វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប
(សៀមរាប)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប រៀបចំ «វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍» ចាប់ពីថ្ងៃទី០៥ ខែមីនា ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប។លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោក ឈើយ ចាន់ណា អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ឃិន ញ៉ាន អភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងលោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ក្នុងវេទិកាសន្ទនាដាច់ដោយឡែកពីគ្នានៅខេត្តនីមួយៗ ដោយមានសមាសភាពចូលរួមជាច្រើន មកពីបណ្តាមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក ក្រុង ឃុំសង្កាត់ ព្រមទាំងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តនីមួយៗ។ការរៀបចំវេទិកាសន្ទនានេះ មានគោលបំណងផ្សព្វផ្សាយអំពីតួនាទី និងបេសកកម្មរបស់ វ.ស.ស. ក៏ដូចជាការងារដែល វ.ស.ស. បានបំពេញនាពេលកន្លងមក។ ថ្លែងក្នុងវេទិកាសន្ទនាទាំងបីថ្ងៃនេះ លោកប្រធានក្រុមប្រឹក្សាភិបាល បានបញ្ជាក់យ៉ាងច្បាស់ថា វ.ស.ស. មិនមែនជាបញ្ញត្តិករគ្រប់គ្រងអង្គការសង្គមស៊ីវិលនៅកម្ពុជា ហើយក៏មិនមែនជាប្រតិបត្តិករដែលអនុវត្តគម្រោងនៅមូលដ្ឋានផ្ទាល់នោះដែរ។ វ.ស.ស. គឺជាអ្នកសម្របសម្រួលក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍ រវាងរាជរដ្ឋាភិបាលនិងបណ្តាអង្គការសង្គមស៊ីវិលឱ្យកាន់តែប្រសើរឡើងថែមទៀត។បន្ថែមពីនេះ វ.ស.ស. មានទិសដៅចូលរួមជំរុញការអភិវឌ្ឍកម្ពុជា តាមរយៈវិស័យអង្គការសង្គមស៊ីវិល ដោយការចូលរួមផ្តល់ គាំទ្រ និងជំរុញការអនុវត្តគម្រោងជាក់ស្តែងរបស់អង្គការសង្គមស៊ីវិល ដែលជាសមាជិករបស់ វ.ស.ស. សំដៅចូលរួមចំណែកជាមួយវិស័យឯកជន និងរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចប្រកបដោយចីរភាព។វេទិកាសន្ទនាទាំង០៣ថ្ងៃ ដែលបានរៀបចំឡើងដោយ វ.ស.ស. ក្រោមកិច្ចសហការ និងគាំទ្ររបស់អាជ្ញាធរថ្នាក់ខេត្តខាងលើ បានផ្តល់ឱកាស និងបើកទូលាយសម្រាប់ការជជែកពិភាក្សា និងពិគ្រោះយោបល់ដោយត្រង់ទៅត្រង់មក និងដោយផ្ទាល់រវាងអង្គការ សមាគម សហជីព និងសហគមន៍ ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធ លើបញ្ហាប្រឈមជាក់ស្តែងនៅក្នុងមូលដ្ឋាន និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋផងដែរ។ ជាលទ្ធផល បញ្ហាប្រឈមនិងសំណូមពរមួយចំនួន ត្រូវបានដោះស្រាយជាក់ស្តែងនៅក្នុងកិច្ចពិភាក្សា ហើយបញ្ហាមួយចំនួនទៀត ដែលទាមទារឱ្យមានការសិក្សាបន្ថែម និងដោះស្រាយក្នុងកម្រិតបច្ចេកទេសជំនាញ នឹងត្រូវយកទៅបន្តពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងសមត្ថកិច្ចជំនាញ ដើម្បីស្វែងរកដំណោះស្រាយ៕
អានបន្ត