Community-Based Tourism COVID-19 Recovery ProjectClose

កិច្ចប្រជុំចាប់ផ្តើមបេសកកម្ម (kick off meeting) ត្រួតពិនិត្យគម្រោង

នាព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងជាប្រធានអង្គភាពសម្របសម្រួលគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ បានដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំចាប់ផ្តើមបេសកកម្ម (kick off meeting) ត្រួតពិនិត្យគម្រោង ដោយមានការចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  តំណាងអង្គភាពសម្របសម្រួលគម្រោង (EA) តំណាងអង្គភាពអនុវត្តគម្រោង (IA) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីប្រឹក្សាគម្រោង ដើម្បីពិភាក្សាអំពីទិដ្ឋភាពទូទៅរបស់គម្រោង បញ្ហា/ផលវិបាកនានា និងបច្ចុប្បន្នភាពការងារលទ្ធកម្ម ការងារសង្គម និងបរិស្ថាន និងការងារយេនឌ័រ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានបានមានប្រសាសន៍ថា គម្រោងគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ គឺជាផ្នែកមួយរបស់គម្រោងតេជោភូមិ ១០០ ដែលគម្រោងនេះនៅតែដំណើរការធម្មតា បន្ទាប់ពីវិបត្តិកូវីដ-១៩  ហើយការអនុវត្តគម្រោងនេះ គឺជាការចូលរួមចំណែកនៅក្នុង « យុទ្ធសាស្រ្តបញ្ចកោណ » ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។  ឯកឧត្តមប្រធានក៏បានលើកឡើងពីសមិទ្ធផលរបស់គម្រោង បញ្ហាប្រឈមនានា និងទិសដៅបន្តរបស់គម្រោង។ ជាចុងបញ្ចប់  ឯកឧត្តមប្រធានបានថ្លែងអំណរគុណ និងលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះ លើកឡើងពីបញ្ហាប្រឈម និងក្តីកង្វល់នានា ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយរួមគ្នា។​

គួរបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំនេះ ភាគីពាក់ព័ន្ធទាំងអស់របស់គម្រោងនឹងចុះបេសកកម្មត្រួតពិនិត្យគម្រោង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិគោលដៅរបស់គម្រោងនៅខេត្តតាកែវ និងខេត្តព្រះវិហារ។

រឿងរ៉ាវពាក់ព័ន្ធ

បេសកកម្មត្រួតពិនិត្យទីតាំងអនុវត្ដគម្រោងនៅស្រុកអង្គរបូរី ខេត្តតាកែវ

ស្រុកកអង្គរបូរី៖ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ក្នុងនាមអង្គភាពសម្របសម្រួលការអនុវត្តគម្រោងស្ដារវិស័យទេសចរណ៍សហគមន៍ពីវិបត្ដិកូវីដ-១៩ បានដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា (ADB-Carm), មន្រ្ដីជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងអ្នកជំនាញការជាតិ-អន្តរជាតិដែលជាទីប្រឹក្សាគម្រោង ដើម្បីចុះទៅពិនិត្យទីតាំងអនុវត្ដគម្រោងនៅស្រុកអង្គរបូរី ខេត្តតាកែវ ដែលរួមមាន៖ បរិវេណសាលាស្រុក ប្រាសាទភ្នំដា វត្ដគំនូរ និងកសិដ្ឋានចិញ្ចឹមបង្កង។ ក្នុងនោះផងដែរប្រតិភូបានប្រជុំពិភាក្សា ផ្លាស់ប្ដូរយោបល់ជាមួយថ្នាក់ដឹកនាំមូលដ្ឋានស្រុក-ឃុំ និងតំណាងសហគមន៍ ដើម្បីសិក្សាពីផលប៉ះពាល់ ការងារពាក់ព័ន្ធ ព្រមទាំងសំណូមពរ។

កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងដំណើរចុះពិនិត្យទីតាំងសម្រាប់សាងសង់ ជួសជុលកែលម្អរអគារសហគមន៍

តាកែវ៖ រសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ អង្គភាពអនុវត្តគម្រោងរដ្ឋបាលស្រុកអង្គរបូរី  នៃគម្រោងស្តារវិស័យទេសចរណ៍សហគមន៍ បន្ទាប់ពីវិបត្តិកូវីដ១៩ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងផលប៉ះពាល់សង្គមនិងបរិស្ថាន នៃការសាងសង់សំណង់អគារសហគមន៍(CW02) ស្រុកអង្គរបូរី និងចុះពិនិត្យទីតាំងសម្រាប់សាងសង់ ជួសជុលកែលម្អរអគារសហគមន៍។កិច្ចប្រជុំនេះស្ថិតក្រោមការសម្របសម្រួលដឹកនាំដោយ ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការ វ.ស.ស និងជាប្រធានគ្រប់គ្រងគម្រោង និង ឯកឧត្តម គង់ វីរ: អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានសមាសភាពចូលរួមសរុបចំនួន២៤នាក់ (ស្រី ៨នាក់) ដូចជាក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទីប្រឹក្សាគម្រោង លោកមេឃុំ អង្គបូរី ព្រែកផ្ទោល គោកធ្លក មេភូមិ ១៤ នៃឃុំទាំង៣  និងគណ:កម្មការសហគមន៍។

កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងផលប៉ះពាល់សង្គមនិងបរិស្ថាន នៃការសាងសង់សំណង់អគារសហគមន៍

តាកែវ៖ ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ អង្គភាពអនុវត្តគម្រោងរដ្ឋបាលស្រុកអង្គរបូរី  នៃគម្រោងស្តារវិស័យទេសចរណ៍សហគមន៍ បន្ទាប់ពីវិបត្តិកូវីដ១៩ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងផលប៉ះពាល់សង្គមនិងបរិស្ថាន នៃការសាងសង់សំណង់អគារសហគមន៍(CW02) ស្រុកអង្គរបូរី។កិច្ចប្រជុំនេះស្ថិតក្រោមការសម្របសម្រួលដឹកនាំដោយ ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការ វ.ស.ស និងជាប្រធានគ្រប់គ្រងគម្រោង ដោយមានសមាសភាពចូលរួមសរុបចំនួន៦៤នាក់ (ស្រី ១៨នាក់) ដូចជាទីប្រឹក្សាគម្រោង លោកមេឃុំ អង្គបូរី ព្រែកផ្ទោល គោកធ្លក​ មេភូមិ ១៤ នៃឃុំទាំង៣  គណ:កម្មការសហគមន៍ និងតំណាងប្រជាពលរដ្ឋសហគមន៍ ចំនួន២៥ នាក់។