វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល NGO និងអាជ្ញាធរខេត្តកំពង់ឆ្នាំង
(កំពង់ឆ្នាំង)៖ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ បានចូលរួមជាគណៈអធិបតីជាមួយលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង ក្នុងវេទិកាសន្ទនា ដោយមានសមាសភាពចូលរួមពីបណ្តាមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក-ក្រុង ឃុំ-សង្កាត់ ព្រមទាំងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានាទូទាំងខេត្តកំពង់ឆ្នាំង។ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ថា វ.ស.ស. មិនមែនជាស្ថាប័នបញ្ញត្តិករគ្រប់គ្រងអង្គការសង្គមស៊ីវិល ហើយក៏មិនមែនជាប្រតិបត្តិករដែលដើរតួនាទី ដូចអង្គការសង្គមស៊ីវិលនោះដែរ។ វ.ស.ស. គឺជាស្ថាប័នសម្របសម្រួលក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាល និងបណ្តាអង្គការសង្គមស៊ីវិលឱ្យកាន់តែប្រសើរឡើងថែមទៀត។វ.ស.ស. សិក្សាស្វែងយល់ពីបញ្ហាប្រឈម និងកង្វល់នានារបស់ប្រជាជន តាមរយៈសង្គមស៊ីវិលនៅមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយ និងចូលរួមជួយលើកកម្ពស់សិទ្ធិទទួលបានព័ត៌មានពិតប្រាកដ ដើម្បីទប់ស្កាត់ឥទ្ធិពលអាក្រក់នៅក្នុងសង្គម ដែលកើតចេញពីការបំផ្លើសព័ត៌មានបង្កឡើងដោយមជ្ឈដ្ឋានមួយចំនួន។ វ.ស.ស. បានខិតខំពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ក្នុងគោលដៅសិក្សា និងដកស្រង់បទពិសោធន៍សំខាន់នានាជុំវិញពិភពលោក ដើម្បីចូលរួមជំរុញការអភិវឌ្ឍប្រទេស តាមរយៈវិស័យសង្គមស៊ីវិល ប្រកបដោយប្រសិទ្ធភាព។លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានសង្កត់ធ្ងន់ផងដែរពីតួនាទី ដែលមិនអាចខ្វះបានរបស់វិស័យសង្គមស៊ីវិល ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជននៅតាមមូលដ្ឋាន។វេទិកាសន្ទនា ដែលបានរៀបចំឡើងដោយ វ.ស.ស. ក្រោមកិច្ចសហការ និងគាំទ្ររបស់អាជ្ញាធរថ្នាក់ខេត្តកំពង់ឆ្នាំង ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអ្នកចូលរួមទាំងអស់ ពីព្រោះវេទិកានេះបានបង្កើតឱកាស និងបរិយាកាសល្អសម្រាប់កិច្ចពិភាក្សា និងពិគ្រោះយោបល់ដោយត្រង់ទៅត្រង់មក និងដោយផ្ទាល់រវាងអង្គការ សមាគម សហជីព និងសហគមន៍ ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធ លើបញ្ហាប្រឈមជាក់ស្តែងក្នុងមូលដ្ឋាន និងសំណូមពរផ្សេងៗរបស់ប្រជាជន។បញ្ហាប្រឈម និងសំណូមពរមួយចំនួន ត្រូវបានដោះស្រាយជាក់ស្តែងនៅក្នុងវេទិកាសន្ទនា ហើយបញ្ហាមួយចំនួនទៀត ដែលទាមទារឱ្យមានការសិក្សាបន្ថែម និងការដោះស្រាយក្នុងកម្រិតបច្ចេកទេសជំនាញ នឹងត្រូវយកទៅពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងសមត្ថកិច្ចជំនាញ ដើម្បីបន្តស្វែងរកដំណោះស្រាយ។ វ.ស.ស. ត្រៀមខ្លួនជាស្រេច ដើម្បីរួមសហការគ្នាប្រកបដោយសុខដុមរមនាក្នុងគ្រួសារសង្គមស៊ីវិលទាំងអស់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងរួមគ្នាអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព៕
អានបន្ត