
ទិដ្ឋភាពទូទៅរបស់គម្រោង
គម្រោងភូមិមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រ គឺជាគម្រោងកិច្ចសហប្រតិបត្តិការរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) ក្នុងក្របខណ្ឌនៃការលើកកម្ពស់មិត្តភាព និងការផ្លាស់ប្តូររវាងប្រជាជនចិន និងកម្ពុជា និងការជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យសង្គមស៊ីវិល រវាងប្រទេសកម្ពុជានិងចិន។


គម្រោងភូមិគំរូមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រ បានទទួលបានការគាំទ្រថវិកាពីមូលនិធិចិន CFPD និងសម្របសម្រួលការអនុវត្តដោយ វ.ស.ស.។ គម្រោងអភិវឌ្ឍន៍នេះមានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត រវាងអង្គការសង្គមស៊ីវិលនៃប្រទេសទាំងពីរ និងមានគោលបំណងលើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិគោលដៅ ដើម្បីឈានទៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដែលមានទិសដៅលុបបំបាត់ភាពក្រីក្រនៅឆ្នាំ២០៣០ និងជាពិសេសស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស ពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍការងារនិងវិស័យឯកជន និងការអភិវឌ្ឍប្រកបដោយចីរភាពបរិយាប័ន្ន។


គម្រោងភូមិគំរូមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រ បានជ្រើសរើសយកភូមិតានន ដែលស្ថិតនៅក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ សម្រាប់ការអនុវត្តគម្រោងដែលមានរយៈពេលបីឆ្នាំ(២០១៩-២០២២)។ ក្នុងគោលបំណងដើម្បីលុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់នៅរបស់ប្រជាជនភូមិតានន វាជាការចាំបាច់ក្នុងការស្វែងយល់អំពីឧបសគ្គចំពោះការអភិវឌ្ឍភូមិតានន។ ដូច្នេះ បញ្ហាប្រឈម និងតម្រូវការត្រូវបានកំណត់តាមរយៈវេទិកាសាធារណៈនិងការស្ទាបស្ទង់មតិជាមួយប្រជាជនក្នុងភូមិ ដែលត្រូវបានធ្វើឡើងដោយ វ.ស.ស.។ ជាលទ្ធផល យុទ្ធសាស្រ្តអនុវត្តគម្រោងបានផ្តោតសំខាន់លើផ្នែកបីសំខាន់ សម្រាប់ការអភិវឌ្ឍភូមិតានន រួមមាន៖ ១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ២-ការគាំពារសង្គម អនាម័យ និងការលើកកម្ពស់បរិស្ថាន និង ៣-ការអភិវឌ្ឍសេដ្ឋកិច្ចនិងការបង្កើនប្រាក់ចំណូល។ សកម្មភាពសំខាន់ៗនៃការអនុវត្តគម្រោងផ្តោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់ការអប់រំ និងកិច្ចគាំពារសង្គម និងការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ ការគាំពារសុខភាពប្រជាជន ការអភិវឌ្ឍវិស័យកសិកម្ម ដូចជាការចិញ្ចឹមសត្វ និងការស្តាររបរហត្ថកម្មបែបប្រពៃណី និងការបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម។



បន្ទាប់ពីគម្រោងនេះបានអនុវត្តដោយជោគជ័យ ភូមិតាននមានស្ថានភាពសេដ្ឋកិច្ច សង្គមល្អប្រសើរជាងមុន ដោយមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងការថែទាំសុខភាព ដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនបានកាន់តែប្រសើរឡើង ស្ថានភាពសុខភាពនិងអនាម័យមានភាពល្អប្រសើរ ហើយគ្រួសារនីមួយៗមានចំណូលដែលមានស្ថិរភាពល្អប្រសើរជាងមុន។ ជោគជ័យនៃគម្រោងភូមិគំរូតានន បានផ្តល់មាគ៌ាសម្រាប់គម្រោងសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍផ្សេងទៀត រវាងសង្គមស៊ីវិលកម្ពុជានិងចិន ក្នុងគោលដៅលុបបំបាត់ភាពក្រីក្រ។

