
តាកែវ៖ ស្ថិតនៅក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅអគារពហុបំណងភូមិតានន មានរៀបចំកម្មវិធី«សង្ក្រាន្តភូមិតានន» ក្រោមកិច្ចសហការរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ ដើម្បីសាទរដល់ឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំម៉្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩។
ថ្លែងជម្រាបអង្គពិធីដែលមានអ្នកចូលរួមអញ្ជើញមកពីទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋបាលខេត្តតាកែវ រដ្ឋបាលស្រុកបាទី រដ្ឋបាលឃុំដូង ប្រជាជន សិស្សានុសិស្ស និងមិត្តចិនដែលអញ្ជើញមកពីមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា សមាគមពាណិជ្ជកម្មចិនហ្វូជៀនប្រចាំកម្ពុជា មូលនិធិសង្គមដើម្បីការអភិវឌ្ឍអប់រំកម្ពុជា សរុបចំនួន២០០នាក់ លោក លី សាវេត អភិបាលរងខេត្តតាកែវបានថ្លែងថា អ្នកភូមិតាននរៀបចំព្រឹត្តិការណ៍សង្ក្រាន្តភូមិតានន ឆ្នាំ២០២៥ ដើម្បីបង្ហាញពីវឌ្ឍនភាពនៃការផ្លាស់ប្តូរមុខមាត់ថ្មីប្រកបដោយការអភិវឌ្ឍយ៉ាងខ្លាំងក្លានិងពោរពេញដោយបៃតងភាពរបស់ភូមិតាននក្នុងរយៈពេល៥ឆ្នាំនៃដំណើរការអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ ក្រោមកិច្ចសហការរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និង មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ។


ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នាថ្ងៃនេះជាការគូសរំលេចបន្ថែមពីការផ្សព្វផ្សាយ និងការចែករំលែកពីអរិយធម៌រាប់ពាន់ឆ្នាំនៃពិធីសង្ក្រាន្តជូនដល់មិត្តចិនដោយបានចូលមកកម្សាន្តដោយផ្ទាល់ និងរួមចំណែកចែករំលែកពីក្តីសប្បាយរីករាយរបស់ប្រជាជនកម្ពុជាក្រោមម្លប់សុខសន្តិភាពនាសករាជតេជោ និងផ្លែផ្កានៃការអភិវឌ្ឍបន្តទទួលបានក្រោមការដឹកនាំរបស់សម្តេចធិបតី ដល់ប្រជាជនចិន និងមិត្តបរទេសនៅគ្រប់ទិសទី។ ឯកឧត្តមបានបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តភូមិតានន នឹងចូលរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន តាមរយៈការស្វែងយល់ កោតសរសើរ និងផ្តល់តម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់គ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសយើងទាំងពីរ។ បន្ថែមពីលើនេះ ឯកឧត្តម ក៏បានឆ្លៀតយកឱកាសនេះ ណែនាំក្រុមហ៊ុនចិនមកជួបផ្ទាល់ជាមួយម្ចាស់កសិផលដែលជាអ្នកភូមិតានន ហើយឯកឧត្តមក៏បានស្វាគមន៍ដល់មិត្តចិនមកទស្សនាភូមិតាននដើម្បីបង្កើនការរួមចំណែកចាក់បញ្ចូលនៃការអភិវឌ្ឍដល់ភូមិតានននិយាយដោយឡែក ដល់ឃុំដូងនិយាយរួម។


លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាបានថ្លែងថា សង្ក្រាន្តភូមិតាននជាគីឡូម៉ែត្រចេញដំណើររបស់ជនជាតិចិនផ្តើមយល់កាន់តែស៊ីជម្រៅពីវប្បធម៌ខ្មែរទាក់ទងនឹងសង្ក្រាន្ត ដោយរួមមានទាំងការលេងកម្សាន្តនូវល្បែងប្រពៃណីខ្មែរជាច្រើន ដោយឆ្ពោះទៅចូលរួមសាទរអង្គរសង្ក្រាន្តនៅក្នុងតំបន់អង្គរ។ លោកនឹងយកឱកាសនៃព្រឹត្តិការណ៍នេះទាក់ទាញមិត្តភក្តិ ក្រុមគ្រួសារ និងជនជាតិចិនកាន់តែច្រើនមកទស្សនាកម្ពុជា។


លោក Feng Ziquan អគ្គលេខាធិការសមាគមពាណិជ្ជកម្មចិនហ្វូជៀនប្រចាំកម្ពុជា បានចូលរួមអបអរសាទរនឹងវឌ្ឍនភាពនៅភូមិតានន ហើយលោកនឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីរួមចំណែកជាស្ពាននាំយកកសិផលរបស់ភូមិតាននដល់ដៃរបស់សមាគមពាណិជ្ជកម្មចិននានាក្នុងប្រទេសកម្ពុជា។ លោកក៏នឹងបន្តការទាក់ទាញមិត្តចិនកាន់តែច្រើនមកកាន់ភូមិតានន ដើម្បីរួមចំណែកបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន៕
ព័ត៌មានស្រដៀងគ្នា
សារលិខិតរបស់ប្រធានាធិបតី ស៊ី ជីនពីង៖ ខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព
សារលិខិតរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានរំលេចចេញនូវខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្តង់ដារខ្ពស់ កម្រិតខ្ពស់ និងគុណភាពខ្ពស់ រួមមានទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសកម្ពុជា-ចិន ការផ្តល់តម្លៃដល់មនោសញ្ចេតនា និងគុណធម៌ រួមសុខរួមទុក្ខ និងជួយយកអាសារគ្នាទៅវិញទៅមក សមភាព និងការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមទាំងបរិយាបន្ន និងការរៀនសូត្រពីគ្នាទៅវិញទៅមក។ អ្វីដែលជាការកត់សម្គាល់ ក្នុងសារលិខិតនេះក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពរបស់គម្រោងភូមិមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដែលជាគម្រោងនៃកិច្ចសហការរួមគ្នារវាង វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និង មូលនិធិចិនដេីម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD)។ដកស្រង់ចេញពីសារព័ត៌មាន Khmer Times: https://shorturl.at/jhURc
សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចមហា រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។