វេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះជំហរដ៏ម៉ឺងម៉ាត់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការការពារអធិបតេយ្យជាតិកម្ពុជា
លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ព្រមទាំងមន្ត្រីរាជការទាំងអស់នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ បានចេញញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេស ព្រោះតែជំនួយនោះឡើយ។ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ក៏បានប្រកាសថ្កោលទោស ប្រឆាំងដាច់ខាត ចំពោះបុគ្គលឬក្រុមទាំងឡាយណា ដែលមានគោលជំហរឬនិន្នាការផ្ទុយ ហើយព្រមឱនក្បាលរណបជាមួយបរទេស ដើម្បីជំនួយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យផងដែរ៕
លោក កឹមរ័ត្ន វិសិដ្ឋ៖ អ្នកសង្កេតការណ៍អន្តរជាតិសុទ្ធតែអ្នកមានបទពិសោធន៍ក្នុងការសង្កេតការណ៍បោះឆ្នោតនៅក្នុងបណ្តាប្រទេសនានាលើពិភពលោក
លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានគូសបញ្ជាក់ថា អ្នកសង្កេតការណ៍អន្តរជាតិទាំង២២០នាក់តាំងឱ្យអង្គការស្ថាប័ន និងតំណាងប្រទេសចំនួន៥២ នៃទ្វីបទាំង៥នៅលើពិភពលោកសុទ្ធតែអ្នកមានបទពិសោធន៍ក្នុងការសង្កេតការណ៍បោះឆ្នោតនៅក្នុងបណ្តាប្រទេសនានាលើពិភពលោក។ លោកបានថ្លែងដូចនេះ នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងពិធីផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មាន អំពីការចូលរួមរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។លោក កឹមរ័ត្ន វិសិដ្ឋ បានបន្ថែមថា អ្នកសង្កេតការណ៍អន្តរជាតិទាំងនោះ អញ្ជើញមកចូលរួមសង្កេតការណ៍នៅកម្ពុជាតាមរយៈគោលការណ៍ស្ម័គ្រចិត្ត មានឯករាជ្យភាពរបស់ខ្លួន និងមានសិទ្ធិគ្រប់គ្រាន់ក្នុងការថ្លែងនូវអ្វីដែលជាការពិតដែលគេបានសង្កេតការណ៍ដោយផ្ទាល់។គួរបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ មានក្រុមអ្នកសង្កេតការណ៍ជាតិចំនួន ១ ០៣៦នាក់មកពី៩៣ អង្គការ សមាគមនៅទូទាំងរាជធានី ខេត្ត និងក្រុមអ្នកសង្កេតការណ៍អន្តរជាតិចំនួន ២២០នាក់តាំងឱ្យអង្គការស្ថាប័ន និងតំណាងប្រទេសចំនួន៥២ នៃទ្វីបទាំង៥នៅលើពិភពលោកនឹងចូលរួមសង្កេតការណ៍បោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ក្រៅពីការចុះសង្កេតការណ៍ដោយផ្ទាល់តាមការិយាល័យបោះឆ្នោតនានា ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រុមអ្នកសង្កេតការណ៍អន្តរជាតិក៏នឹងគ្រោងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃស្ថាប័នកំពូលមួយចំនួនព្រមទាំងជួបពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធផ្សេងៗ។បន្ទាប់ពីបញ្ចប់ការងារសង្កេតការណ៍បោះឆ្នោត ក្រុមអ្នកសង្កេតការណ៍អន្តរជាតិគ្រោងនឹងធ្វើសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ចំណែកក្រុមអ្នកសង្កេតការណ៍ជាតិគ្រោងនឹងធ្វើសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីបង្ហាញពីការពិតនូវដំណើរការបោះឆ្នោតក្នុងនាមជាសាក្សីដែលបានចុះទៅសង្កេតការណ៍ដោយផ្ទាល់នៅតាមការិយាល័យបោះឆ្នោតនានាផងដែរ៕
