Community-Based Tourism COVID-19 Recovery ProjectClose

កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងដំណើរចុះពិនិត្យទីតាំងសម្រាប់សាងសង់ ជួសជុលកែលម្អរអគារសហគមន៍

តាកែវ៖ រសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ អង្គភាពអនុវត្តគម្រោងរដ្ឋបាលស្រុកអង្គរបូរី  នៃគម្រោងស្តារវិស័យទេសចរណ៍សហគមន៍ បន្ទាប់ពីវិបត្តិកូវីដ១៩ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងផលប៉ះពាល់សង្គមនិងបរិស្ថាន នៃការសាងសង់សំណង់អគារសហគមន៍(CW02) ស្រុកអង្គរបូរី និងចុះពិនិត្យទីតាំងសម្រាប់សាងសង់ ជួសជុលកែលម្អរអគារសហគមន៍។

កិច្ចប្រជុំនេះស្ថិតក្រោមការសម្របសម្រួលដឹកនាំដោយ ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការ វ.ស.ស និងជាប្រធានគ្រប់គ្រងគម្រោង និង ឯកឧត្តម គង់ វីរ: អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានសមាសភាពចូលរួមសរុបចំនួន២៤នាក់ (ស្រី ៨នាក់) ដូចជាក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទីប្រឹក្សាគម្រោង លោកមេឃុំ អង្គបូរី ព្រែកផ្ទោល គោកធ្លក មេភូមិ ១៤ នៃឃុំទាំង៣  និងគណ:កម្មការសហគមន៍។

រឿងរ៉ាវពាក់ព័ន្ធ

ការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការគ្រប់គ្រង សហគមន៍ទេសចរណ៍បឹងអូរស្វាយ

[ព្រះវិហារ] នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣   អង្គភាពគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ ប្រចាំខេត្តព្រះវិហារ (PIU Preah Vihear) បានសម្របសម្រួលរៀបចំការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការគ្រប់គ្រងសហគមន៍ទេសចរណ៍បឹងអូរស្វាយ ដែលគណៈកម្មធិការនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង៖ចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ជាតិ និងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រី​ក្រ​របស់រាជរដ្ឋា​ ភិ​បាល តាមរយៈការអភិវឌ្ឍសហគមន៍ទេសចរណ៍។ថែរក្សាការពារព្រៃឈើ ធនធានជីវៈចម្រុះ និងប្រភពទឹក​ ដើម្បីប្រយោជន៍រួម​របស់ប្រ​ជា​ជន​ក្នុងសហគមន៍។បង្កើនមុខរបរ និងប្រាក់ចំណូលសម្រាប់សហគមន៍តាមរយៈសេវាកម្មទេសចរណ៍។បំពេញបន្ថែមតម្រូវការរបស់ប្រជាជន ដោយការប្រើប្រាស់ធនធានធម្មជាតិ​ប្រកបដោយ​និរន្ត​រភាព​តាមរយៈ​ទេសចរណ៍សហគមន៍។បង្កើនការចូលរួមរបស់សហគមន៍ជាអតិប្បរមាក្នុងការគ្រប់គ្រង អភិរក្សធនធានជីវៈ​ចម្រុះ តាម​រយៈ​ការរៀបចំ​សេវាកម្មទេសចរណ៍សហគមន៍ និងកសិទេសចរណ៍។បន្ទាប់ពីការបោះឆ្នោតជ្រើសរើសដោយសេរី និងយុត្តិធម៌បានបញ្ចប់   អង្គភាពគម្រោងប្រចាំខេត្តព្រះវិហារ បានសម្រេចជ្រើសរើសសមាជិក ១១ រូប ក្នុងនោះស្រី ៥រូប ដែលមានប្រធាន ១រូប  អនុប្រធាន ១រូប និងសមាជិកតាមផ្នែកនីមួយៗចំនួន ៩រូប។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់បេសកកម្មត្រួតពិនិត្យវឌ្ឍនភាពគម្រោង

