Close

វេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រជុំជាមួយអាជ្ញាធរខេត្តតាកែវ កែប និងកំពត

(កំពត)៖​ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយ​អាជ្ញាធរខេត្ត​តាកែវ កែប និង​កំពត រៀបចំ «វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយ​អង្គការ សមាគម សហជីព និងសហគមន៍» ចាប់ពី​ថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅខេត្ត​តាកែវ កែប និង​កំពត​។​លោក កឹមរ័ត្ន វិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធ​សង្គមស៊ីវិល បាន​អញ្ជើញ​ចូលរួម​​ជាគណៈអធិបតីជាមួយលោក អ៊ុន វណ្ណា អភិបាលរងខេត្តតាកែវ លោក​ ងិន ងិនដា អភិបាលរងខេត្ត​កែប និង​លោក​ ជ្រឹង ផល្លា អភិបាលរងខេត្ត​កំពត ​ក្នុង​វេទិកា​សន្ទនាដែលបាន​រៀបចំ​ដាច់​ដោយឡែកពីគ្នានៅខេត្ត​នីមួយៗ ដោយ​មាន​អ្នកចូលរួមជាច្រើន​នាក់ មកពី​មន្ទីរ​ អង្គភាពពាក់ព័ន្ធនានា​ ក្រុមប្រឹក្សា​ស្រុក ក្រុង ឃុំសង្កាត់ ព្រមទាំង​តំណាង​អង្គការ​ សមាគម សហជីព និងសហគមន៍នៅក្នុងខេត្ត​នីមួយៗ។គោលបំណង​នៃការ​រៀបចំ​វេទិកាសន្ទនានេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​អំពី​តួនាទី ​និង​បេសកកម្ម​របស់​ វ.ស.ស. ក៏ដូចជាការងារ​ដែល វ.ស.ស. បាន​បំពេញ​នាពេល​កន្លងមក​។ វេទិកា​សន្ទនានេះ បានផ្តល់ជាឱកាស​សម្រាប់​​​ការជជែកពិភាក្សា និង​ពិគ្រោះយោបល់ដោយផ្ទាល់​ជាមួយអង្គការ​សង្គមស៊ីវិលលើ​បញ្ហាប្រឈម​នានា និង​បាន​បង្កើត​​ឱ្យមាន​បរិយាកាស​ស្និទ្ធស្នាល ​​រាជរដ្ឋាភិបាល និងរវាងអង្គការ​សង្គមស៊ីវិល ដែលជាដៃគូ​​មិនអាច​ខ្វះ បាន​​ក្នុងការ​អភិវឌ្ឍសង្គមជាតិ​។ថ្លែង​ក្នុង​វេទិកា​សន្ទនាទាំង​បីថ្ងៃនេះ​ លោក​ប្រធានក្រុមប្រឹក្សា​ វ.ស.ស.បានបញ្ជាក់យ៉ាង​ច្បាស់​ថា​ វ.ស.ស. មិនមែនជាបញ្ញត្តិករ​គ្រប់គ្រងអង្គការសង្គមស៊ីវិលនៅកម្ពុជាឡើយ។ ​វ.ស.ស.​​ គឺជាអ្នក​សម្របសម្រួលបំពេញ​​បន្ថែម​ជាមួយ ​ក្រសួង​ស្ថាប័ន​ ក្នុងការ​​ពង្រឹងកិច្ចសហប្រតិបត្តិការ​ រវាងរាជរដ្ឋា​ភិបាល ​ជាមួយបណ្តាអង្គការសង្គមស៊ីវិលឱ្យ​កាន់តែប្រសើរ​​​​​​​​​​​​​​​​​​​​​​​​​​ឡើង​ថែមទៀត ហើយ វ.ស.ស. មានគោលបំណងពង្រីក​ភាព​ជាដៃគូ​ ជាមួយ​​អង្គការសង្គមស៊ីវិលនានា ដើម្បី​សហការអនុវត្តគម្រោងជាក់ស្តែង​​ សំដៅ​ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាលរដ្ឋ​ និងការអភិវឌ្ឍសេដ្ឋកិច្ច​ សង្គម​ ប្រកបដោយចីរភាព។វេទិកាសន្ទនាដែលបាន​រៀបចំឡើងដោយ​ វ.ស.ស. ដោយមាន​ការសហការ​ជាមួយអាជ្ញាធរ​ថ្នាក់ខេត្ត​​ ក៏បាន​​បើកទូលាយ​ឱ្យ​អង្គការ​ សមាគម​ សហជីព​ និងសហគមន៍​ បាន​ពិភាក្សា​ដោយ​ត្រង់ទៅត្រង់មក និង​បាន​លើកឡើងអំពីបញ្ហាប្រឈម​និង​សំណូមពរ​របស់ខ្លួនផងដែរ។ ជាលទ្ធផល បញ្ហាប្រឈមនិង​សំណូមពរ​​មួយចំនួន ត្រូវបានដោះស្រាយជាក់ស្តែងនៅក្នុងកិច្ច​ពិភាក្សា ហើយ​បញ្ហាដែល​សេសសល់​​មួយ​ចំនួន​ទៀត​ នឹងត្រូវ​យកទៅពិភាក្សា​ជាមួយអាជ្ញាធរ និង​សមត្ថកិច្ច​​ពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ៕

អានបន្ត