Close

សារលិខិតជូនពរឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦០ឆ្នាំ ឈានចូល ៦១ឆ្នាំ

ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលប្រកបដោយក្ដីសោមនស្សរីករាយនៃការចម្រើនជន្មាយុ ៦០ឆ្នាំ ឈា​ន​ចូ​ល​​​​៦១ឆ្នាំរបស់ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រីប្រចាំការ​ នា​ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ​នឹ​ង​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និ​ង​ក្នុង​នាម​ខ្លួ​ន​ខ្ញុំ​ផ្ទា​​ល់​ និ​ង​ភរិ​យា ខ្ញុំបាទសូមសម្ដែងនូវសេចក្ដីគោរពកោតសរសើរដ៏ស្មោះជូនចំពោះ ឯកឧត្តម​ឧ​ប​នា​យករដ្ឋ​មន្ដ្រី​ប្រ​ចាំ​​​ការ ដែ​ល​​​ជានិច្ចកាលតែងលះបង់អស់ពីកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ក្នុងការដឹកនាំ​ទីស្ដី​ការគណៈ​រដ្ឋមន្ដ្រី​ ទទួល​បាន​ជោគ​ជ័​យ​​​​ថ្មី​ៗ​បន្ថែមទៀត​ ក្រោម​ការ​ដឹកនាំ​ដ៏ត្រឹមត្រូវ​ ឈ្លាស​វៃ ប៉ិនប្រសប់​ ប្រកបដោយគតិ​បណ្ឌិត​របស់ ​សម្ដេច​មហា​បវរធិបតី​ ហ៊ុន ម៉ា​ណែ​ត​​ នាយករដ្ឋមន្ដ្រី​ នៃព្រះរាជាណាចក្រកម្ពុជា​។

ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះ​រត​​ន​ត្រ័​យ​កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយ​អភិបាល​ប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រីប្រចាំការ​ និង​លោក​ជំ​ទា​វ​​ ព្រមទាំងក្រុមគ្រួសារ​ សូមមានសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខ មហាប្រសើរ ដើម្បីបន្ដ​ដឹកនាំ​ទីស្តីការគណៈរដ្ឋមន្រ្តី និងរួមចំណែក​អភិ​វឌ្ឍ​​ព្រះ​រា​ជា​ណា​ចក្រកម្ពុជា​ក្នុងបរិយាកាស​នៃសុខសន្ដិភាព​ដ៏រឹង​មាំ​ និងយូរ​អង្វែង​​​តរៀង​ទៅ​ និងសូម​សមប្រកប​ដោយ​ពុទ្ធពរ​ដ៏​ប្រសើរ​ថ្លៃថ្លា​ទាំងបួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ព័ត៌មានស្រដៀងគ្នា

គម្រោង​កាត់​បន្ថយ​ភាព​ក្រីក្រ​​បានប្រែ​ក្លាយ​ភូមិ​ដាច់ស្រយោលមួយ​របស់​ប្រទេសកម្ពុជាទៅ​ជា​ភូមិទំនើប

