ការបើកឯកសារដេញថ្លៃជាសាធារណៈ សម្រាប់កញ្ចប់លទ្ធកម្មលេខ CSAF-CW01
រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយស្របតាមនីតិវិធីលទ្ធកម្ម គណៈកម្មការត្រួតពិនិត្យឯកសារដេញថ្លៃ និងគណៈកម្មការវាយតម្លៃការដេញថ្លៃ របស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩ (CBTCR) បានរៀបចំកិច្ចប្រជុំបើកឯកសារដេញថ្លៃជាសាធារណៈ ក្រោមការដឹកនាំដោយ ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងជាអ្នកគ្រប់គ្រងគម្រោង CBTCR តំណាងឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជានាយកគម្រោង CBTCR ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនដែលចូលរួមដេញថ្លៃ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារពាក់ព័ន្ធ។ការបើកឯកសារដេញថ្លៃជាសាធារណៈពេលនេះ គឺធ្វើឡើងសម្រាប់កញ្ចប់លទ្ធកម្មលេខ CSAF-CW01៖ ការសាងសង់មជ្ឈមណ្ឌលទេសចរណ៍នៅសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ នៅខេត្តព្រះវិហារ។ កញ្ចប់លទ្ធកម្មនេះអនុវត្តតាមវិធីសាស្រ្តដេញថ្លៃប្រកួតប្រជែងក្នុងស្រុក និងមានក្រុមហ៊ុនចូលរួមចំនួន ៨ បានចូលរួមដាក់ឯកសារដេញថ្លៃ ហើយការបើកឯកសារដាក់ដេញថ្លៃមានដំណើរការដោយរលូនតាមនីតិវិធីដោយមិនមានភាគីណាមួយធ្វើការតរ៉ានោះទេ៕
កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងដំណើរចុះពិនិត្យទីតាំងសម្រាប់សាងសង់ ជួសជុលកែលម្អរអគារសហគមន៍
តាកែវ៖ រសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ អង្គភាពអនុវត្តគម្រោងរដ្ឋបាលស្រុកអង្គរបូរី នៃគម្រោងស្តារវិស័យទេសចរណ៍សហគមន៍ បន្ទាប់ពីវិបត្តិកូវីដ១៩ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងផលប៉ះពាល់សង្គមនិងបរិស្ថាន នៃការសាងសង់សំណង់អគារសហគមន៍(CW02) ស្រុកអង្គរបូរី និងចុះពិនិត្យទីតាំងសម្រាប់សាងសង់ ជួសជុលកែលម្អរអគារសហគមន៍។កិច្ចប្រជុំនេះស្ថិតក្រោមការសម្របសម្រួលដឹកនាំដោយ ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការ វ.ស.ស និងជាប្រធានគ្រប់គ្រងគម្រោង និង ឯកឧត្តម គង់ វីរ: អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានសមាសភាពចូលរួមសរុបចំនួន២៤នាក់ (ស្រី ៨នាក់) ដូចជាក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទីប្រឹក្សាគម្រោង លោកមេឃុំ អង្គបូរី ព្រែកផ្ទោល គោកធ្លក មេភូមិ ១៤ នៃឃុំទាំង៣ និងគណ:កម្មការសហគមន៍។
កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងផលប៉ះពាល់សង្គមនិងបរិស្ថាន នៃការសាងសង់សំណង់អគារសហគមន៍
តាកែវ៖ ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ អង្គភាពអនុវត្តគម្រោងរដ្ឋបាលស្រុកអង្គរបូរី នៃគម្រោងស្តារវិស័យទេសចរណ៍សហគមន៍ បន្ទាប់ពីវិបត្តិកូវីដ១៩ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងផលប៉ះពាល់សង្គមនិងបរិស្ថាន នៃការសាងសង់សំណង់អគារសហគមន៍(CW02) ស្រុកអង្គរបូរី។កិច្ចប្រជុំនេះស្ថិតក្រោមការសម្របសម្រួលដឹកនាំដោយ ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការ វ.ស.ស និងជាប្រធានគ្រប់គ្រងគម្រោង ដោយមានសមាសភាពចូលរួមសរុបចំនួន៦៤នាក់ (ស្រី ១៨នាក់) ដូចជាទីប្រឹក្សាគម្រោង លោកមេឃុំ អង្គបូរី ព្រែកផ្ទោល គោកធ្លក មេភូមិ ១៤ នៃឃុំទាំង៣ គណ:កម្មការសហគមន៍ និងតំណាងប្រជាពលរដ្ឋសហគមន៍ ចំនួន២៥ នាក់។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់បេសកកម្មត្រួតពិនិត្យវឌ្ឍនភាពគម្រោង
