Close

សកម្មភាពចុះពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់អគារពហុបំណង

ភូមិតានន៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល រយៈពេលពេញមួយថ្ងៃនៃថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងាររបស់នាយកដ្ឋានផែនការ និងគម្រោងបានចុះពិនិត្យគុណភាព និងវឌ្ឍនភាពនៃដំណើរការសាងសង់អគារពហុបំណងនៃគម្រោងភូមិគំរូមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រ ស្ថិតនៅក្នុងភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ។ គិតមកដល់ពេលនេះ អគារពហុបំណងសម្រេចបាន២៣%។

គួរបញ្ជាក់ផងដែរថា អគារពហុបំណងនេះបានចាប់ផ្តើមដំណើរការពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយគ្រោងនឹងបញ្ចប់នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។ អគារនេះមានកម្ពស់២ជាន់ ទំហំបណ្តោយ១២ម៉ែត្រ និងទទឹង៤ម៉ែត្រ៥០ ព័ទ្ធដោយរបងដែកជុំវិញ។

អគារនេះគឺជា ១-មជ្ឈមណ្ឌលវិបស្សនា និងសម្មាទានសីលសម្រាប់ពុទ្ធបរិស័ទ ២-ទីជំនុំលើការងារអភិវឌ្ឍភូមិ និងការរៀបចំកម្មវិធីនានារបស់ប្រជាពលរដ្ឋ ៣-កន្លែងកំសាន្តសម្រាប់មហាជនទូទៅ ៤-បន្ទប់ទទួលភ្ញៀវជាតិនិងអន្តរជាតិ និងជាបន្ទប់ប្រជុំពិភាក្សាការងារ ៥-សារមន្ទីរផ្សព្វផ្សាយនូវរាល់សមិទ្ធផលនានារបស់ភូមិ និង៦-បន្ទប់សិក្សានិងឈ្វេងយល់ពីនវានុវត្តវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ព្រមទាំងជាបន្ទប់បណ្តុះបណ្តាលមូលធនបញ្ញារបស់ភូមិតានន។

ព័ត៌មានស្រដៀងគ្នា

ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ

ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ \"ព្រះបរមរតនកោដ្ឋ\" (១៥ តុលា ២០១២ - ១៥ តុលា ២០២៤)។ ទូលព្រះបង្គំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ​នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៅតែចងចាំជានិច្ចនូវព្រះរាជគុណូបការៈ និងវីរភាពរបស់ព្រះអង្គចំពោះជាតិ មាតុភូមិ ជានិច្ចនិរន្តរ៍។

ដំណើរទស្សនកិច្ចប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស. នៅប្រទេសចិនក្រោមក្របខ័ណ្ឌSIRONET