[ភ្នំពេញ] បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវបេសកកម្មត្រួតពិនិត្យវឌ្ឍនភាពគម្រោង ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់គោលដៅរបស់គម្រោងស្ថិតក្នុងខេត្តតាកែវ និងខេត្តព្រះវិហារ    វ.ស.ស. ក្នុងនាមជាអង្គភាពសម្របសម្រួលការអនុវត្តគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩​ (CBTCR ) បានសម្របសម្រួលកិច្ចប្រជុំបូកសរុបលទ្ធផលការងារ (Wrap-Up Meeting) សម្រាប់បេសកកម្មត្រួតពិនិត្យវឌ្ឍនភាពគម្រោង CBTCR ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣​ នៅអគារទីស្តីការគណៈរដ្ឋមន្រ្តី។កិច្ចប្រជុំនេះចូលរួមជាអធិបតីភាពដោយ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល ​​វ.ស.ស. និងជានាយកគម្រោង តំណាងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាង JICA តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  តំណាងអង្គភាពសម្របសម្រួលគម្រោង (EA) តំណាងអង្គភាពអនុវត្តគម្រោង (IA) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីប្រឹក្សាគម្រោង។ គោលបំណងរបស់កិច្ចប្រជុំនេះ គឺដើម្បីបង្ហាញពីស្ថានភាពគម្រោងនាពេលបច្ចុប្បន្ន លទ្ធផលនៃការចុះបេសកកម្មត្រួតពិនិត្យវឌ្ឍនភាពគម្រោងទៅលើផ្នែកហិរញ្ញវត្ថុ លទ្ធកម្ម កិច្ចការពារសង្គម យេនឌ័រ រួមទាំងការពិភាក្សា និងព្រមព្រៀងទៅលើផែនការសកម្មភាព សម្រាប់ពន្លឿនវឌ្ឍនភាពគម្រោងប្រចាំឆ្នាំ២០២៣។

កិច្ចប្រជុំចាប់ផ្តើមបេសកកម្ម (kick off meeting) ត្រួតពិនិត្យគម្រោង

នាព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងជាប្រធានអង្គភាពសម្របសម្រួលគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ បានដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំចាប់ផ្តើមបេសកកម្ម (kick off meeting) ត្រួតពិនិត្យគម្រោង ដោយមានការចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  តំណាងអង្គភាពសម្របសម្រួលគម្រោង (EA) តំណាងអង្គភាពអនុវត្តគម្រោង (IA) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីប្រឹក្សាគម្រោង ដើម្បីពិភាក្សាអំពីទិដ្ឋភាពទូទៅរបស់គម្រោង បញ្ហា/ផលវិបាកនានា និងបច្ចុប្បន្នភាពការងារលទ្ធកម្ម ការងារសង្គម និងបរិស្ថាន និងការងារយេនឌ័រ។ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានបានមានប្រសាសន៍ថា គម្រោងគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ គឺជាផ្នែកមួយរបស់គម្រោងតេជោភូមិ ១០០ ដែលគម្រោងនេះនៅតែដំណើរការធម្មតា បន្ទាប់ពីវិបត្តិកូវីដ-១៩  ហើយការអនុវត្តគម្រោងនេះ គឺជាការចូលរួមចំណែកនៅក្នុង « យុទ្ធសាស្រ្តបញ្ចកោណ » ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។  ឯកឧត្តមប្រធានក៏បានលើកឡើងពីសមិទ្ធផលរបស់គម្រោង បញ្ហាប្រឈមនានា និងទិសដៅបន្តរបស់គម្រោង។ ជាចុងបញ្ចប់  ឯកឧត្តមប្រធានបានថ្លែងអំណរគុណ និងលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះ លើកឡើងពីបញ្ហាប្រឈម និងក្តីកង្វល់នានា ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយរួមគ្នា។​គួរបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំនេះ ភាគីពាក់ព័ន្ធទាំងអស់របស់គម្រោងនឹងចុះបេសកកម្មត្រួតពិនិត្យគម្រោង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិគោលដៅរបស់គម្រោងនៅខេត្តតាកែវ និងខេត្តព្រះវិហារ។