធម៌ចិន ព្រមទាំងជាកន្លែងប្រជុំសន្និសីទ និងវេទិកានានា ដោយរាប់បញ្ចូលនូវបណ្ណាល័យនិងបណ្ណាល័យអេឡិចត្រូនិកថែមទៀតផង។

ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤  នៅរដ្ឋធានីប៉េកាំង ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងជាតំណាងគណៈ ប្រតិភូសង្គមស៊ីវិល១៣ប្រទេស បានស្តាប់នូវបទបង្ហាញរបស់លោកស្រី Liu Ye អនុប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនៃគណៈកម្មការកែទម្រង់និងអភិវឌ្ឍជាតិស្តីពី«ការកសាងកិច្ចសហប្រតិ​បត្តិ​​ការខ្សែក្រវាត់និងផ្លូវក្រោមក្របខ័ណ្ឌសង្គមស៊ីវិល»​ និងបានពិភាក្សាយ៉ាងផុលផុសពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងសង្គមស៊ីវិលរវាងប្រទេសកម្ពុជា និងចិន។

រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤  នៅរដ្ឋធានីប៉េកាំង ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងជាតំណាងគណៈប្រតិភូសង្គមស៊ីវិល១៣ប្រទេស បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Li Jun អនុប្រធានCNIE។ ភាគីទាំងពីរបន្តប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិឱ្យកាន់តែរឹងមាំបន្ថែមលើយន្តការដែលមានស្រាប់ក្នុងក្របខណ្ឌSIRONET។

ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង    ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល   វ.ស.ស. និងជាតំណាងគណៈប្រតិភូសង្គមស៊ីវិល១៣ប្រទេស បាន ពិភាក្សានិងស្វែងរកកិច្ចសហប្រតិបត្តិការរវាង បណ្តាសង្គមស៊ីវិលនៃបណ្តាប្រទេសក្របខណ្ឌSIRONET  និងបណ្តាសង្គមស៊ីវិលរបស់ប្រទេសចិនក្រោមឆ័ត្រCNIE។  ឯកឧត្តមប្រធានបានថ្លែងសុន្ទរកថាគន្លឹះនិងផ្តល់អនុសាសន៍ជូនCNIEចំពោះដំណើរទស្សនកិច្ចប្រកបដោយសាមគ្គីភាព និងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីលេីយន្តការដែលមានស្រាប់។

ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង    ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស. និងជាតំណាងគណៈប្រតិភូសង្គមស៊ីវិល១៣ប្រទេស ទស្សនកិច្ចប្រព័ន្ធព្រែកជីកនានា និងប្រព័ន្ធរំដោះទឹកជំនន់ក្នុងរដ្ឋធានីប៉េកាំងដែលមានប្រវត្តិជាង១ពាន់ឆ្នាំកន្លងមក។ ក្រោមកិច្ចសម្របសម្រួលពីគម្រោង Canal Work  គណ:ប្រតិភូSIRONET បានឈ្វេងយល់យ៉ាងស៊ីជម្រៅ ពីគម្រោងព្រែកជីកនាបុរាណសម័យរបស់ប្រទេសចិន។

ព័ត៌មានស្រដៀងគ្នា

សារលិខិតរបស់ប្រធានាធិបតី ស៊ី ជីនពីង៖ ខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព

សារលិខិតរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន​ បានរំលេចចេញនូវខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្តង់ដារខ្ពស់​ កម្រិតខ្ពស់​ និងគុណភាពខ្ពស់ រួមមានទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសកម្ពុជា-ចិន ការផ្តល់តម្លៃដល់មនោសញ្ចេតនា និងគុណធម៌ រួមសុខរួមទុក្ខ និងជួយយកអាសារគ្នាទៅវិញទៅមក សមភាព និងការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមទាំងបរិយាបន្ន និងការរៀនសូត្រពីគ្នាទៅវិញទៅមក។ អ្វីដែលជាការកត់សម្គាល់ ក្នុងសារលិខិតនេះក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពរបស់គម្រោងភូមិមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដែលជាគម្រោងនៃកិច្ចសហការរួមគ្នារវាង វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និង មូលនិធិចិនដេីម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD)។ដកស្រង់ចេញពីសារព័ត៌មាន Khmer Times: https://shorturl.at/jhURc

សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា  ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់  សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចមហា រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា  ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។