Close

ញត្តិថ្កោលទោសចំពោះការរៀបចំគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូមប្រកាសថ្កោលទោសយ៉ាងដាច់ អហង្កាចំពោះក្រុមជ្រុលនិយម មានចរិតព្យាបាទ និងទុច្ចរិត ដែលបានរៀបចំគម្រោងភេរវកម្មប៉ុនប៉ង​ធ្វើឃាត សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារ តាមរយៈការវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់ សម្តេចតេជោ នាក្រុងតាខ្មៅ ខេត្តកណ្តាល។

គម្រោងផែនការដ៏ខ្មៅងងឹតនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងធ្វើឃាតថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីមហិច្ឆតានយោបាយដ៏កខ្វក់ និងហិង្សានិយមនាំឱ្យបែកបាក់សាមគ្គីជាតិ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រទេស​ជាតិ ដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាចាត់វិធានការឱ្យបានម៉ឺងម៉ាត់លើក្រុមទុច្ចរិត និងបក្សពួកដែលពាក់ព័ន្ធនឹងគម្រោងការឧក្រិដ្ឋកម្ម​ខាងលើ ដែលតែង តែគឃ្លើនបំពានច្បាប់ ប្រមាថថ្នាក់ដឹកនាំ ញុះញង់ប្រឆាំងនឹងសន្តិសុខជាតិ ការអភិវឌ្ឍ និង​ភាពសុខសាន្តរបស់ប្រជាជនដែលទទួលបានដោយលំបាក តាមរយៈពលិកម្មដ៏ធំធេងរបស់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសធ្វើការថ្កោលទោស និង​ប្រឆាំងដាច់ខាតចំពោះទង្វើភេរវកម្មនេះ ហើយសូមរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីការពារសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍតាមមាគ៌ានយោបាយប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍ឆ្នើម និងជាបិតាសន្តិភាពរបស់កម្ពុជា។

ព័ត៌មានស្រដៀងគ្នា

គម្រោង​កាត់​បន្ថយ​ភាព​ក្រីក្រ​​បានប្រែ​ក្លាយ​ភូមិ​ដាច់ស្រយោលមួយ​របស់​ប្រទេសកម្ពុជាទៅ​ជា​ភូមិទំនើប