ជួបជាមួយគណៈប្រតិភូបណ្តាញអង្គការសង្គមស៊ិវិលចិនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(CNIE) មូលនិធិចិនដើម្បីសន្តិភាព និងអភិវឌ្ឍន៍(CFPD) និងអង្គការសង្គមស៊ីវិលចិនចំនួន១២
នាព្រឹកថ្ងៃពុធ ទី១០ ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស. CSAF) បានទទួលជួបគណៈប្រតិភូបណ្តាញអង្គការសង្គមស៊ិវិលចិនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(CNIE) មូលនិធិចិនដើម្បីសន្តិភាព និងអភិវឌ្ឍន៍(CFPD) និងអង្គការសង្គមស៊ីវិលចិនចំនួន១២ ដែលដឹកនាំដោយ ឯកឧត្តម LIU Kaiyang អគ្គលេខាធិការរង CNIE។ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានវាយតម្លៃខ្ពស់ចំពោះគម្រោងអភិវឌ្ឍន៍ទាំងឡាយ ដែលមិត្តចិនបាន និងកំពុងអនុវត្ត សំដៅលើកកម្ពស់សុខុមាលភាពប្រជាជននៅតាមមូលដ្ឋាន និងពង្រឹង-ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអង្គការសង្គមស៊ីវិលនៃប្រទេសទាំងពីរ។ ឆ្លៀតឱកាសនេះ ឯកឧត្តម ក៏បានធ្វើបទឧទ្ទេសនាមជូនគណៈប្រតិភូ អំពីភារកិច្ច បេសកកម្មរបស់ វ.ស.ស. និងចែករំលែកព័ត៌មាន-បទពិសោធន៍សំខាន់ៗមួយចំនួន ពាក់ព័ន្ធសកម្មភាពរបស់អង្គការសង្គមស៊ីវិលនៅតាមមូលដ្ឋាន និងតម្រូវការចាំបាច់ជាក់ស្តែងរបស់ប្រជាជននៅក្នុងបណ្តាខេត្តទាំង២២ ដែល វ.ស.ស. បានរៀបចំវេទិកាសន្ទនា នាពេលកន្លងមក។
វេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រជុំជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង
(ស្ទឹងត្រែង)៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង រៀបចំ «វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍» ក្នុងគោលបំណងពិភាក្សា និងពិគ្រោះយោបល់ដោយផ្ទាល់ ជាមួយអង្គការសង្គមស៊ីវិល ដែលមានប្រតិបត្តិការនៅក្នុងខេត្តទាំងបីនេះ។លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោក ប៉េង សម្បត្តិ អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី លោកស្រី គង់ ស៊ីផា អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី និងលោក ឈាង ឡាក់ អភិបាលស្តីទី នៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្នុងវេទិកាសន្ទនាដាច់ដោយឡែកពីគ្នានៅខេត្តនីមួយៗ ដោយមានការចូលរួមពីតំណាងរបស់មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធចំណុះខេត្ត ក្រុមប្រឹក្សាស្រុក-ក្រុង ឃុំ-សង្កាត់ និងតំណាងអង្គការ សមាគម និងសហគមន៍នានានៅក្នុងខេត្តទាំងបីនេះ។វេទិកាសន្ទនានេះបានផ្តល់នូវឱកាសស្និទ្ធស្នាលឱ្យអង្គការ សមាគម និងសហគមន៍ បានជួបជុំជជែកពិភាក្សា និងពិគ្រោះយោបល់ដោយត្រង់ទៅត្រង់មក ជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ លើបញ្ហាប្រឈមជាក់ស្តែងដែលកើតមាននៅថ្នាក់មូលដ្ឋាន ក៏ដូចជា សំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋផងដែរ។ ជាលទ្ធផល បន្ទាប់ពីបានជជែកពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ បញ្ហាប្រឈម និងសំណូមពរមួយចំនួនរបស់ប្រជាពលរដ្ឋ ត្រូវបានដោះស្រាយជាក់ស្តែងនៅក្នុងកិច្ចពិភាក្សា។ ដោយឡែក បញ្ហាដែលនៅសេសសល់មួយចំនួនទៀត ដែលពាក់ព័ន្ធការងារក្នុងកម្រិតជំនាញ និងដែលទាមទារឱ្យមានការសិក្សាបន្ថែម ត្រូវបានលើកយកទៅបន្តពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងសមត្ថកិច្ចជំនាញ ដើម្បីស្វែងរកដំណោះស្រាយ។លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ជូនអង្គវេទិកាទាំងមូលអំពីតួនាទី និងបេសកកម្មរបស់ វ.