អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធាន បទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»

ព័ត៌មានស្រដៀងគ្នា
វ.ស.ស.ចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ឆ្នាំ២០២៥
នាព្រឹក ថ្ងៃចន្ទ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់មន្រ្តីរាជការជាស្រ្តី និងមន្ត្រីរាជការជាបុរសសម្រាប់ជូនភរិយា ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធាន បទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»។
វេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្ដីការគណៈរដ្ឋមន្ដ្រី បានចុះអនុស្សរណៈនៃការយោគយល់ជាមួយគណៈកម្មាធិការសម្រាប់ភាពជាអ្នកជិតខាងល្អ មិត្ដភាព និងកិច្ចសហប្រតិបត្ដិការ ប្រចាំប្រទេសចិន នៃអង្គការសហប្រតិបត្ដិការសៀងហៃ
(ភ្នំពេញ)៖ ក្នុងគោលបំណងពង្រឹងភាពជាអ្នកជិតខាងល្អ មិត្ដភាព និងភាពជឿជាក់គ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ការរៀនសូត្រពីគ្នា និងការផ្លាស់ប្ដូរវប្បធម៌រវាងប្រជាជននិងប្រជាជននៃប្រទេសកម្ពុជា-ចិន និងបណ្ដាប្រទេសស្ថិតក្នុងក្របខណ្ឌអង្គការសហប្រតិបត្ដិការសៀងហៃ វេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្ដីការគណៈរដ្ឋមន្ដ្រី បានចុះអនុស្សរណៈនៃការយោគយល់ជាមួយគណៈកម្មាធិការសម្រាប់ភាពជាអ្នកជិតខាងល្អ មិត្ដភាព និងកិច្ចសហប្រតិបត្ដិការប្រចាំប្រទេសចិន នៃអង្គការសហប្រតិបត្ដិការសៀងហៃ។ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ បានប្រព្រឹត្ដឡើងនារសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី រវាង លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) និងលោកស្រី CUI Li អនុប្រធានគណៈកម្មាធិការសម្រាប់ភាពជាអ្នកជិតខាងល្អ មិត្ដភាព និងកិច្ចសហប្រតិបត្ដិការប្រចាំប្រទេសចិន នៃអង្គការសហប្រតិបត្ដិការសៀងហៃ ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់កម្ពុជា។ តាមស្មារតីនៃអនុស្សរណៈនេះ ភាគីទាំងពីរនឹងខិតខំជំរុញមិត្ដភាពប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្ដិការជាក់ស្ដែងរវាងប្រទេសកម្ពុជានិងចិន ក៏ដូចជាប្រទេសជាសមាជិកនៃអង្គការសហប្រតិបត្ដិការសៀងហៃ លើវិស័យអប់រំ ឱសថបុរាណ ការផ្លាស់ប្ដូរវប្បធម៌ និងការអប់រំបច្ចេកវិទ្យាឌីជីថល ព្រមទាំងវិស័យសង្គមស៊ីវិលផងដែរ។នៅក្នុងជំនួបពិភាក្សានាថ្ងៃនេះ លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ថាអនុស្សរណៈនេះ គឺជាមូលដ្ឋានសំខាន់សម្រាប់អនុញ្ញាតឱ្យវ.ស.ស និងអង្គការសហប្រតិបត្ដិការសៀងហៃ ផ្ដល់ឱកាសឱ្យពង្រីកកិច្ចសហប្រតិបត្ដិការដើម្បីផលប្រយោជន៍ទៅវិញមករវាងប្រជាជននិងប្រជាជន។
សារលិខិតជូនពរឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦០ឆ្នាំ ឈានចូល ៦១ឆ្នាំ
ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលប្រកបដោយក្ដីសោមនស្សរីករាយនៃការចម្រើនជន្មាយុ ៦០ឆ្នាំ ឈានចូល៦១ឆ្នាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីប្រចាំការ នាថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងភរិយា ខ្ញុំបាទសូមសម្ដែងនូវសេចក្ដីគោរពកោតសរសើរដ៏ស្មោះជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីប្រចាំការ ដែលជានិច្ចកាលតែងលះបង់អស់ពីកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ក្នុងការដឹកនាំទីស្ដីការគណៈរដ្ឋមន្ដ្រី ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខ មហាប្រសើរ ដើម្បីបន្ដដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី និងរួមចំណែកអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាក្នុងបរិយាកាសនៃសុខសន្ដិភាពដ៏រឹងមាំ និងយូរអង្វែងតរៀងទៅ និងសូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។