Community-Based Tourism COVID-19 Recovery ProjectClose

ការបើកឯកសារដេញថ្លៃជាសាធារណៈ សម្រាប់កញ្ចប់លទ្ធកម្មលេខ CSAF-CW01

រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយស្របតាមនីតិវិធីលទ្ធកម្ម គណៈកម្មការត្រួតពិនិត្យឯកសារដេញថ្លៃ និងគណៈកម្មការវាយតម្លៃការដេញថ្លៃ របស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩ (CBTCR) បានរៀបចំកិច្ចប្រជុំបើកឯកសារដេញថ្លៃជាសាធារណៈ ក្រោមការដឹកនាំដោយ ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងជាអ្នកគ្រប់គ្រងគម្រោង CBTCR តំណាងឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជានាយកគម្រោង CBTCR  ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនដែលចូលរួមដេញថ្លៃ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារពាក់ព័ន្ធ។

ការបើកឯកសារដេញថ្លៃជាសាធារណៈពេលនេះ គឺធ្វើឡើងសម្រាប់កញ្ចប់លទ្ធកម្មលេខ CSAF-CW01៖ ការសាងសង់មជ្ឈមណ្ឌលទេសចរណ៍នៅសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ នៅខេត្តព្រះវិហារ។ កញ្ចប់លទ្ធកម្មនេះអនុវត្តតាមវិធីសាស្រ្តដេញថ្លៃប្រកួតប្រជែងក្នុងស្រុក និងមានក្រុមហ៊ុនចូលរួមចំនួន ៨ បានចូលរួមដាក់ឯកសារដេញថ្លៃ ហើយការបើកឯកសារដាក់ដេញថ្លៃមានដំណើរការដោយរលូនតាមនីតិវិធីដោយមិនមានភាគីណាមួយធ្វើការតរ៉ានោះទេ៕

រឿងរ៉ាវពាក់ព័ន្ធ

បេសកកម្មត្រួតពិនិត្យទីតាំងអនុវត្ដគម្រោងនៅស្រុកអង្គរបូរី ខេត្តតាកែវ

ស្រុកកអង្គរបូរី៖ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ក្នុងនាមអង្គភាពសម្របសម្រួលការអនុវត្តគម្រោងស្ដារវិស័យទេសចរណ៍សហគមន៍ពីវិបត្ដិកូវីដ-១៩ បានដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា (ADB-Carm), មន្រ្ដីជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងអ្នកជំនាញការជាតិ-អន្តរជាតិដែលជាទីប្រឹក្សាគម្រោង ដើម្បីចុះទៅពិនិត្យទីតាំងអនុវត្ដគម្រោងនៅស្រុកអង្គរបូរី ខេត្តតាកែវ ដែលរួមមាន៖ បរិវេណសាលាស្រុក ប្រាសាទភ្នំដា វត្ដគំនូរ និងកសិដ្ឋានចិញ្ចឹមបង្កង។ ក្នុងនោះផងដែរប្រតិភូបានប្រជុំពិភាក្សា ផ្លាស់ប្ដូរយោបល់ជាមួយថ្នាក់ដឹកនាំមូលដ្ឋានស្រុក-ឃុំ និងតំណាងសហគមន៍ ដើម្បីសិក្សាពីផលប៉ះពាល់ ការងារពាក់ព័ន្ធ ព្រមទាំងសំណូមពរ។

កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងដំណើរចុះពិនិត្យទីតាំងសម្រាប់សាងសង់ ជួសជុលកែលម្អរអគារសហគមន៍

តាកែវ៖ រសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ អង្គភាពអនុវត្តគម្រោងរដ្ឋបាលស្រុកអង្គរបូរី  នៃគម្រោងស្តារវិស័យទេសចរណ៍សហគមន៍ បន្ទាប់ពីវិបត្តិកូវីដ១៩ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងផលប៉ះពាល់សង្គមនិងបរិស្ថាន នៃការសាងសង់សំណង់អគារសហគមន៍(CW02) ស្រុកអង្គរបូរី និងចុះពិនិត្យទីតាំងសម្រាប់សាងសង់ ជួសជុលកែលម្អរអគារសហគមន៍។កិច្ចប្រជុំនេះស្ថិតក្រោមការសម្របសម្រួលដឹកនាំដោយ ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការ វ.ស.ស និងជាប្រធានគ្រប់គ្រងគម្រោង និង ឯកឧត្តម គង់ វីរ: អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានសមាសភាពចូលរួមសរុបចំនួន២៤នាក់ (ស្រី ៨នាក់) ដូចជាក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទីប្រឹក្សាគម្រោង លោកមេឃុំ អង្គបូរី ព្រែកផ្ទោល គោកធ្លក មេភូមិ ១៤ នៃឃុំទាំង៣  និងគណ:កម្មការសហគមន៍។

ការប្រជុំលើកដំបូងរបស់​គណៈកម្មាធិការសហគមន៍ទេសចរណ៍បឹងអូរស្វាយ

[ព្រះវិហារ] នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣​ ឯកឧត្តម ឃូ អៀងហួត អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ និងជានាយកគម្រោងCBT ប្រចាំខេត្តព្រះវិហារ ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ និងជាអ្នកសម្របសម្រួលគម្រោង CBT ប្រចាំខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រង CBT លើកដំបូង ដោយមានការចូលរួមពីបុគ្គលិកគម្រោង CBT ចំនួន ៤រូប សមាជិកគណៈកម្មាធិការសហគមន៍ទេសចរណ៍បឹងអូរស្វាយ ចំនួន ១១ នាក់ (ស្រី ៥នាក់) និងមេភូមិម្នាក់ ដែលបានរៀបចំឡើងនៅសាលប្រជុំអាជ្ញាធរជាតិព្រះវិហារ ។កិច្ចប្រជុំនេះមានគោលបំណង ១). ដើម្បីណែនាំអ្នកអនុវត្តគម្រោង CBT និងសមាជិកគណៈកម្មាធិការសមាជិកគណៈកម្មាធិការសហគមន៍ទេសចរណ៍បឹងអូរស្វាយ ២). ពិនិត្យសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជារបស់សហគមន៍ទេសចរណ៍បឹងអូរស្វាយ និង៣). កំណត់តួនាទី និងការទទួលខុសត្រូវរបស់សមាជិកគណៈកម្មាធិការ។គួររំលឹកផងដែរថា កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីសម្រេចបានលទ្ធផលបោះឆ្នោតផ្លូវការនៃការជ្រើស​​រើសសមាជិកគណៈកម្មាធិការគ្រប់គ្រងបឹងអូរស្វាយ ដោយមានការចូលរួមពីសមាជិក​​សហគមន៍ទាំងអស់ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៣។   សហគមន៍ទេស​ចរណ៍បឹងអូរស្វាយត្រូវបានផ្តួចផ្តើមឡើងដោយគម្រោងស្តារវិស័យទេសចរណ៍​​​ ​សហ​គម​ន៍​បន្ទាប់ពីវិបត្តិកូវីដ-១៩ ដើម្បី​ពន្លឿនការស្តារឡើងវិញនូវវិស័យទេសចរណ៍ បន្ទាប់ពីវិបត្តិវិបត្តិកូវីដ-១៩  នៅតាមសហគមន៍ជនបទ ស្ថិតក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ។