
ស្រុកបាទី ខេត្តតាកែវ៖ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ (សារព័ត៌មានស៊ិនហួ) – គម្រោងកាត់បន្ថយភាពក្រីក្រដែលបានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២១ ផ្តល់ជំនួយដោយប្រទេសចិន បានប្រែក្លាយភូមិតាននដែលពីមុនឯកោ និងស្ងប់ស្ងាត់នៅតំបន់ដាច់ស្រយាលរបស់ប្រទេសកម្ពុជា ទៅជាភូមិទំនើបមួយ។
ភូមិតាននស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ នៅចម្ងាយប្រហែល៦០គីឡូម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញ មានផ្ទៃដីសរុបចំនួន ៧២ហិកតា និងមានផ្ទះជាង១៣០ គ្រួសារ ដែលមានប្រជាជនសរុបជាង៦០០នាក់។
ភូមិនេះជាភូមិតូច ដែលពីមុនមិនមានផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី សាលារៀន និងមណ្ឌលសុខភាពឡើយ ប៉ុន្តែភូមិនេះបានផ្លាស់ប្តូរទាំងស្រុង នៅពេលដែលមូលនិធិចិនសម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ (CFPD) របស់ប្រទេសចិន បានផ្តល់មូលនិធិដល់គម្រោងកាត់បន្ថយភាពក្រីក្រនៅភូមិតានន ក្រោមកិច្ចសហការ និងសម្របសម្រួលអនុវត្តគម្រោងដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ប្រចាំប្រទេសកម្ពុជា។
លោកស្រី ប៉ោ សុខឃីម អាយុ៥១ឆ្នាំ ជាប្រជាជនរស់នៅភូមិតានន បាននិយាយថា ជីវភាពរបស់គាត់មានភាពល្អប្រសើរឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីគម្រោងនេះត្រូវបានអនុវត្តនៅក្នុងភូមិរបស់គាត់។ មុនពេលចាប់ផ្តើមគម្រោងនេះ គ្រួសាររបស់គាត់ទាំងមូលពឹងផ្អែកលើការធ្វើស្រែតែមួយមុខប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីគម្រោងបានចាប់ផ្តើម គាត់ក៏ចាប់ផ្តើមប្រកបរបរលក់ដូរ ចំណែកប្តីរបស់គាត់បានបើកហាងជួសជុលម៉ូតូនៅមុខផ្ទះ។
លោកស្រីបានប្រាប់អ្នកសារព័ត៌មានស៊ីនហួរ កាលពីថ្ងៃអាទិត្យថា “កាលពីមុន ពួកខ្ញុំពិបាកប្រកបរបរលក់ដូរណាស់ ដោយសារមិនមានផ្លូវល្អ ផ្លូវទាំងអស់មិនមានក្រាលកៅស៊ូ និងមានធូលីហុយ ហើយមានមនុស្សតិចណាស់ធ្វើដំណើរទៅមកក្នុងភូមិនេះ”។
លោកស្រីដែលជាស្រ្តីមានកូនបួននាក់បានបន្ថែមទៀតថា “ប៉ុន្តែចាប់តាំងពីប្រទេសចិនបានផ្តល់មូលនិធិដល់គម្រោងកាត់បន្ថយភាពក្រីក្រនៅក្នុងភូមិរបស់ខ្ញុំមក ប្រជាជនក្នុងភូមិមានផ្លូវបេតុង ប្រព័ន្ធលូបង្ហូរទឹក ថាមពលពន្លឺព្រះអាទិត្យ ជាពិសេសប្រព័ន្ធទឹកស្អាត សម្រាប់ប្រើប្រាស់”។
លោកស្រីបាននិយាយបន្តទៀតថា គម្រោងនេះមិនត្រឹមតែប្រែក្លាយពីភូមិក្រីក្រ និងកខ្វក់ទៅជាភូមិទំនើបមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លាស់ប្តូរជីវភាពរបស់អ្នកភូមិជាច្រើន តាមរយៈការជួយពួកគាត់ឱ្យបង្កើតមុខរបរច្បាស់លាស់ សម្រាប់បង្កើនប្រាក់ចំណូលក្នុងគ្រួសារផងដែរ។
លោកស្រីបាននិយាយបន្ថែមទៀតថា “ខ្ញុំសូមថ្លែងអំណរគុណដល់ប្រជាជនចិនដែលបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងភូមិរបស់ខ្ញុំ។ ខ្ញុំពិតមានអារម្មណ៍សប្បាយចិត្តណាស់ ដែលមិនអាចរកអ្វីឱ្យខ្ញុំសប្បាយចិត្តជាងនេះឡើយ” ។
លោក ទូច ស៊ាងហុង អាយុ ៥៧ឆ្នាំ បានមានប្រសាសន៍ថា កាលពីមុន អ្នកភូមិភាគច្រើនរស់នៅក្នុងភាពក្រីក្រ ដោយសារផ្លូវចេញចូលមិនសូវល្អ ជាហេតុធ្វើឲ្យអ្នកភូមិពិបាកលក់កសិផល និងសត្វចិញ្ចឹមទៅលក់នៅទីផ្សារបាន។
