នាព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងជាប្រធានអង្គភាពសម្របសម្រួលគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ បានដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំចាប់ផ្តើមបេសកកម្ម (kick off meeting) ត្រួតពិនិត្យគម្រោង ដោយមានការចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តំណាងអង្គភាពសម្របសម្រួលគម្រោង (EA) តំណាងអង្គភាពអនុវត្តគម្រោង (IA) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីប្រឹក្សាគម្រោង ដើម្បីពិភាក្សាអំពីទិដ្ឋភាពទូទៅរបស់គម្រោង បញ្ហា/ផលវិបាកនានា និងបច្ចុប្បន្នភាពការងារលទ្ធកម្ម ការងារសង្គម និងបរិស្ថាន និងការងារយេនឌ័រ។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានបានមានប្រសាសន៍ថា គម្រោងគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ គឺជាផ្នែកមួយរបស់គម្រោងតេជោភូមិ ១០០ ដែលគម្រោងនេះនៅតែដំណើរការធម្មតា បន្ទាប់ពីវិបត្តិកូវីដ-១៩ ហើយការអនុវត្តគម្រោងនេះ គឺជាការចូលរួមចំណែកនៅក្នុង « យុទ្ធសាស្រ្តបញ្ចកោណ » ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមប្រធានក៏បានលើកឡើងពីសមិទ្ធផលរបស់គម្រោង បញ្ហាប្រឈមនានា និងទិសដៅបន្តរបស់គម្រោង។ ជាចុងបញ្ចប់ ឯកឧត្តមប្រធានបានថ្លែងអំណរគុណ និងលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះ លើកឡើងពីបញ្ហាប្រឈម និងក្តីកង្វល់នានា ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយរួមគ្នា។
គួរបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំនេះ ភាគីពាក់ព័ន្ធទាំងអស់របស់គម្រោងនឹងចុះបេសកកម្មត្រួតពិនិត្យគម្រោង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិគោលដៅរបស់គម្រោងនៅខេត្តតាកែវ និងខេត្តព្រះវិហារ។
រឿងរ៉ាវពាក់ព័ន្ធ
កិច្ចប្រជុំស្វាគមន៍ ទម្រង់ទិស និងណែនាំ ដល់ទីប្រឹក្សាថ្មីរបស់គម្រោង CBTCR
នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស និងជានាយកគម្រោងCBTCR បានចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំស្វាគមន៍ ទម្រង់ទិស និងណែនាំ ដល់ទីប្រឹក្សាថ្មីរបស់គម្រោង CBTCR ដែលរៀបចំឡើងនៅការិយាល័យ CBTCR។
បេសកកម្មត្រួតពិនិត្យទីតាំងអនុវត្ដគម្រោងនៅស្រុកអង្គរបូរី ខេត្តតាកែវ
ស្រុកកអង្គរបូរី៖ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ក្នុងនាមអង្គភាពសម្របសម្រួលការអនុវត្តគម្រោងស្ដារវិស័យទេសចរណ៍សហគមន៍ពីវិបត្ដិកូវីដ-១៩ បានដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា (ADB-Carm), មន្រ្ដីជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងអ្នកជំនាញការជាតិ-អន្តរជាតិដែលជាទីប្រឹក្សាគម្រោង ដើម្បីចុះទៅពិនិត្យទីតាំងអនុវត្ដគម្រោងនៅស្រុកអង្គរបូរី ខេត្តតាកែវ ដែលរួមមាន៖ បរិវេណសាលាស្រុក ប្រាសាទភ្នំដា វត្ដគំនូរ និងកសិដ្ឋានចិញ្ចឹមបង្កង។ ក្នុងនោះផងដែរប្រតិភូបានប្រជុំពិភាក្សា ផ្លាស់ប្ដូរយោបល់ជាមួយថ្នាក់ដឹកនាំមូលដ្ឋានស្រុក-ឃុំ និងតំណាងសហគមន៍ ដើម្បីសិក្សាពីផលប៉ះពាល់ ការងារពាក់ព័ន្ធ ព្រមទាំងសំណូមពរ។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់បេសកកម្មត្រួតពិនិត្យវឌ្ឍនភាពគម្រោង
[ភ្នំពេញ] បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវបេសកកម្មត្រួតពិនិត្យវឌ្ឍនភាពគម្រោង ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់គោលដៅរបស់គម្រោងស្ថិតក្នុងខេត្តតាកែវ និងខេត្តព្រះវិហារ វ.ស.ស. ក្នុងនាមជាអង្គភាពសម្របសម្រួលការអនុវត្តគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ (CBTCR ) បានសម្របសម្រួលកិច្ចប្រជុំបូកសរុបលទ្ធផលការងារ (Wrap-Up Meeting) សម្រាប់បេសកកម្មត្រួតពិនិត្យវឌ្ឍនភាពគម្រោង CBTCR ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅអគារទីស្តីការគណៈរដ្ឋមន្រ្តី។កិច្ចប្រជុំនេះចូលរួមជាអធិបតីភាពដោយ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងជានាយកគម្រោង តំណាងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាង JICA តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តំណាងអង្គភាពសម្របសម្រួលគម្រោង (EA) តំណាងអង្គភាពអនុវត្តគម្រោង (IA) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីប្រឹក្សាគម្រោង។ គោលបំណងរបស់កិច្ចប្រជុំនេះ គឺដើម្បីបង្ហាញពីស្ថានភាពគម្រោងនាពេលបច្ចុប្បន្ន លទ្ធផលនៃការចុះបេសកកម្មត្រួតពិនិត្យវឌ្ឍនភាពគម្រោងទៅលើផ្នែកហិរញ្ញវត្ថុ លទ្ធកម្ម កិច្ចការពារសង្គម យេនឌ័រ រួមទាំងការពិភាក្សា និងព្រមព្រៀងទៅលើផែនការសកម្មភាព សម្រាប់ពន្លឿនវឌ្ឍនភាពគម្រោងប្រចាំឆ្នាំ២០២៣។