
[ព្រះវិហារ] នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ អង្គភាពគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ ប្រចាំខេត្តព្រះវិហារ (PIU Preah Vihear) បានសម្របសម្រួលរៀបចំការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការគ្រប់គ្រងសហគមន៍ទេសចរណ៍បឹងអូរស្វាយ ដែលគណៈកម្មធិការនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង៖
- ចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ជាតិ និងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋា ភិបាល តាមរយៈការអភិវឌ្ឍសហគមន៍ទេសចរណ៍។
- ថែរក្សាការពារព្រៃឈើ ធនធានជីវៈចម្រុះ និងប្រភពទឹក ដើម្បីប្រយោជន៍រួមរបស់ប្រជាជនក្នុងសហគមន៍។
- បង្កើនមុខរបរ និងប្រាក់ចំណូលសម្រាប់សហគមន៍តាមរយៈសេវាកម្មទេសចរណ៍។
- បំពេញបន្ថែមតម្រូវការរបស់ប្រជាជន ដោយការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពតាមរយៈទេសចរណ៍សហគមន៍។
- បង្កើនការចូលរួមរបស់សហគមន៍ជាអតិប្បរមាក្នុងការគ្រប់គ្រង អភិរក្សធនធានជីវៈចម្រុះ តាមរយៈការរៀបចំសេវាកម្មទេសចរណ៍សហគមន៍ និងកសិទេសចរណ៍។
បន្ទាប់ពីការបោះឆ្នោតជ្រើសរើសដោយសេរី និងយុត្តិធម៌បានបញ្ចប់ អង្គភាពគម្រោងប្រចាំខេត្តព្រះវិហារ បានសម្រេចជ្រើសរើសសមាជិក ១១ រូប ក្នុងនោះស្រី ៥រូប ដែលមានប្រធាន ១រូប អនុប្រធាន ១រូប និងសមាជិកតាមផ្នែកនីមួយៗចំនួន ៩រូប។






រឿងរ៉ាវពាក់ព័ន្ធ
កិច្ចប្រជុំស្វាគមន៍ ទម្រង់ទិស និងណែនាំ ដល់ទីប្រឹក្សាថ្មីរបស់គម្រោង CBTCR
នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស និងជានាយកគម្រោងCBTCR បានចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំស្វាគមន៍ ទម្រង់ទិស និងណែនាំ ដល់ទីប្រឹក្សាថ្មីរបស់គម្រោង CBTCR ដែលរៀបចំឡើងនៅការិយាល័យ CBTCR។
ការបើកឯកសារដេញថ្លៃជាសាធារណៈ សម្រាប់កញ្ចប់លទ្ធកម្មលេខ CSAF-CW01
រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយស្របតាមនីតិវិធីលទ្ធកម្ម គណៈកម្មការត្រួតពិនិត្យឯកសារដេញថ្លៃ និងគណៈកម្មការវាយតម្លៃការដេញថ្លៃ របស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩ (CBTCR) បានរៀបចំកិច្ចប្រជុំបើកឯកសារដេញថ្លៃជាសាធារណៈ ក្រោមការដឹកនាំដោយ ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងជាអ្នកគ្រប់គ្រងគម្រោង CBTCR តំណាងឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជានាយកគម្រោង CBTCR ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនដែលចូលរួមដេញថ្លៃ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារពាក់ព័ន្ធ។ការបើកឯកសារដេញថ្លៃជាសាធារណៈពេលនេះ គឺធ្វើឡើងសម្រាប់កញ្ចប់លទ្ធកម្មលេខ CSAF-CW01៖ ការសាងសង់មជ្ឈមណ្ឌលទេសចរណ៍នៅសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ នៅខេត្តព្រះវិហារ។ កញ្ចប់លទ្ធកម្មនេះអនុវត្តតាមវិធីសាស្រ្តដេញថ្លៃប្រកួតប្រជែងក្នុងស្រុក និងមានក្រុមហ៊ុនចូលរួមចំនួន ៨ បានចូលរួមដាក់ឯកសារដេញថ្លៃ ហើយការបើកឯកសារដាក់ដេញថ្លៃមានដំណើរការដោយរលូនតាមនីតិវិធីដោយមិនមានភាគីណាមួយធ្វើការតរ៉ានោះទេ៕
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់បេសកកម្មត្រួតពិនិត្យវឌ្ឍនភាពគម្រោង
[ភ្នំពេញ] បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវបេសកកម្មត្រួតពិនិត្យវឌ្ឍនភាពគម្រោង ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់គោលដៅរបស់គម្រោងស្ថិតក្នុងខេត្តតាកែវ និងខេត្តព្រះវិហារ វ.ស.ស. ក្នុងនាមជាអង្គភាពសម្របសម្រួលការអនុវត្តគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ (CBTCR ) បានសម្របសម្រួលកិច្ចប្រជុំបូកសរុបលទ្ធផលការងារ (Wrap-Up Meeting) សម្រាប់បេសកកម្មត្រួតពិនិត្យវឌ្ឍនភាពគម្រោង CBTCR ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅអគារទីស្តីការគណៈរដ្ឋមន្រ្តី។កិច្ចប្រជុំនេះចូលរួមជាអធិបតីភាពដោយ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងជានាយកគម្រោង តំណាងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាង JICA តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តំណាងអង្គភាពសម្របសម្រួលគម្រោង (EA) តំណាងអង្គភាពអនុវត្តគម្រោង (IA) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីប្រឹក្សាគម្រោង។ គោលបំណងរបស់កិច្ចប្រជុំនេះ គឺដើម្បីបង្ហាញពីស្ថានភាពគម្រោងនាពេលបច្ចុប្បន្ន លទ្ធផលនៃការចុះបេសកកម្មត្រួតពិនិត្យវឌ្ឍនភាពគម្រោងទៅលើផ្នែកហិរញ្ញវត្ថុ លទ្ធកម្ម កិច្ចការពារសង្គម យេនឌ័រ រួមទាំងការពិភាក្សា និងព្រមព្រៀងទៅលើផែនការសកម្មភាព សម្រាប់ពន្លឿនវឌ្ឍនភាពគម្រោងប្រចាំឆ្នាំ២០២៣។