បេសកកម្មចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ ប្រចាំខេត្តតាកែវ
នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២៤ អង្គភាពអនុវត្តគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ ស្រុកអង្គរបូរី បានសម្របសម្រួលរៀបចំកិច្ចប្រជុំពិភាក្សាជាមួយកុ្រមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB Review Mission) ដើម្បីត្រួតពិនិត្យវឌ្ឍនភាពគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ កិច្ចប្រជុំនេះបានធ្វើឡើងនៅវេលាម៉ោង ៩: ៣០នាទីព្រឹកនៅសាលប្រជុំអគារសាលាស្រុកអង្គរបូរី ក្រោមគណៈអធិបតីភាព ឯកឧត្តម ដួង វីរ័ត្ន អ្នកគ្រប់គ្រងគម្រោង និងជាអនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការ នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី (PCU -CSAF) លោក ស៊ុត ខុន អភិបាលរងខេត្តតំណាងឲ្យឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តតាកែវ និងលោក កូវ មុនីរតន៍ មន្ត្រីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍អាស៊ី និងជាប្រធានដឹកនាំក្រុមបេសកកម្ម ADB Review Mission ។កិច្ចប្រជុំពិគ្រោះយោបល់បានពិភាក្សាអំពីកិច្ចការពារផលប៉ះពាល់បរិស្ថាន និងសុវត្ថិភាពសង្គម កិច្ចប្រជុំពិគ្រោះយោបល់ និងពិភាក្សាពីគំនូសប្លង់សាងសង់ សំណង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងកិច្ចសន្យាផ្តល់សិទ្ធិផលុបភោគ (សិទ្ធិប្រើប្រាស់ដី) ចំនួន៤ទីតាំងដីគ្រោងសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចរួមមាន៖ (១)-ដីបរិវេណសាលាស្រុកអង្គរបូរី (២)-ដីបរិវេណវត្តគំនូរ (៣)-ដីបរិវេណភ្នំដា (៤)-ដីបរិវេណភ្នំបូរី និង(៥)-កិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រង និងថែរក្សាតំបន់ប្រាសាទភ្នំដា និងភ្នំបូរី ដែលកិច្ចសន្យានេះនឹងធ្វើឡើងរវាងគណៈកម្មាការសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ ភ្នំដា និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ។បន្ទាប់ពីកិច្ចប្រជុំនេះបានបញ្ចប់ គណៈអធិបតី និងអ្នកចូលរួមបានអញ្ជើញទៅពិនិត្យទីតាំងអនុវត្តគម្រោងទាំង៤កន្លែងខាងលើ ដើម្បីសិក្សាស្វែងយល់បន្ថែម ក៏ដូចជាការប្រមូលនូវអនុសាសន៍ និងមតិឆ្លុះបញ្ចាំង សម្រាប់កិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មត្រួតពិនិត្យគម្រោង (wrap up meeting) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤។
បេសកកម្មចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)
ថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ វេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស) និងអាជ្ញាធរជាតិព្រះវិហារ បានរៀបចំកិច្ចប្រជុំមួយនៅសាលប្រជុំអាជ្ញាធរជាតិព្រះវិហារ ដើម្បីបង្ហាញពីវឌ្ឍនភាពការងារគម្រោងជូនដល់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងបើកការពិភាក្សាលើកិច្ចការប្រឈមផ្សេងៗ រួមទាំងផែនការត្រូវអនុវត្តបន្តផងដែរ។កិច្ចប្រជុំនេះ ចូលរួមដោយភាគីពាក់ព័ន្ធសំខាន់ៗរួមមាន មន្រ្តីគម្រោងមកពីវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្រ្តី និងអាជ្ញាធរជាតិព្រះវិហារ មន្រ្តីជាន់ខ្ពស់របស់ADB មន្ទីរទេសចរណ៍ មន្ទីរអប់រំ យុវជន និងកីឡា លោកអភិបាលនៃគណៈអភិបាលស្រុកជាំក្សាន្ត ក្រុមប្រឹក្សាឃុំស្រអែម