ស.ស. ហើយក៏បានលើកឡើងផងដែរអំពីការងារដែល វ.ស.ស. បានបំពេញនាពេលកន្លងមក ក្នុងតួនាទីជាអ្នកសម្របសម្រួល និងចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដែលជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិ ឱ្យកាន់តែមានការរីកចម្រើន។ទន្ទឹមនឹងនេះ វ.ស.ស. មានទិសដៅចូលរួមជំរុញការអភិវឌ្ឍប្រទេស តាមរយៈការលើកស្ទួយតួនាទីរបស់អង្គការសង្គមស៊ីវិល និងចូលរួមគាំទ្រដល់ការអនុវត្តគម្រោងជាក់ស្តែងរបស់អង្គការសង្គមស៊ីវិល ដែលជាដៃគូរបស់ វ.ស.ស.។ អង្គការសង្គមស៊ីវិលត្រូវបានមើលឃើញថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា លើកិច្ចការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចប្រកបដោយចីរភាព៕
វេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រជុំជាមួយអាជ្ញាធរខេត្តស្វាយរៀង និងខេត្តព្រៃវែង
(ព្រៃវែង)៖ នៅថ្ងៃទី២១ និងទី២២ ខែមីនា ឆ្នាំ២០១៨ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយអាជ្ញាធរខេត្តស្វាយរៀង និងខេត្តព្រៃវែង រៀបចំ «វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍» ក្នុងគោលបំណងជជែកពិភាក្សា និងពិគ្រោះយោបល់ដោយផ្ទាល់ជាមួយអង្គការសង្គមស៊ីវិលដែលមានប្រតិបត្តិការនៅក្នុងខេត្តទាំងពីរនេះ។លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោក ហែម ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង និងលោក ចាន់ ថា អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ក្នុងវេទិកាសន្ទនាដាច់ដោយឡែកពីគ្នានៅខេត្តនីមួយៗ ដោយមានការចូលរួមពីតំណាងរបស់មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធចំណុះខេត្ត ក្រុមប្រឹក្សាស្រុក-ក្រុង ឃុំ-សង្កាត់ និងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តទាំងពីរនេះ។វេទិកាសន្ទនានេះបានផ្តល់នូវឱកាសស្និទ្ធស្នាលឱ្យអង្គការ សមាគម សហជីព និងសហគមន៍ បានជួបជុំជជែកពិភាក្សា និងពិគ្រោះយោបល់ដោយត្រង់ទៅត្រង់មក ជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ លើបញ្ហាប្រឈមជាក់ស្តែងដែលកើតមាននៅថ្នាក់មូលដ្ឋាន ក៏ដូចជាសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋផងដែរ។ ជាលទ្ធផល បន្ទាប់ពីបានជជែកពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ បញ្ហាប្រឈមនិងសំណូមពរមួយចំនួនរបស់ប្រជាពលរដ្ឋ ត្រូវបានដោះស្រាយជាក់ស្តែងនៅក្នុងកិច្ចពិភាក្សា។ ដោយឡែក បញ្ហាដែលនៅសេសសល់មួយចំនួនទៀត ដែលពាក់ព័ន្ធការងារក្នុងកម្រិតជំនាញ និងដែលទាមទារឱ្យមានការសិក្សាបន្ថែម ត្រូវបានលើកយកទៅបន្តពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងសមត្ថកិច្ចជំនាញ ដើម្បីស្វែងរកដំណោះស្រាយ។លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ជូនអង្គវេទិកាទាំងមូលអំពីតួនាទី និងបេសកកម្មរបស់ វ.