[ភ្នំពេញ] បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវបេសកកម្មត្រួតពិនិត្យវឌ្ឍនភាពគម្រោង ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់គោលដៅរបស់គម្រោងស្ថិតក្នុងខេត្តតាកែវ និងខេត្តព្រះវិហារ វ.ស.ស. ក្នុងនាមជាអង្គភាពសម្របសម្រួលការអនុវត្តគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ (CBTCR ) បានសម្របសម្រួលកិច្ចប្រជុំបូកសរុបលទ្ធផលការងារ (Wrap-Up Meeting) សម្រាប់បេសកកម្មត្រួតពិនិត្យវឌ្ឍនភាពគម្រោង CBTCR ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅអគារទីស្តីការគណៈរដ្ឋមន្រ្តី។កិច្ចប្រជុំនេះចូលរួមជាអធិបតីភាពដោយ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងជានាយកគម្រោង តំណាងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាង JICA តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តំណាងអង្គភាពសម្របសម្រួលគម្រោង (EA) តំណាងអង្គភាពអនុវត្តគម្រោង (IA) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីប្រឹក្សាគម្រោង។ គោលបំណងរបស់កិច្ចប្រជុំនេះ គឺដើម្បីបង្ហាញពីស្ថានភាពគម្រោងនាពេលបច្ចុប្បន្ន លទ្ធផលនៃការចុះបេសកកម្មត្រួតពិនិត្យវឌ្ឍនភាពគម្រោងទៅលើផ្នែកហិរញ្ញវត្ថុ លទ្ធកម្ម កិច្ចការពារសង្គម យេនឌ័រ រួមទាំងការពិភាក្សា និងព្រមព្រៀងទៅលើផែនការសកម្មភាព សម្រាប់ពន្លឿនវឌ្ឍនភាពគម្រោងប្រចាំឆ្នាំ២០២៣។
បេសកកម្មត្រួតពិនិត្យទីតាំងអនុវត្ដគម្រោងនៅស្រុកអង្គរបូរី ខេត្តតាកែវ
ស្រុកកអង្គរបូរី៖ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ក្នុងនាមអង្គភាពសម្របសម្រួលការអនុវត្តគម្រោងស្ដារវិស័យទេសចរណ៍សហគមន៍ពីវិបត្ដិកូវីដ-១៩ បានដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា (ADB-Carm), មន្រ្ដីជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងអ្នកជំនាញការជាតិ-អន្តរជាតិដែលជាទីប្រឹក្សាគម្រោង ដើម្បីចុះទៅពិនិត្យទីតាំងអនុវត្ដគម្រោងនៅស្រុកអង្គរបូរី ខេត្តតាកែវ ដែលរួមមាន៖ បរិវេណសាលាស្រុក ប្រាសាទភ្នំដា វត្ដគំនូរ និងកសិដ្ឋានចិញ្ចឹមបង្កង។ ក្នុងនោះផងដែរប្រតិភូបានប្រជុំពិភាក្សា ផ្លាស់ប្ដូរយោបល់ជាមួយថ្នាក់ដឹកនាំមូលដ្ឋានស្រុក-ឃុំ និងតំណាងសហគមន៍ ដើម្បីសិក្សាពីផលប៉ះពាល់ ការងារពាក់ព័ន្ធ ព្រមទាំងសំណូមពរ។
កិច្ចប្រជុំចាប់ផ្តើមបេសកកម្ម (kick off meeting) ត្រួតពិនិត្យគម្រោង
នាព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងជាប្រធានអង្គភាពសម្របសម្រួលគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ បានដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំចាប់ផ្តើមបេសកកម្ម (kick off meeting) ត្រួតពិនិត្យគម្រោង ដោយមានការចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តំណាងអង្គភាពសម្របសម្រួលគម្រោង (EA) តំណាងអង្គភាពអនុវត្តគម្រោង (IA) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីប្រឹក្សាគម្រោង ដើម្បីពិភាក្សាអំពីទិដ្ឋភាពទូទៅរបស់គម្រោង បញ្ហា/ផលវិបាកនានា និងបច្ចុប្បន្នភាពការងារលទ្ធកម្ម ការងារសង្គម និងបរិស្ថាន និងការងារយេនឌ័រ។ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានបានមានប្រសាសន៍ថា គម្រោងគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ គឺជាផ្នែកមួយរបស់គម្រោងតេជោភូមិ ១០០ ដែលគម្រោងនេះនៅតែដំណើរការធម្មតា បន្ទាប់ពីវិបត្តិកូវីដ-១៩ ហើយការអនុវត្តគម្រោងនេះ គឺជាការចូលរួមចំណែកនៅក្នុង « យុទ្ធសាស្រ្តបញ្ចកោណ » ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមប្រធានក៏បានលើកឡើងពីសមិទ្ធផលរបស់គម្រោង បញ្ហាប្រឈមនានា និងទិសដៅបន្តរបស់គម្រោង។ ជាចុងបញ្ចប់ ឯកឧត្តមប្រធានបានថ្លែងអំណរគុណ និងលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះ លើកឡើងពីបញ្ហាប្រឈម និងក្តីកង្វល់នានា ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយរួមគ្នា។គួរបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំនេះ ភាគីពាក់ព័ន្ធទាំងអស់របស់គម្រោងនឹងចុះបេសកកម្មត្រួតពិនិត្យគម្រោង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិគោលដៅរបស់គម្រោងនៅខេត្តតាកែវ និងខេត្តព្រះវិហារ។
កិច្ចប្រជុំស្វាគមន៍ ទម្រង់ទិស និងណែនាំ ដល់ទីប្រឹក្សាថ្មីរបស់គម្រោង CBTCR
នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស និងជានាយកគម្រោងCBTCR បានចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំស្វាគមន៍ ទម្រង់ទិស និងណែនាំ ដល់ទីប្រឹក្សាថ្មីរបស់គម្រោង CBTCR ដែលរៀបចំឡើងនៅការិយាល័យ CBTCR។