Close

ពិធីប្រកាសទទួលស្គាល់ សមាជិកដៃគូសហប្រតិបត្តិការរបស់ វ.ស.ស ប្រចាំខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន

នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ វ.ស.ស. បានរៀបចំពិធីប្រកាសទទួលស្គាល់ សមាជិកដៃគូសហប្រតិបត្តិការរបស់ខ្លួនប្រចាំខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. ដោយមានការចូលរួមពី អង្គការ សមាគម សហជីព និងសហគមន៍នានាប្រចាំខេត្តទាំងពីរ។ការប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តិការនេះ រៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកដល់ការផ្សព្វផ្សាយអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដើម្បីឱ្យអង្គការសង្គមស៊ីវិលនៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន បានស្វែងយល់និងជ្រួតជ្រាបកាន់តែច្បាស់ ឈានទៅបង្កើតភាពជាដៃគូសហការជាមួយភាគីពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យសម្រេចបានតាមគោលដៅទាំង ១៨ចំណុច ប្រកបដោយជោគជ័យនៅឆ្នាំ២០៣០។ថ្លែងក្នុងពិធីនេះ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានលើកទឹកចិត្តឱ្យអង្គការសង្គមការ សមាគម សហគមន៍ និងសហជីពដែលកំពុងប្រតិបត្តិការនៅខេត្តទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងភាពជាដៃគូដោយឆន្ទៈស្មោះត្រង់ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងត្រូវគោរពច្បាប់ជាធរមាន ប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពផ្នែកនយោបាយ និងត្រូវបន្តចូលរួមចំណែកឱ្យកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍប្រទេសជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្រៅពីនេះ ឯកឧត្តមក៏បានជំរុញឱ្យអង្គការសង្គមស៊ីវិលធ្វើសង្គតិភាពផែនការការងាររបស់ខ្លួន ដោយសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យស្របនឹងតាមផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលថ្នាក់មូលដ្ឋាន ដែលខ្លួនកំពុងប្រតិបត្តិការ។សូមបញ្ជាក់ថា វ.ស.ស. ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ តាមការចង្អុលបង្ហាញពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងសម្របសម្រួលការងារសង្គមស៊ីវិល ដើម្បីសម្រេចបាននូវសុខដុមនីយកម្មសង្គមស៊ីវិលនៅកម្ពុជា ប្រមូលផ្តុំទស្សនៈ និងមតិយោបល់ពីសំណាក់ក្រុមបញ្ញវន្ត ក្រុមអ្នកស្រាវជ្រាវ បណ្ឌិតសភាចារ្យ និងសង្គមស៊ីវិល តាមរយៈការពិភាក្សា និងការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ ហើយកិច្ចពិភាក្សា និងការស្រាវជ្រាវ ដែលនឹងត្រូវប្រើប្រាស់ជាធាតុចូលសម្រាប់ការរៀបចំនូវសំណើគោលនយោបាយថ្មីៗ ដែលបម្រើឱ្យផលប្រយោជន៍សាធារណៈ តាមគោលការណ៍ស្ម័គ្រចិត្ត។

អានបន្ត