ស.ស. ហើយក៏បានលើកឡើងផងដែរអំពីការងារដែល វ.ស.ស. បានបំពេញនាពេលកន្លងមក។ វ.ស.ស. គឺជាអ្នកសម្របសម្រួល និងចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដែលជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិ ឱ្យកាន់តែមានការរីកចម្រើន។ ទន្ទឹមនឹងនេះ វ.ស.ស. មានទិសដៅចូលរួមជំរុញការអភិវឌ្ឍប្រទេស តាមរយៈការលើកស្ទួយតួនាទីរបស់អង្គការសង្គមស៊ីវិល និងចូលរួមគាំទ្រដល់ការអនុវត្តគម្រោងជាក់ស្តែងរបស់អង្គការសង្គមស៊ីវិល ដែលជាដៃគូរបស់ វ.ស.ស.។ អង្គការសង្គមស៊ីវិលត្រូវបានមើលឃើញថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា លើកិច្ចការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចប្រកបដោយចីរភាព។
វេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រជុំជាមួយអាជ្ញាធរខេត្តតាកែវ កែប និងកំពត
(កំពត)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយអាជ្ញាធរខេត្តតាកែវ កែប និងកំពត រៀបចំ «វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍» ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅខេត្តតាកែវ កែប និងកំពត។លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោក អ៊ុន វណ្ណា អភិបាលរងខេត្តតាកែវ លោក ងិន ងិនដា អភិបាលរងខេត្តកែប និងលោក ជ្រឹង ផល្លា អភិបាលរងខេត្តកំពត ក្នុងវេទិកាសន្ទនាដែលបានរៀបចំដាច់ដោយឡែកពីគ្នានៅខេត្តនីមួយៗ ដោយមានអ្នកចូលរួមជាច្រើននាក់ មកពីមន្ទីរ អង្គភាពពាក់ព័ន្ធនានា ក្រុមប្រឹក្សាស្រុក ក្រុង ឃុំសង្កាត់ ព្រមទាំងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នៅក្នុងខេត្តនីមួយៗ។គោលបំណងនៃការរៀបចំវេទិកាសន្ទនានេះ គឺដើម្បីផ្សព្វផ្សាយអំពីតួនាទី និងបេសកកម្មរបស់ វ.ស.ស. ក៏ដូចជាការងារដែល វ.ស.ស. បានបំពេញនាពេលកន្លងមក។ វេទិកាសន្ទនានេះ បានផ្តល់ជាឱកាសសម្រាប់ការជជែកពិភាក្សា និងពិគ្រោះយោបល់ដោយផ្ទាល់ជាមួយអង្គការសង្គមស៊ីវិលលើបញ្ហាប្រឈមនានា និងបានបង្កើតឱ្យមានបរិយាកាសស្និទ្ធស្នាល រាជរដ្ឋាភិបាល និងរវាងអង្គការសង្គមស៊ីវិល ដែលជាដៃគូមិនអាចខ្វះ បានក្នុងការអភិវឌ្ឍសង្គមជាតិ។ថ្លែងក្នុងវេទិកាសន្ទនាទាំងបីថ្ងៃនេះ លោកប្រធានក្រុមប្រឹក្សា វ.ស.ស.បានបញ្ជាក់យ៉ាងច្បាស់ថា វ.ស.ស. មិនមែនជាបញ្ញត្តិករគ្រប់គ្រងអង្គការសង្គមស៊ីវិលនៅកម្ពុជាឡើយ។ វ.ស.ស. គឺជាអ្នកសម្របសម្រួលបំពេញបន្ថែមជាមួយ ក្រសួងស្ថាប័ន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាល ជាមួយបណ្តាអង្គការសង្គមស៊ីវិលឱ្យកាន់តែប្រសើរឡើងថែមទៀត ហើយ វ.ស.ស. មានគោលបំណងពង្រីកភាពជាដៃគូ ជាមួយអង្គការសង្គមស៊ីវិលនានា ដើម្បីសហការអនុវត្តគម្រោងជាក់ស្តែង សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព។វេទិកាសន្ទនាដែលបានរៀបចំឡើងដោយ វ.ស.ស. ដោយមានការសហការជាមួយអាជ្ញាធរថ្នាក់ខេត្ត ក៏បានបើកទូលាយឱ្យអង្គការ សមាគម សហជីព និងសហគមន៍ បានពិភាក្សាដោយត្រង់ទៅត្រង់មក និងបានលើកឡើងអំពីបញ្ហាប្រឈមនិងសំណូមពររបស់ខ្លួនផងដែរ។ ជាលទ្ធផល បញ្ហាប្រឈមនិងសំណូមពរមួយចំនួន ត្រូវបានដោះស្រាយជាក់ស្តែងនៅក្នុងកិច្ចពិភាក្សា ហើយបញ្ហាដែលសេសសល់មួយចំនួនទៀត នឹងត្រូវយកទៅពិភាក្សាជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ៕
វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល NGO និងអាជ្ញាធរខេត្តកំពង់ឆ្នាំង
(កំពង់ឆ្នាំង)៖ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ បានចូលរួមជាគណៈអធិបតីជាមួយលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង ក្នុងវេទិកាសន្ទនា ដោយមានសមាសភាពចូលរួមពីបណ្តាមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក-ក្រុង ឃុំ-សង្កាត់ ព្រមទាំងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានាទូទាំងខេត្តកំពង់ឆ្នាំង។ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ថា វ.ស.ស. មិនមែនជាស្ថាប័នបញ្ញត្តិករគ្រប់គ្រងអង្គការសង្គមស៊ីវិល ហើយក៏មិនមែនជាប្រតិបត្តិករដែលដើរតួនាទី ដូចអង្គការសង្គមស៊ីវិលនោះដែរ។ វ.ស.ស. គឺជាស្ថាប័នសម្របសម្រួលក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាល និងបណ្តាអង្គការសង្គមស៊ីវិលឱ្យកាន់តែប្រសើរឡើងថែមទៀត។វ.ស.ស. សិក្សាស្វែងយល់ពីបញ្ហាប្រឈម និងកង្វល់នានារបស់ប្រជាជន តាមរយៈសង្គមស៊ីវិលនៅមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយ និងចូលរួមជួយលើកកម្ពស់សិទ្ធិទទួលបានព័ត៌មានពិតប្រាកដ ដើម្បីទប់ស្កាត់ឥទ្ធិពលអាក្រក់នៅក្នុងសង្គម ដែលកើតចេញពីការបំផ្លើសព័ត៌មានបង្កឡើងដោយមជ្ឈដ្ឋានមួយចំនួន។ វ.ស.ស. បានខិតខំពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ក្នុងគោលដៅសិក្សា និងដកស្រង់បទពិសោធន៍សំខាន់នានាជុំវិញពិភពលោក ដើម្បីចូលរួមជំរុញការអភិវឌ្ឍប្រទេស តាមរយៈវិស័យសង្គមស៊ីវិល ប្រកបដោយប្រសិទ្ធភាព។លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានសង្កត់ធ្ងន់ផងដែរពីតួនាទី ដែលមិនអាចខ្វះបានរបស់វិស័យសង្គមស៊ីវិល ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជននៅតាមមូលដ្ឋាន។វេទិកាសន្ទនា ដែលបានរៀបចំឡើងដោយ វ.ស.ស. ក្រោមកិច្ចសហការ និងគាំទ្ររបស់អាជ្ញាធរថ្នាក់ខេត្តកំពង់ឆ្នាំង ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអ្នកចូលរួមទាំងអស់ ពីព្រោះវេទិកានេះបានបង្កើតឱកាស និងបរិយាកាសល្អសម្រាប់កិច្ចពិភាក្សា និងពិគ្រោះយោបល់ដោយត្រង់ទៅត្រង់មក និងដោយផ្ទាល់រវាងអង្គការ សមាគម សហជីព និងសហគមន៍ ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធ លើបញ្ហាប្រឈមជាក់ស្តែងក្នុងមូលដ្ឋាន និងសំណូមពរផ្សេងៗរបស់ប្រជាជន។បញ្ហាប្រឈម និងសំណូមពរមួយចំនួន ត្រូវបានដោះស្រាយជាក់ស្តែងនៅក្នុងវេទិកាសន្ទនា ហើយបញ្ហាមួយចំនួនទៀត ដែលទាមទារឱ្យមានការសិក្សាបន្ថែម និងការដោះស្រាយក្នុងកម្រិតបច្ចេកទេសជំនាញ នឹងត្រូវយកទៅពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងសមត្ថកិច្ចជំនាញ ដើម្បីបន្តស្វែងរកដំណោះស្រាយ។ វ.ស.ស. ត្រៀមខ្លួនជាស្រេច ដើម្បីរួមសហការគ្នាប្រកបដោយសុខដុមរមនាក្នុងគ្រួសារសង្គមស៊ីវិលទាំងអស់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងរួមគ្នាអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព៕