លោកពូបានប្រាប់អ្នកសារព័ត៌មានស៊ីនហួរថា “បច្ចុប្បន្នស្ថានភាពបានផ្លាស់ប្តូរទាំងស្រុង ដោយសារប្រជាជនលែងមានការព្រួយបារម្ភអំពីការធ្វើដំណើរទៀតឡើយ ដោយសារភូមិទាំងមូលមានផ្លូវបេតុង ដូច្នេះពួកគាត់អាចធ្វើដំណើរចេញចូលភូមិបានគ្រប់ពេល”។
លោក ស៊ាងហុង បាននិយាយថា សមិទ្ធផលដែលអ្នកភូមិទទួលបានពីគម្រោងជំនួយរបស់ប្រទេសចិន រួមមាន ថាមពលពន្លឺព្រះអាទិត្យ អគារពហុបំណង ផ្លូវបេតុង ប្រឡាយទឹក និងប្រព័ន្ធទឹកស្អាតជាដើម។
លោកពូបានបន្តថា “យើងខ្ញុំសប្បាយចិត្តណាស់ ព្រោះយើងមិនដែលទទួលបានសមិទ្ធផលទាំងនេះពីមុនមក និងសូមសម្តែងការកោតសរសើរមិត្តចិន ដែលបានលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីជួយអភិវឌ្ឍភូមិតាននរបស់យើង”។
លោក ជា មុនីឫទ្ធិ ប្រធាននាយកដ្ឋានផែនការ និងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានមានប្រសាសន៍ថា គម្រោងនេះបាននាំមកនូវការផ្លាស់ប្តូរជាច្រើនដល់ភូមិតានន ដូចជា ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការលើកកម្ពស់សុខភាព ការអប់រំ រួមទាំងបរិស្ថានបៃតង។
លោកប្រធាននាយកដ្ឋានបានប្រាប់សារព័ត៌មានស៊ីនហួថា “ដូចអ្វីដែលយើងឃើញនាពេលនេះ គ្រួសារនីមួយៗបានសាងសង់ផ្ទះបេតុងថ្មីដែលមានរបងខ្ពស់ នេះបង្ហាញឱ្យឃើញថាជីវភាពរបស់ពួកគាត់បានផ្លាស់ប្តូរពីរបៀបរស់នៅដែលមានប្រាក់ចំណូលទាប ទៅជារបៀបរស់នៅដែលមានប្រាក់ចំណូលកាន់តែប្រសើរជាងមុន”។
លោកបានបន្ថែមថា “ជំនួយរបស់ប្រទេសចិនបាននឹងកំពុងបង្កើនទំនើបភាវូបនីយកម្មសង្គមនៅក្នុងភូមិ Tតានន ដោយប្រែក្លាយភូមិនេះទៅជាភូមិកាត់បន្ថយភាពក្រីក្រគំរូ សម្រាប់ភូមិដទៃទៀត”។
លោក ជា មុនីឫទ្ធិ បានមានប្រសាសន៍ថា ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោកផងដែរ។
លោកបានបន្ថែមថា ការអភិវឌ្ឍន៍ប្រកបដោយសន្តិភាពនិយមរបស់ប្រទេសចិនបានបង្កើតនូវឱកាសសម្រាប់ពិភពលោកទាំងមូល។
អត្ថបទដកស្រង់ពី សារព័ត៌មានស៊ិនហួ (https://shorturl.at/SbJbX)
បកប្រែក្រៅផ្លូវការដោយ៖ លោក ឈឹម សេរីពង្ស មន្រ្តីនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)
ព័ត៌មានស្រដៀងគ្នា
សារលិខិតរបស់ប្រធានាធិបតី ស៊ី ជីនពីង៖ ខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព
សារលិខិតរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានរំលេចចេញនូវខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្តង់ដារខ្ពស់ កម្រិតខ្ពស់ និងគុណភាពខ្ពស់ រួមមានទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសកម្ពុជា-ចិន ការផ្តល់តម្លៃដល់មនោសញ្ចេតនា និងគុណធម៌ រួមសុខរួមទុក្ខ និងជួយយកអាសារគ្នាទៅវិញទៅមក សមភាព និងការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមទាំងបរិយាបន្ន និងការរៀនសូត្រពីគ្នាទៅវិញទៅមក។ អ្វីដែលជាការកត់សម្គាល់ ក្នុងសារលិខិតនេះក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពរបស់គម្រោងភូមិមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដែលជាគម្រោងនៃកិច្ចសហការរួមគ្នារវាង វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និង មូលនិធិចិនដេីម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD)។ដកស្រង់ចេញពីសារព័ត៌មាន Khmer Times: https://shorturl.at/jhURc
សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចមហា រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។