(ស្ទឹងត្រែង)៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង រៀបចំ «វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍» ក្នុងគោលបំណងពិភាក្សា និងពិគ្រោះយោបល់ដោយផ្ទាល់ ជាមួយអង្គការសង្គមស៊ីវិល ដែលមានប្រតិបត្តិការនៅក្នុងខេត្តទាំងបីនេះ។
លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោក ប៉េង សម្បត្តិ អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី លោកស្រី គង់ ស៊ីផា អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី និងលោក ឈាង ឡាក់ អភិបាលស្តីទី នៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្នុងវេទិកាសន្ទនាដាច់ដោយឡែកពីគ្នានៅខេត្តនីមួយៗ ដោយមានការចូលរួមពីតំណាងរបស់មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធចំណុះខេត្ត ក្រុមប្រឹក្សាស្រុក-ក្រុង ឃុំ-សង្កាត់ និងតំណាងអង្គការ សមាគម និងសហគមន៍នានានៅក្នុងខេត្តទាំងបីនេះ។
វេទិកាសន្ទនានេះបានផ្តល់នូវឱកាសស្និទ្ធស្នាលឱ្យអង្គការ សមាគម និងសហគមន៍ បានជួបជុំជជែកពិភាក្សា និងពិគ្រោះយោបល់ដោយត្រង់ទៅត្រង់មក ជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ លើបញ្ហាប្រឈមជាក់ស្តែងដែលកើតមាននៅថ្នាក់មូលដ្ឋាន ក៏ដូចជា សំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋផងដែរ។ ជាលទ្ធផល បន្ទាប់ពីបានជជែកពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ បញ្ហាប្រឈម និងសំណូមពរមួយចំនួនរបស់ប្រជាពលរដ្ឋ ត្រូវបានដោះស្រាយជាក់ស្តែងនៅក្នុងកិច្ចពិភាក្សា។ ដោយឡែក បញ្ហាដែលនៅសេសសល់មួយចំនួនទៀត ដែលពាក់ព័ន្ធការងារក្នុងកម្រិតជំនាញ និងដែលទាមទារឱ្យមានការសិក្សាបន្ថែម ត្រូវបានលើកយកទៅបន្តពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងសមត្ថកិច្ចជំនាញ ដើម្បីស្វែងរកដំណោះស្រាយ។
លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ជូនអង្គវេទិកាទាំងមូលអំពីតួនាទី និងបេសកកម្មរបស់ វ.ស.ស. ហើយក៏បានលើកឡើងផងដែរអំពីការងារដែល វ.ស.ស. បានបំពេញនាពេលកន្លងមក ក្នុងតួនាទីជាអ្នកសម្របសម្រួល និងចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដែលជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិ ឱ្យកាន់តែមានការរីកចម្រើន។
ទន្ទឹមនឹងនេះ វ.ស.ស. មានទិសដៅចូលរួមជំរុញការអភិវឌ្ឍប្រទេស តាមរយៈការលើកស្ទួយតួនាទីរបស់អង្គការសង្គមស៊ីវិល និងចូលរួមគាំទ្រដល់ការអនុវត្តគម្រោងជាក់ស្តែងរបស់អង្គការសង្គមស៊ីវិល ដែលជាដៃគូរបស់ វ.ស.ស.។ អង្គការសង្គមស៊ីវិលត្រូវបានមើលឃើញថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា លើកិច្ចការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចប្រកបដោយចីរភាព៕