មេភូមិធម្មជាតិសម្តេចតេជោហ៊ុនសែន និងសមាជិកគណៈកម្មការសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ។ រហូតមកដល់ពេលនេះ គម្រោងបានរៀបចំឯកសារច្បាប់រួចរាល់ហើយ និងបានត្រៀមសាងសង់មជ្ឈមណ្ឌលទេសចរណ៍អូរស្វាយ រួមនឹងការបណ្តុះបណ្តាលជំនាញដល់សមាជិកសហគមន៍លើវិស័យទេសចរណ៍ និងកសិកម្ម។នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះភាគីពាក់ព័ន្ធទាំងអស់ បានបង្ហាញនូវចំណាប់អារម្មណ៍និងគាំទ្រលើគម្រោងនេះ និងសូមឱ្យគម្រោងនេះពន្លឿនការងាររបស់ខ្លួនឱ្យបានឆាប់ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសហគមន៍។ បន្ទាប់ពីកិច្ចប្រជុំចប់ ក្រុមការងារបានចុះពិនិត្យទីតាំងផ្ទាល់ដែលត្រៀមសាងសង់មជ្ឈមណ្ឌលទេសចរណ៍ និងពិភាក្សាបន្ថែមអំពីកិច្ចការត្រូវអនុវត្តនៅពេលខាងមុខ។ សូមបញ្ជាក់ផងដែរថា គម្រោងនេះគឺជាគម្រោងរបស់រាជរដ្ឋាភិបាល និងជាផ្នែកមួយនៃកម្មវិធីតេជោភូមិ១០០។
ការបើកឯកសារដេញថ្លៃជាសាធារណៈ សម្រាប់កញ្ចប់លទ្ធកម្មលេខ CSAF-CW01
រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយស្របតាមនីតិវិធីលទ្ធកម្ម គណៈកម្មការត្រួតពិនិត្យឯកសារដេញថ្លៃ និងគណៈកម្មការវាយតម្លៃការដេញថ្លៃ របស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩ (CBTCR) បានរៀបចំកិច្ចប្រជុំបើកឯកសារដេញថ្លៃជាសាធារណៈ ក្រោមការដឹកនាំដោយ ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងជាអ្នកគ្រប់គ្រងគម្រោង CBTCR តំណាងឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជានាយកគម្រោង CBTCR ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនដែលចូលរួមដេញថ្លៃ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារពាក់ព័ន្ធ។ការបើកឯកសារដេញថ្លៃជាសាធារណៈពេលនេះ គឺធ្វើឡើងសម្រាប់កញ្ចប់លទ្ធកម្មលេខ CSAF-CW01៖ ការសាងសង់មជ្ឈមណ្ឌលទេសចរណ៍នៅសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ នៅខេត្តព្រះវិហារ។ កញ្ចប់លទ្ធកម្មនេះអនុវត្តតាមវិធីសាស្រ្តដេញថ្លៃប្រកួតប្រជែងក្នុងស្រុក និងមានក្រុមហ៊ុនចូលរួមចំនួន ៨ បានចូលរួមដាក់ឯកសារដេញថ្លៃ ហើយការបើកឯកសារដាក់ដេញថ្លៃមានដំណើរការដោយរលូនតាមនីតិវិធីដោយមិនមានភាគីណាមួយធ្វើការតរ៉ានោះទេ៕
កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងដំណើរចុះពិនិត្យទីតាំងសម្រាប់សាងសង់ ជួសជុលកែលម្អរអគារសហគមន៍
តាកែវ៖ រសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ អង្គភាពអនុវត្តគម្រោងរដ្ឋបាលស្រុកអង្គរបូរី នៃគម្រោងស្តារវិស័យទេសចរណ៍សហគមន៍ បន្ទាប់ពីវិបត្តិកូវីដ១៩ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងផលប៉ះពាល់សង្គមនិងបរិស្ថាន នៃការសាងសង់សំណង់អគារសហគមន៍(CW02) ស្រុកអង្គរបូរី និងចុះពិនិត្យទីតាំងសម្រាប់សាងសង់ ជួសជុលកែលម្អរអគារសហគមន៍។កិច្ចប្រជុំនេះស្ថិតក្រោមការសម្របសម្រួលដឹកនាំដោយ ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការ វ.ស.ស និងជាប្រធានគ្រប់គ្រងគម្រោង និង ឯកឧត្តម គង់ វីរ: អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានសមាសភាពចូលរួមសរុបចំនួន២៤នាក់ (ស្រី ៨នាក់) ដូចជាក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទីប្រឹក្សាគម្រោង លោកមេឃុំ អង្គបូរី ព្រែកផ្ទោល គោកធ្លក មេភូមិ ១៤ នៃឃុំទាំង៣ និងគណ:កម្មការសហគមន៍។