ក្រុងសៀងហៃ ប្រទេសចិន៖ ក្រោមកិច្ចសម្របសម្រួលពីCNIE នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤  លោកស្រី Wang Lei ប្រធានCNIE ប្រចាំក្រុងសៀងហៃ បានអមដំណើរឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានទស្សនកិច្ចនៅសារមន្ទីរពិព័រណ៍ផែនការទីក្រុងសៀងហៃ ដើម្បីឈ្វេងយល់ពីផែនការរយៈពេលវែងសម្រាប់នគរូប នីយកម្មក្នុងក្រុងសៀងហៃដោយធ្វើឱ្យមានសុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិក្នុងទម្រង់ទំនើបកម្មឌីជីថលនៃសំណង់អគារ។ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឆ្លើយតបនឹងភាពជាដៃគូរវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស.   លោកស្រី Wang Lei បានជម្រាប និងរាយការណ៍ជូន ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាលពីស្ថានភាពជាក់ស្តែងនៃសង្គមស៊ីវិលរបស់ចិននៅក្នុងក្រុងសៀងហៃក្រោមឆ័ត្ររបស់CNIEដែលបាននិងកំពុងរួមចំណែកយ៉ាងសកម្មនៅនាមជាដៃគូយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលក្រុងសៀង ហៃ និងមានលក្ខណៈបុរេសកម្មក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាសង្គមស៊ីវិលបរទេសនានា ហើយលោកស្រីបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួល និងធ្វើជាស្ពានរវាងដៃគូសង្គមស៊ីវិលរបស់ចិនក្នុងក្រុងសៀងហៃ ជាមួយនិងសង្គមស៊ីវិលនានារបស់កម្ពុជានៅក្រោមឆ័ត្ររបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល។ប្រទេសចិន៖ ល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤    លោក Shi Huifang លេខាបក្សកុម្មុយនិស្តចិនប្រចាំក្រុង​Shaoxingបានទទួលស្វាគមន៍គណៈប្រតិភូសង្គមស៊ីវិលSIRONETចំនួន១៣ប្រទេស ក្រោមការដឹកនាំពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ក្នុងឱកាសនោះ លោក Shi Huifang ក៏បានជម្រាបជូនគណៈប្រតិភូSIRONETពីប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំនៃព្រីកជីកក្នុងក្រុងShaoxing ដែលអាចផ្តល់ជាបទពិសោធន៍ដល់គណៈប្រតិភូSIRONET ឈ្វេងយល់និងដកបទពិសោធន៍ពីជំនាញនិងការគ្រប់គ្រងព្រែកជីកសម្រាប់ផ្តល់ជាសក្តានុពលបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ច-សង្គមកិច្ច និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនតាំងពីបុរាណកាលរហូតមកដល់ពេលបច្ចុប្បន្ន និងបន្តទៅអនាគត។ក្នុងនាមជាប្រធានគណៈប្រតិភូសង្គមស៊ីវិលតាមផ្លូវសូត្រ(SIRONET) ដែលមានសមាសភាពចំនួន១៣ប្រទេស (១-កម្ពុជា ២-ថៃ ៣-មីយ៉ាន់ម៉ា ៤-ឥណ្ឌូនេស៊ី ៥-នេប៉ាល់ ៦-ប៉ាគីស្ថាន ៧-ស្រីលង្កា ៨-អេហ្សីប ៩-អេស្ប៉ាញ ១០-ម៉ាឌីល ១១-ម៉ិចស៊ិក ១២-ស៊ែប៊ី និង១៣-បង់ក្លាដេស) ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)  អញ្ជើញជាវាគ្មិនកិត្តិយសក្នុងសន្និសីទស្តីពី«អរិយធម៌ព្រែកជីក» នៅក្រុងShaoxing ខេត្តជឺជាំង ប្រទេសចិន នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ជាមួយភាគីចិនដឹកនាំដោយលោក Wang Ke អគ្គលេខាធិការរងនៃបណ្តាញអង្គការក្រៅរដ្ឋាភិបាលសម្រាប់ការផ្លាស់ប្តូរអន្តរជាតិ(CNIE)។ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅក្រុងShaoxing ខេត្តZhejiang ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សា ភិបាល វ.ស.ស. និងជាតំណាងគណៈប្រតិភូសង្គមស៊ីវិល១៣ប្រទេស បានថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកបាឋកថាស្តីពី «អរិយធម៌ព្រែកជីក និងការផ្លាស់ប្តូរអន្តរជាតិ»ដែលរៀបចំឡើងដោយCNIE។ វាគ្មិនកិត្តិយស ភាគីចិនរួមមាន៖ ១-ឯកឧត្តម AI PING អនុប្រធានCNIE និងជាអតីតអនុរដ្ឋមន្ត្រី IDCPC និង២-លោក Shan Jixiang ប្រធានគណៈកម្មាធិការអ្នកឯកទេសនៃសង្គមវប្បធម៌ចិន រួមជាមួយវាគ្មិនជាច្រើនរូបនៃបណ្តាប្រទេសដែលមានបទពិសោធន៍ខាងព្រែកជីក។ បាឋកថានេះផ្តោតលើផលប្រយោជន៍ពីព្រែកជីកដែលមានគុណតម្លៃលើសពីសេដ្ឋកិច្ច ដោយចូលរួមរំលេចពីវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនផងដែរ។រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤   ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស.និងជាតំណាង     គណៈប្រតិភូសង្គមស៊ីវិល ១៣ប្រទេសបានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Wang Jian លេខាធិការ បក្សកុម្មុយនិស្តចិនប្រចាំក្រុងYiwu ខេត្តZhejiang។ ឯកឧត្តមប្រធានបានស្នើដល់ភាគីចិនពិចារណាពីការចង សម្ព័ន្ធមេត្រីភាពជាមួយក្រុង-ស្រុកនានារបស់ប្រទេសកម្ពុជាបន្ថែមពីលើកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិល។ លោក Wang Jian ក៏បានជម្រាបជូនឯកឧត្តមប្រធានពីសក្តានុពលរបស់ក្រុងពាណិជ្ជកម្មនៃផ្សារបោះដុំធំបំផុតរបស់ប្រទេសចិន និងភស្តុភារកម្មដ៏ធំបំផុតពីប្រទេសចិនទៅកាន់អឺរ៉ុបតាមរយៈផ្លូវដែក និងផ្លូវសមុទ្រ។ បន្ថែមពីលើនេះ លោក Wang Jian ក៏បានរំលេចពីផលិតផលកសិកម្មរបស់កម្ពុជាបានចូលដល់ផ្ទះបាយរបស់ប្រជាជនចិនតាមរយៈក្រុងYiwuនេះផងដែរ។ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤    ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស. និងជាតំណាងគណៈប្រតិភូសង្គមស៊ីវិល១៣ប្រទេស បានបំពេញទស្សនកិច្ចនៅសហគមន៍Jin Cheng ស្ថិតនៅក្នុងក្រុងYiwu ខេត្តZhejiang ដើម្បីឈ្វេងយល់ពីសេវាកម្មជូនដល់ជនបរទេសដែលកំពុងស្នាក់នៅក្នុងក្រុងពាណិជ្ជកម្ម។ សហគមន៍នេះមានគោលបំណងសម្រួលទិដ្ឋាការស្នាក់នៅបន្ត បង្រៀនភាសានិងវប្បធម៌ចិន ព្រមទាំងជាកន្លែងប្រជុំសន្និសីទ និងវេទិកានានា ដោយរាប់បញ្ចូលនូវបណ្ណាល័យនិងបណ្ណាល័យអេឡិចត្រូនិកថែមទៀតផង។ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤  នៅរដ្ឋធានីប៉េកាំង ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងជាតំណាងគណៈ ប្រតិភូសង្គមស៊ីវិល១៣ប្រទេស បានស្តាប់នូវបទបង្ហាញរបស់លោកស្រី Liu Ye អនុប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនៃគណៈកម្មការកែទម្រង់និងអភិវឌ្ឍជាតិស្តីពី«ការកសាងកិច្ចសហប្រតិ​បត្តិ​​ការខ្សែក្រវាត់និងផ្លូវក្រោមក្របខ័ណ្ឌសង្គមស៊ីវិល»​ និងបានពិភាក្សាយ៉ាងផុលផុសពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងសង្គមស៊ីវិលរវាងប្រទេសកម្ពុជា និងចិន។រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤  នៅរដ្ឋធានីប៉េកាំង ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងជាតំណាងគណៈប្រតិភូសង្គមស៊ីវិល១៣ប្រទេស បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Li Jun អនុប្រធានCNIE។ ភាគីទាំងពីរបន្តប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិឱ្យកាន់តែរឹងមាំបន្ថែមលើយន្តការដែលមានស្រាប់ក្នុងក្របខណ្ឌSIRONET។ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង    ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល   វ.ស.ស. និងជាតំណាងគណៈប្រតិភូសង្គមស៊ីវិល១៣ប្រទេស បាន ពិភាក្សានិងស្វែងរកកិច្ចសហប្រតិបត្តិការរវាង បណ្តាសង្គមស៊ីវិលនៃបណ្តាប្រទេសក្របខណ្ឌSIRONET  និងបណ្តាសង្គមស៊ីវិលរបស់ប្រទេសចិនក្រោមឆ័ត្រCNIE។  ឯកឧត្តមប្រធានបានថ្លែងសុន្ទរកថាគន្លឹះនិងផ្តល់អនុសាសន៍ជូនCNIEចំពោះដំណើរទស្សនកិច្ចប្រកបដោយសាមគ្គីភាព និងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីលេីយន្តការដែលមានស្រាប់។ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង    ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស. និងជាតំណាងគណៈប្រតិភូសង្គមស៊ីវិល១៣ប្រទេស ទស្សនកិច្ចប្រព័ន្ធព្រែកជីកនានា និងប្រព័ន្ធរំដោះទឹកជំនន់ក្នុងរដ្ឋធានីប៉េកាំងដែលមានប្រវត្តិជាង១ពាន់ឆ្នាំកន្លងមក។ ក្រោមកិច្ចសម្របសម្រួលពីគម្រោង Canal Work  គណ:ប្រតិភូSIRONET បានឈ្វេងយល់យ៉ាងស៊ីជម្រៅ ពីគម្រោងព្រែកជីកនាបុរាណសម័យរបស់ប្រទេសចិន។