ស្រុកបាទី ខេត្តតាកែវ៖ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ (សារព័ត៌មានស៊ិនហួ) - គម្រោងកាត់បន្ថយភាពក្រីក្រដែលបានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២១ ផ្តល់ជំនួយដោយប្រទេសចិន បានប្រែក្លាយភូមិតាននដែលពីមុនឯកោ និងស្ងប់ស្ងាត់នៅតំបន់ដាច់ស្រយាលរបស់ប្រទេសកម្ពុជា ទៅជាភូមិទំនើបមួយ។ភូមិតាននស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ នៅចម្ងាយប្រហែល៦០គីឡូម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញ មានផ្ទៃដីសរុបចំនួន ៧២ហិកតា និងមានផ្ទះជាង១៣០ គ្រួសារ ដែលមានប្រជាជនសរុបជាង៦០០នាក់។ភូមិនេះជាភូមិតូច ដែលពីមុនមិនមានផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី សាលារៀន និងមណ្ឌលសុខភាពឡើយ ប៉ុន្តែភូមិនេះបានផ្លាស់ប្តូរទាំងស្រុង នៅពេលដែលមូលនិធិចិនសម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ (CFPD) ​​របស់ប្រទេសចិន បានផ្តល់មូលនិធិដល់គម្រោងកាត់បន្ថយភាពក្រីក្រនៅភូមិតានន ក្រោមកិច្ចសហការ និងសម្របសម្រួលអនុវត្តគម្រោងដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ប្រចាំប្រទេសកម្ពុជា។លោកស្រី ប៉ោ សុខឃីម អាយុ៥១ឆ្នាំ ជាប្រជាជនរស់នៅភូមិតានន បាននិយាយថា ជីវភាពរបស់គាត់មានភាពល្អប្រសើរឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីគម្រោងនេះត្រូវបានអនុវត្តនៅក្នុងភូមិរបស់គាត់។​ មុនពេលចាប់ផ្តើមគម្រោងនេះ គ្រួសាររបស់គាត់ទាំងមូលពឹងផ្អែកលើការធ្វើស្រែតែមួយមុខប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីគម្រោងបានចាប់ផ្តើម គាត់ក៏ចាប់ផ្តើមប្រកបរបរលក់ដូរ ចំណែកប្តីរបស់គាត់បានបើកហាងជួសជុលម៉ូតូនៅមុខផ្ទះ។លោកស្រីបានប្រាប់អ្នកសារព័ត៌មានស៊ីនហួរ កាលពីថ្ងៃអាទិត្យថា “កាលពីមុន ពួកខ្ញុំពិបាកប្រកបរបរលក់ដូរណាស់ ដោយសារមិនមានផ្លូវល្អ ផ្លូវទាំងអស់មិនមានក្រាលកៅស៊ូ និងមានធូលីហុយ ហើយមានមនុស្សតិចណាស់ធ្វើដំណើរទៅមកក្នុងភូមិនេះ”។លោកស្រីដែលជាស្រ្តីមានកូនបួននាក់បានបន្ថែមទៀតថា “ប៉ុន្តែចាប់តាំងពីប្រទេសចិនបានផ្តល់មូល​និធិ​ដល់គម្រោងកាត់បន្ថយភាពក្រីក្រនៅក្នុងភូមិរបស់ខ្ញុំមក  ប្រជាជនក្នុងភូមិមានផ្លូវបេតុង ប្រព័ន្ធលូបង្ហូរទឹក ថាម​ពល​​ពន្លឺព្រះអាទិត្យ ជាពិសេសប្រព័ន្ធទឹកស្អាត សម្រាប់ប្រើប្រាស់”។លោកស្រីបាននិយាយបន្តទៀតថា គម្រោងនេះមិនត្រឹមតែប្រែក្លាយពីភូមិក្រីក្រ និងកខ្វក់ទៅជាភូមិទំនើបមួយប៉ុណ្ណោះទេ  ប៉ុន្តែថែមទាំងបានផ្លាស់ប្តូរជីវភាពរបស់អ្នកភូមិជាច្រើន តាមរយៈការជួយពួកគាត់ឱ្យបង្កើតមុខរបរច្បាស់លាស់ សម្រាប់បង្កើនប្រាក់ចំណូលក្នុងគ្រួសារផងដែរ។អត្ថបទដកស្រង់ពី សារព័ត៌មានស៊ិនហួ (https://shorturl.at/SbJbX)បកប្រែក្រៅផ្លូវការដោយ៖ លោក ឈឹម សេរីពង្ស មន្រ្តីនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)

សារលិខិតរំលែកមរណទុក្ខគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងក្នុងនាមខ្ញុំបាទផ្ទាល់និងភរិយា​មាន​សេចក្តី​ក្តុកក្តួល និងសោកស្តាយក្រៃលែង ចំពោះដំណឹងមរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាបងប្រុសបង្កើត​ជាទីគោរព​ស្រឡាញ់​​បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ និងជាបងថ្លៃ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានទទួល​​អនិច្ចកម្មកាលពីវេលាម៉ោង ២:២៧នាទីរំលងអធ្រាត្រ ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង​​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។មរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់ដ៏ធំធេងនូវ​បងប្រុសបង្កើត បងថ្លៃ ឳពុក និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ចំពោះ ប្អូនៗ កូនៗ ចៅៗ និងក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំង​កាយចិត្ត ប្រាជ្ញាស្មារតី តស៊ូយ៉ាងសកម្ម បំពេញការងារប្រកបដោយឆន្ទៈមនសិការបម្រើឧត្តមប្រយោជន៍ ជាតិមាតុភូមិ និង​ប្រជាជន និងជាពិសេស ជាការបាត់បង់នូវពុទ្ធសាសនិកមួយរូបដែលធ្លាប់ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ក្នុងព្រះពុទ្ធសាសនា និងមានស្នាដៃ​ច្រើនរាប់មិនអស់ក្នុងការចូលរួមចំណែកកសាងសមិទ្ធផលទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ។ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ ខ្ញុំបាទនិងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និង​មន្ត្រី​រាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូមចូលរួមសម្តែងនូវមរណទុក្ខសង្វេគសោកស្តាយ ក្រៃលែង​ជាមួយ សម្តេច​អគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងសូម​ឧទ្ទិស​បួងសួង​ដល់​ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមបានបដិសន្ធិ​ក្នុង​​សុគតិភព​កុំបី​ឃ្លៀងឃ្លាតឡើយ។សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវមនោសញ្ចេតនាប្រកបដោយ​សមានទុក្ខ​​ដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំទាំងអស់គ្នា។