ស្រុកបាទី ខេត្តតាកែវ៖ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ (សារព័ត៌មានស៊ិនហួ) - គម្រោងកាត់បន្ថយភាពក្រីក្រដែលបានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២១ ផ្តល់ជំនួយដោយប្រទេសចិន បានប្រែក្លាយភូមិតាននដែលពីមុនឯកោ និងស្ងប់ស្ងាត់នៅតំបន់ដាច់ស្រយាលរបស់ប្រទេសកម្ពុជា ទៅជាភូមិទំនើបមួយ។ភូមិតាននស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ នៅចម្ងាយប្រហែល៦០គីឡូម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញ មានផ្ទៃដីសរុបចំនួន ៧២ហិកតា និងមានផ្ទះជាង១៣០ គ្រួសារ ដែលមានប្រជាជនសរុបជាង៦០០នាក់។ភូមិនេះជាភូមិតូច ដែលពីមុនមិនមានផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី សាលារៀន និងមណ្ឌលសុខភាពឡើយ ប៉ុន្តែភូមិនេះបានផ្លាស់ប្តូរទាំងស្រុង នៅពេលដែលមូលនិធិចិនសម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ (CFPD) ​​របស់ប្រទេសចិន បានផ្តល់មូលនិធិដល់គម្រោងកាត់បន្ថយភាពក្រីក្រនៅភូមិតានន ក្រោមកិច្ចសហការ និងសម្របសម្រួលអនុវត្តគម្រោងដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ប្រចាំប្រទេសកម្ពុជា។លោកស្រី ប៉ោ សុខឃីម អាយុ៥១ឆ្នាំ ជាប្រជាជនរស់នៅភូមិតានន បាននិយាយថា ជីវភាពរបស់គាត់មានភាពល្អប្រសើរឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីគម្រោងនេះត្រូវបានអនុវត្តនៅក្នុងភូមិរបស់គាត់។​ មុនពេលចាប់ផ្តើមគម្រោងនេះ គ្រួសាររបស់គាត់ទាំងមូលពឹងផ្អែកលើការធ្វើស្រែតែមួយមុខប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីគម្រោងបានចាប់ផ្តើម គាត់ក៏ចាប់ផ្តើមប្រកបរបរលក់ដូរ ចំណែកប្តីរបស់គាត់បានបើកហាងជួសជុលម៉ូតូនៅមុខផ្ទះ។លោកស្រីបានប្រាប់អ្នកសារព័ត៌មានស៊ីនហួរ កាលពីថ្ងៃអាទិត្យថា “កាលពីមុន ពួកខ្ញុំពិបាកប្រកបរបរលក់ដូរណាស់ ដោយសារមិនមានផ្លូវល្អ ផ្លូវទាំងអស់មិនមានក្រាលកៅស៊ូ និងមានធូលីហុយ ហើយមានមនុស្សតិចណាស់ធ្វើដំណើរទៅមកក្នុងភូមិនេះ”។លោកស្រីដែលជាស្រ្តីមានកូនបួននាក់បានបន្ថែមទៀតថា “ប៉ុន្តែចាប់តាំងពីប្រទេសចិនបានផ្តល់មូល​និធិ​ដល់គម្រោងកាត់បន្ថយភាពក្រីក្រនៅក្នុងភូមិរបស់ខ្ញុំមក  ប្រជាជនក្នុងភូមិមានផ្លូវបេតុង ប្រព័ន្ធលូបង្ហូរទឹក ថាម​ពល​​ពន្លឺព្រះអាទិត្យ ជាពិសេសប្រព័ន្ធទឹកស្អាត សម្រាប់ប្រើប្រាស់”។លោកស្រីបាននិយាយបន្តទៀតថា គម្រោងនេះមិនត្រឹមតែប្រែក្លាយពីភូមិក្រីក្រ និងកខ្វក់ទៅជាភូមិទំនើបមួយប៉ុណ្ណោះទេ  ប៉ុន្តែថែមទាំងបានផ្លាស់ប្តូរជីវភាពរបស់អ្នកភូមិជាច្រើន តាមរយៈការជួយពួកគាត់ឱ្យបង្កើតមុខរបរច្បាស់លាស់ សម្រាប់បង្កើនប្រាក់ចំណូលក្នុងគ្រួសារផងដែរ។អត្ថបទដកស្រង់ពី សារព័ត៌មានស៊ិនហួ (https://shorturl.at/SbJbX)បកប្រែក្រៅផ្លូវការដោយ៖ លោក ឈឹម សេរីពង្ស មន្រ្តីនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)

សារលិខិតរំលែកមរណទុក្ខគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងក្នុងនាមខ្ញុំបាទផ្ទាល់និងភរិយា​មាន​សេចក្តី​ក្តុកក្តួល និងសោកស្តាយក្រៃលែង ចំពោះដំណឹងមរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាបងប្រុសបង្កើត​ជាទីគោរព​ស្រឡាញ់​​បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ និងជាបងថ្លៃ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានទទួល​​អនិច្ចកម្មកាលពីវេលាម៉ោង ២:២៧នាទីរំលងអធ្រាត្រ ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង​​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។មរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់ដ៏ធំធេងនូវ​បងប្រុសបង្កើត បងថ្លៃ ឳពុក និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ចំពោះ ប្អូនៗ កូនៗ ចៅៗ និងក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំង​កាយចិត្ត ប្រាជ្ញាស្មារតី តស៊ូយ៉ាងសកម្ម បំពេញការងារប្រកបដោយឆន្ទៈមនសិការបម្រើឧត្តមប្រយោជន៍ ជាតិមាតុភូមិ និង​ប្រជាជន និងជាពិសេស ជាការបាត់បង់នូវពុទ្ធសាសនិកមួយរូបដែលធ្លាប់ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ក្នុងព្រះពុទ្ធសាសនា និងមានស្នាដៃ​ច្រើនរាប់មិនអស់ក្នុងការចូលរួមចំណែកកសាងសមិទ្ធផលទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ។ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ ខ្ញុំបាទនិងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និង​មន្ត្រី​រាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូមចូលរួមសម្តែងនូវមរណទុក្ខសង្វេគសោកស្តាយ ក្រៃលែង​ជាមួយ សម្តេច​អគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងសូម​ឧទ្ទិស​បួងសួង​ដល់​ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមបានបដិសន្ធិ​ក្នុង​​សុគតិភព​កុំបី​ឃ្លៀងឃ្លាតឡើយ។សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវមនោសញ្ចេតនាប្រកបដោយ​សមានទុក្ខ​​ដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំទាំងអស់គ្នា។