Close

គម្រោងភូមិមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រ

ទិដ្ឋភាពទូទៅរបស់គម្រោង

គម្រោងភូមិមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រ គឺជាគម្រោងកិច្ចសហប្រតិបត្តិការរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) ក្នុងក្របខណ្ឌនៃការលើកកម្ពស់មិត្តភាព និងការផ្លាស់ប្តូររវាងប្រជាជនចិន និងកម្ពុជា និងការជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យសង្គមស៊ីវិល រវាងប្រទេសកម្ពុជានិងចិន។

គម្រោងភូមិគំរូមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រ បានទទួលបានការគាំទ្រថវិកាពីមូលនិធិចិន CFPD និងសម្របសម្រួលការអនុវត្តដោយ វ.ស.ស.។​ គម្រោងអភិវឌ្ឍន៍នេះមានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត រវាងអង្គការសង្គមស៊ីវិលនៃប្រទេសទាំងពីរ និងមានគោលបំណងលើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិគោលដៅ ដើម្បីឈានទៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដែលមានទិសដៅលុបបំបាត់ភាពក្រីក្រនៅឆ្នាំ២០៣០ និងជាពិសេសស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាល​កម្ពុជា ដែល​ផ្តោតសំខាន់​លើការ​អភិវឌ្ឍធនធានមនុស្ស​ ពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍ​ការងារ​និង​វិស័យ​​ឯកជន និង​ការអភិវឌ្ឍប្រកបដោយចីរភាព​​បរិយាប័ន្ន។

គម្រោងភូមិគំរូមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រ បានជ្រើសរើសយកភូមិតានន ដែល​ស្ថិត​នៅក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ សម្រាប់ការអនុវត្តគម្រោង​​ដែលមានរយៈពេលបីឆ្នាំ(២០១៩-២០២២)។ ក្នុងគោលបំណង​ដើម្បីលុបបំបាត់​ភាពក្រីក្រ និង​លើកកម្ពស់​​ជីវភាព​របស់នៅរបស់ប្រជាជនភូមិតានន វាជាការចាំបាច់ក្នុងការ​ស្វែងយល់​អំពីឧបសគ្គ​ចំពោះការអភិវឌ្ឍភូមិតានន។  ដូច្នេះ បញ្ហាប្រឈម​ និង​តម្រូវ​ការ​ត្រូវបានកំណត់​តាមរយៈវេទិកាសាធារណៈនិង​ការស្ទាបស្ទង់មតិ​ជាមួយ​ប្រជាជន​ក្នុងភូមិ​ ដែលត្រូវ​បានធ្វើឡើង​ដោយ វ.ស.ស.។ ជាលទ្ធផល យុទ្ធសាស្រ្ត​អនុវត្តគម្រោង​បាន​ផ្តោត​សំខាន់​​លើ​ផ្នែកបីសំខាន់ សម្រាប់ការអភិវឌ្ឍភូមិតានន រួមមាន៖ ១-ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ២-​ការគាំពារ​សង្គម អនាម័យ និង​ការលើកកម្ពស់​បរិស្ថាន និង​ ៣-​ការអភិវឌ្ឍ​សេដ្ឋកិច្ចនិង​ការបង្កើនប្រាក់ចំណូល។ សកម្មភាពសំខាន់ៗ​នៃការអនុវត្តគម្រោង​​ផ្តោតសំខាន់​លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ ការលើកកម្ពស់​ការអប់រំ និងកិច្ចគាំពារសង្គម និង​ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ ការគាំពារសុខភាពប្រជាជន ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ ដូចជាការចិញ្ចឹមសត្វ​ និង​ការស្តាររបរ​ហត្ថកម្ម​បែបប្រពៃណី​ និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈជាដើម។

បន្ទាប់ពី​​គម្រោង​នេះបានអនុវត្ត​ដោយជោគជ័យ ភូមិតានន​​មាន​ស្ថានភាព​សេដ្ឋកិច្ច សង្គម​​ល្អប្រសើរ​ជាងមុន ដោយមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និង​ការថែទាំសុខភាព ដែលបានជួយ​លើកកម្ពស់​ជីវភាពរស់នៅរបស់ប្រជាជន​បានកាន់តែប្រសើរឡើង ស្ថានភាពសុខភាពនិង​អនាម័យ​មានភាពល្អប្រសើរ ហើយ​គ្រួសារនីមួយៗមានចំណូល​ដែលមានស្ថិរភាព​​ល្អប្រសើរជាងមុន។ ជោគជ័យ​នៃគម្រោង​ភូមិគំរូ​តានន​ បាន​ផ្តល់មាគ៌ាសម្រាប់​គម្រោង​សហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍផ្សេងទៀត រវាង​សង្គមស៊ីវិលកម្ពុជា​និង​ចិន ក្នុងគោលដៅ​លុបបំបាត់ភាពក្រីក្រ។